បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​តាម​បណ្ដា​ភូមិ​-​ឃុំ​មួយចំនួន នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​ទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន មិន​យកចិត្តទុកដាក់​ចាត់វិធានកា​រ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​ចោទប្រកាន់ថា មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក បាន​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ដើម្បី​ផលប្រយោជន៍​ទើប​សកម្មភាព​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច នៅតែ​កើតឡើង​ឥតឈប់ឈរ​។ ប្រសិនបើ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​មិន​បើកដៃ​ទេនោះ គឺ​អ្នកមាន​លុយ អ្នកមានអំណាច និង​ក្រុម​ជនល្មើស​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ចំណុច​ត្រពាំងវែង អូរ​ខ្លែង​ពណ៌ ត្រពាំង​ទ័​ព្ទ អង្ក្រង​សាប តា​ប៉ាល់ បុស្ស​សឿន ត្រពាំង​អ​ន្គា ភ្នំ​ក្រហម ត្រពាំង​កកោះ និង​អូរ​ស្ទឹង​ឆ្លាំង​ជាដើម​។ មន្ត្រី​អាជ្ញាធរ​ឃុំ​និង​អាជ្ញាធរ​ស្រុក​ក្នុង​តំបន់​នេះ បានដឹង​យ៉ាងច្បាស់​ពីបទ​ល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ប៉ុន្តែ​គ្មាន​អ្នកណា​ចេញមុខ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មិនតែប៉ុណ្ណោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ព្រែក​ប្រសព្វ លោក អ៊ី ស៊ី​ណែម បាន​ព្យាយាម​បិទបាំង​ការពិត​ថា ពុំមាន​បទល្មើស​កើតឡើង​ដូច​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​នោះទេ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ក្រុម​ជនល្មើស​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ ដើម្បី​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​គឺជា​អ្នក​បើកដៃ​ឲ្យ​ពួកគេ​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​ផងដែរ ព្រោះ​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ ខេត្តក្រចេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​។ វិធានការ​ទៅលើ​ក្រុម​ជនល្មើស​ដែល​ធ្វើ​សកម្មភាព​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ ក៏ដូចជា​វិធានការ​ទៅលើ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ គឺជា​ប្រការ​សំខាន់បំផុត​ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ ប្រកបដោយ​ប្រសិទ្ធភាព​៕

a-ra-trac1-500x373 M29-02-16-72 dara-pr-500x500