ក្រសួងអប់រំ ប្រកាសជ្រើសរើស កម្មសិក្សាការី បំរើការងារ ចំនួន៧រូប

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាស ជ្រើសរើស កម្មសិក្សាការី៧រូប ដើម្បីបំរើការងារ ក្នុងក្រសួង ក្នុងគោលបំណង ដើម្បីផ្តល់ឱកាស ហាត់ការងារ អនុវត្តជាក់ស្ដែងនិង ទទួលបទពិសោធន៍ សម្រាប់ការងារ នាពេលអនាគត។

សេចក្តីជូនដំណឹង របស់ក្រសួង នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការងារទាំងនោះនៅផ្នែកសំណង់ ផ្នែកច្បាប់ ផ្នែកព័ត៌មានវិទ្យា ផ្នែកភាសាអង់គ្លេស ផ្នែក ហិរញ្ញវត្ថុ និងផ្នែកទំនាក់ទំនងអន្តរជាតិ។

លក្ខណ្ឌដែលត្រូវ ជ្រើសរើសរួមមាន៖ កម្រិតវប្បធម៌យ៉ាងតិច ចាប់ពីបរិញ្ញាបត្រឆ្នាំទី៣ លើមុខជំនាញនីមួយៗ ស្របតាមតម្រូវការ នៃការជ្រើស រើសតាមផ្នែកខាងលើ , ត្រូវមានចំណេះដឹង អាចប្រើការបានសម្រាប់ ភាសាអង់គ្លេស (និយាយនិងសរសេរ) និងចេះកុំព្យូទ័រ (Ms. Word, Ms. Excel, OpenOffice, Email, Internet) ,ត្រូវមាន មធ្យោបាយធ្វើដំណើរ និងការចំណាយផ្សេងៗ ដោយខ្លួនឯងក្នុងកំឡុង ពេលបំពេញការងារ , បេក្ខនារីត្រូវបានលើកទឹកចិត្ត។

ក្រសួងអប់រំក៏បាន បញ្ជាក់ផងដែរថា កម្មសិក្សាការី ត្រូវបម្រើការងាររយៈពេលយ៉ាងតិច ០៣ខែ និងទទួលបានលិខិតបញ្ជាក់ ការងារជូនពេលបញ្ចប់ការងារ។ បេក្ខជនដែលមាន ចំណាប់អារម្មណ៍ អាចដាក់សំណុំបែបបទស្នើសុំដោយផ្ទាល់ នៅអង្គភាពលទ្ធកម្មក្រសួង តាមរយៈ លេខទូរស័ព្ទ៖ ០២៣ ២១០ ៤៦៤ ៕