រដ្ឋាភិបាលថៃ មិនអនុញ្ញាត ឲ្យមានយុទ្ធនា ការប្រឆាំង នឹងសេចក្ដីព្រាង រដ្ឋធម្មនុញ្ញ

បាងកក៖ យោងតាមការលើកឡើង របស់ឧបនាយក រដ្ឋមន្រ្តីថៃ លោក វីសានុ គ្រាង៉ាម នៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា យុទ្ធនាការប្រឆាំងនឹង សេចក្ដីព្រាងច្បាប់ រដ្ឋធម្មនុញ្ញ នឹងត្រូវបាន ហាមឃាត់ លើកលែងតែនៅ ក្នុងកិច្ចពិភាក្សា ក្រោមការរៀបចំ ឡើងដោយគណៈកម្មការ រៀបចំការបោះឆ្នោត។

ទីភ្នាក់ងារសារព័ត៌មាន ថៃបាងកក ប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នេះដោយលើកឡើង សម្ដីរបស់លោក គ្រាង៉ាម បន្ដទៀតថា “ក្រុមអ្នករៀបចំ ត្រូវទទួលខុសត្រូវ រាល់ ហានិភ័យរបស់ខ្លួន ហើយយើងមាន ច្បាប់មួយចំនួន ដើម្បីដោះស្រាយ ជាមួយពួកគេដូចជា ច្បាប់ស្តីពី បទបរិហាកេរ្តិ៍ និងការជួបប្រជុំជាសាធារណៈ”។

បច្ចុប្បន្ននេះ គណៈកម្មការរៀបចំ ការបោះឆ្នោត កំពុងព្រាងច្បាប់មួយ ដើម្បីគ្រប់គ្រងការធ្វើ ប្រជាមតិតាមមូលដ្ឋាន លើច្បាប់នៃការបោះឆ្នោត រួមទាំងច្បាប់ នៃការបោះឆ្នោត ឆ្នាំ២០០៧។ ហើយក្រុមប្រឹក្សាជាតិ សម្រាប់សន្ដិភាព និងសណ្ដាប់ធ្នាប់ ហៅកាត់ថា NCPO និងគណៈរដ្ឋមន្រ្តី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានព្រមព្រៀងគ្នាធ្វើ វិសោធនកម្ម បទបញ្ជាផ្ទៃ ក្នុងឆ្នាំ២០១៤ ដើម្បីបញ្ជាក់ លក្ខណៈវិនិច្ឆ័យ លើមតិអ្នកបោះឆ្នោត “ភាគច្រើន” ។

ចំណុចទី៣៧ នៃរដ្ឋធម្មនុញ្ញ បណ្ដោះអាសន្ន បានឲ្យដឹងថា បន្ទាប់ពីសេចក្ដី ព្រាងត្រូវបានបញ្ចប់ ខ្លួននឹងដាក់ឲ្យធ្វើប្រជាមតិ និងត្រូវអនុម័ត តាមមតិបោះឆ្នោត ភាគច្រើន ហើយអាយុ អ្នកបោះឆ្នោត នឹងកំណត់ចាប់ពី ១៨ឆ្នាំឡើង គិតត្រឹមថ្ងៃធ្វើប្រជាមតិ៕

រដ្ឋាភិបាលថៃ មិនអនុញ្ញាត ឲ្យមានយុទ្ធនា ការប្រឆាំង នឹងសេចក្ដីព្រាង រដ្ឋធម្មនុញ្ញ