លោក ជួន សុវណ្ណ ទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​បញ្ហា​អសន្តិសុខ​ក្នុង​រាជធានី​ភ្នំពេញ​

កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦ នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានប្រកាស​ដកហូត​តំណែង លោក ដួង វណ្ណៈ នាយប៉ុស្តិ៍​ស្ដីទី​នៃ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ការដកហូត​តំណែង​លោក ដួង វណ្ណៈ បានធ្វើ​ឡើង​ក្នុង​វេទិកាសាធារណៈ​ស្ដីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ក្រោម​អធិបតីភាព​របស់លោក ជួន សុវណ្ណ នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ នៅក្នុង​វេទិកា​នោះ​ប្រជាពលរដ្ឋ​បាន​លាតត្រដាង​ទាំងអស់​នូវ​កំហុស​របស់លោក ដួង វណ្ណៈ ហើយ​សូម្បីតែ​មន្ត្រី​អាជ្ញាធរ​សង្កាត់ ក៏​បើក​កកាយ​កំហុស​របស់​នាយប៉ុស្តិ៍​ស្ដីទី​នៃ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ភ្នំពេញ​ថ្មី​ជា​សាធារណៈ​ដែរ​។

​កំហុស​ដែល​បានលើកឡើង​ក្នុង​វេទិកា​ជា​សាធារណៈ គឺ​លោក ដួង វណ្ណៈ ក្នុងនាម​ជា​នាយប៉ុស្តិ៍​ស្ដីទី​នៃ​ប៉ុស្តិនគរបាល​រដ្ឋបាល​ស​ង្កា​ត់​ភ្នំពេញ​ថ្មី មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដូចជា ល្បែងស៊ីសង គ្រឿងញៀន និង​អំពើចោរកម្ម​ជាដើម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​។ ជាងនេះទៅទៀត​ពេលខ្លះ​ប្រជាពលរដ្ឋ​ចាប់បាន​ចោរ និង​វត្ថុតាង​យកទៅ​ប្រគល់​ឲ្យ​លោក ដួង វណ្ណៈ បែរជា​លោក ដួង វណ្ណៈ ដោះលែង​វិញ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​នាយប៉ុស្តិ៍​ស្ដីទី​រូបនេះ​ទាំងស្រុង​។ មន្ត្រី​អាជ្ញាធរ​សង្កាត់​ក៏បាន​លើកឡើង​ពី​កំហុស​របស់លោក ដួង វណ្ណៈ ផងដែរ​គឺ​នៅពេលដែល​អាជ្ញាធរ​សង្កាត់​ប្រគល់​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​ឲ្យ​លោក ដួង វណ្ណៈ បែរជា​នាយប៉ុស្តិ៍​ស្ដីទី​រូបនេះ​មិន​ទទួល​យកទៅ​ចាត់វិធានការ​តាមច្បាប់ បើទោះបី​មាន​ភស្តុតាង​មាន​សាក្សី​យ៉ាងណាក៏ដោយ​។

ទោះជា​យ៉ាងណា​មហាជន​បាន​លើកឡើងថា ស្របពេល​ដែល​លោក ជួន សុវណ្ណ ប្រកាស​ដកហូត​តំណែង​លោក ដួង វណ្ណៈ និង​មិន​ឲ្យ​មន្ត្រីនគរបាល​រូបនេះ​ឡើង​ធ្វើជា​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ភ្នំពេញ​នោះ គឺ​លោក ជួន សុវណ្ណ គួរតែ​ទទួលស្គាល់ថា​ខ្លួន​អសមត្ថភាព​ផងដែរ​។ ដោយហេតុ​ថាបើ​លោក ជួន សុវណ្ណ មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ គឺ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ចាប់ពី​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​តាម​បណ្ដា​សង្កាត់​នានា ក៏ដូចជា​អធិការនគរបាល​តាម​បណ្ដា​ខណ្ឌ​នានា​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​នោះទេ​។ ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ទទួលស្គាល់ថា ការដកហូត​តំណែង​លោក ដួង វណ្ណៈ គឺជា​ការព្រមាន​កុំ​ឲ្យ​មន្ត្រីនគរបាល​ប្រព្រឹត្ត​កំហុស​តាម​អំពើ​ចិត្ត​តទៅទៀត ហើយ​ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ការបង្ក្រាប​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ នៅក្នុង​ខណ្ឌ​សែន​សុខ មិនមែន​តែ​សង្កាត់​ភ្នំពេញ​ទេ ដែល​បទល្មើស​គ្រឿងញៀន អំពើចោរកម្ម លួច​ឆក់​ប្លន់ ចោរ​គាស់​ផ្ទះ កើតឡើង​យ៉ាង​ពេញបន្ទុក គឺ​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​សង្កាត់​មួយចំនួនទៀត​ក៏​កើតមាន​បទល្មើស​គួរ​ឲ្យ​ភ័យខ្លាច​ដែរ​៕

Pic21លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ Pic21 - Copy​លោក ដួង វណ្ណៈ