​អង្គជំនុំជម្រះ​សាលាដំបូង ចាប់ផ្តើម​សវនាការ​លើ​ភ័ស្តុតាង នៅក្នុង​ប្រធានបទ​ទី​បួន នៃ​សំណុំរឿង ០០២/០២ គឺ មន្ទីរ​សន្តិសុខ និង ការ​បោសសម្អាត​ផ្ទៃក្នុង​

ភ្នំពេញ: ​នៅ​ថ្ងៃ​ពុធ ទី​២ ខែមីនា ឆ្នាំ​២០១៦ អង្គជំនុំជម្រះ​សាលាដំបូង នឹង​ចាប់ផ្តើម​សវនាការ​លើ​ភ័ស្តុតាង ក្នុង​ប្រធានបទ​ទី​បួន​នៃ​សំណុំរឿង ០០២/០២ គឺ មន្ទីរ​សន្តិសុខ និង ការ​បោសសម្អាត​ផ្ទៃក្នុង​។

យោងតាម​ដីកា​ដំណោះស្រាយ​ដែល​ចោទប្រកាន់​លើ នួន ជា និង ខៀវ សំផន បក្សកុម្មុយនិស្ត​កម្ពុជា​បាន​បំផ្លាញ​រចនាសម្ព័ន្ធ​ច្បាប់ និង តុលាការ​របស់​ប្រទេស​កម្ពុជា ហើយ​ដាក់ជំនួស​វិញ​នូវ​ប្រព័ន្ធ​មន្ទីរ​សន្តិសុខ និង ទីកន្លែង​សម្លាប់​មនុស្ស ដើម្បី​ឃុំខ្លួន កសាង ឬ សម្លាប់​ជន​ដែល​ជាប់​សង្ស័យថា​ជា​ខ្មាំង​។ នៅត្រឹម​ឆ្នាំ ១៩៧៩ មន្ទីរ​សន្តិសុខ​ប្រហែល ២០០ កន្លែង និង  ទីកន្លែង​សម្លាប់​មនុស្ស​រាប់មិនអស់​ត្រូវបាន​ចោទថា​បាន​បង្កើតឡើង​នៅ​គ្រប់​ភូមិភាគ​ទូទាំងប្រទេស​កម្ពុជា និង នៅតាម​ថ្នាក់​ផ្សេងៗ​នៃ​រចនាសម្ព័ន្ធ​រដ្ឋបាល និង យោធា​របស់​បក្សកុម្មុយនិស្ត​កម្ពុជា​។​

​ចាប់ពី​ថ្ងៃ​ពុធ ទី​២ ខែមីនា ឆ្នាំ​២០១៦ តទៅ អង្គជំនុំជម្រះ​សាលាដំបូង នឹងធ្វើ​សវនាការ​ដេញដោល​លើ​ភ័ស្តុតាង​ទាក់ទង​នឹង​មន្ទីរ​សន្តិសុខ​ចំនួន ៣ កន្លែង គឺ​មន្ទីរ​សន្តិសុខ​អូរ​កន្សែង​នៅ​ខេត្តរតនគិរី មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល នៅ​ខេត្តមណ្ឌលគិរី និង មន្ទីរ​សន្តិសុខ ស​-២១ នៅ​ភ្នំពេញ​។ សវនាការ​នេះ​គឺជា​សវនាការ​បន្ថែម​លើ​មន្ទីរ​សន្តិសុខ ៣ កន្លែង​ផ្សេងទៀត​ដែល​អង្គជំនុំជម្រះ​បានធ្វើ​សវនាការ​រួចហើយ​នៅក្នុង​សំណុំរឿង ០០២/០២ គឺ​មន្ទីរ​សន្តិសុខ​ក្រាំង​-  តា​ចាន់​នៅ​ខេត្តតាកែវ មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន​នៅ​ភូមិភាគ​កណ្តាល និង មន្ទីរ​សន្តិសុខ​ភូមិ​ទ្រា​នៅ​ភូមិភាគ​បូព៌ា​។​

​អង្គជំនុំជម្រះ​សាលាដំបូង បាន​ស្តាប់​សក្ខីកម្ម​សាក្សី​ចំនួន ៦៨ រូប ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន ៣៧ រូប និង អ្នកជំនាញ​ចំនួន ២ រូប សម្រាប់​សវនាការ​ចំនួន ១៥០ ថ្ងៃ​។ បន្ទាប់ពី​អង្គជំនុំជម្រះ​សាលាដំបូង​បញ្ចប់​សវនាការ​ស្តីពី​មន្ទីរ​សន្តិសុខ និង ការ​បោសសម្អាត​ផ្ទៃក្នុង​រួចហើយ ប្រធានបទ​បន្ទាប់ (​ប្រធានបទ​ទី​ប្រាំ​) នៃ​សវនាការ គឺពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​អំពី​ការរៀប​ការ​ដោយ​បង្ខំ​នៅក្រោម​របប​ខ្មែរក្រោម​។ បន្ទាប់ពី​ប្រធានបទ​នេះ អង្គជំនុំជម្រះ​សាលាដំបូង នឹងធ្វើ​សវនាការ​លើ​ភ័ស្តុតាង​ស្តីពី​ជម្លោះ​ប្រដាប់អាវុធ​រវាង​ប្រទេស​កម្ពុជា ជាមួយនឹង​ប្រទេស​វៀតណាម ហើយ​ចុងក្រោយ​បំផុត នឹង​ងាក​មក​ផ្តោតលើ​តួនាទី​របស់ នួន ជា និង ខៀវ សំផន​។ អង្គជំនុំជម្រះ​រំពឹងថា សវនាការ​លើ​ភ័ស្តុតាង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ ហើយ​សាលក្រម​នឹង​ប្រកាស​នៅក្នុង​ឆ្នាំ ២០១៧​។​