Bin Laden បន្សល់ទ្រព្យ សម្បត្តិតម្លៃ ២៩លានដុល្លារ ទៅឲ្យក្រុមឧទ្ទាម Jihad

បណ្តាំមរតកមួយ របស់មេដឹកនាំ អាល់កៃដាលោក Osama Bin Laden បានបន្សល់ទុក ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ប្រហែលជា ២៩លានដុល្លារ ទៅឲ្យក្រុមឧទ្ទាម សាសនាអ៊ីស្លាម Jihad បន្ទាប់ពីការស្លាប់របស់ខ្លួន នៅក្នុងហេតុការណ៍ វាយប្រហារមួយចុង ក្រោយកាលពី ឆ្នាំ២០១១។

ប្រភពព័ត៍មាន ដែលបានចេញផ្សាយ ដោយគេហទំព័ររបស់ BBC បានឲ្យដឹងថា បណ្តាំមរតករបស់លោក Laden ត្រូវបានផ្សព្វផ្សាយ ដោយសារព័ត៌មាន របស់អាមេរិក ដោយវាត្រូវបាន កងកម្លាំងអាមេរិក ដែលធ្វើប្រតិបត្តិការ តាមសម្លាប់លោក Laden ចុងក្រោយបាន រឹបអូសបាននៅក្នុងទីក្រុង Abbotabad ប្រទេសប៉ាគីស្ថាន។ នៅក្នុងឯកសារ បណ្តាំរបស់ខ្លួន បាននិយាយបញ្ជាក់ថា គ្រួសាររបស់លោក ត្រូវតែគោរព និងប្រគល់ទ្រព្យសម្បតិ្ត ទាំងនោះទៅឲ្យក្រុម Jihad ជាដាច់ខាត។

គួរបញ្ជាក់បន្ថែម ផងដែរថា បណ្តាំមរតកនេះ ត្រូវបានគេជឿជាក់ថា ត្រូវបានធ្វើឡើង នៅកំឡុងពេលដែល លោកមានវត្តមាន ទៅក្នុងប្រទេសស៊ូដង់ ប៉ុន្តែមិនមានការអះអាង ណាមួយបញ្ជាក់ថា វាជាលុយសុទ្ធឬក៏ ជាអចលនាទ្រព្យនោះទេ។ លោក Osama Bin Laden ធ្លាប់បានរស់នៅ ក្នុងប្រទេសស៊ូដង់ អស់រយៈពេល៥ឆ្នាំ ក្នុងទស្សវត្ស ឆ្នាំ១៩៩០ ដោយពេលនោះ ក្នុងនាមជាភ្ញៀវ នៃរដ្ឋាភិបាល ប្រទេសស៊ូដង់ផង៕