ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Alexadro Pato អាច​នឹង​ចូល​លេង​ឲ្យ​ក្លិប​តោខៀវ​ក្នុង​ពីរប្រកួត​ខាងមុខ

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីលថ្មី​របស់ក្លិបតោខៀវ Chelsea គឺកីឡាករ Alexandre Pato អាច​នឹង​ចូលលេង​ជាលើក​ដំបូង​នៅ​ក្នុង​ពីរ​ប្រកួត​ខាង​មុខ ខណៈ Diego Costa អាចនឹងត្រូវសម្រាក​ពីការលេងវិញ។ នេះបើយោង​តាម​ការ​ឲ្យ​ដឹងរបស់គ្រូបង្វឹក លោក Guus Hiddink។

alexander-patoChelsea ​បាន​ចុះកិច្ចសន្យា​ខ្ចីជើង ​Pato ពីក្លិប Corinthians កាល​ពី​ខែ មករា រហូត​ដល់​ចប់​រដូវកាល​នេះ ក៏ប៉ុន្តែ​ក្នុងអំឡុង​ពេល​ពីរ​ខែ​កន្លងទៅ​នេះ រូបគេ​ពុំទាន់​បាន​ចូល​លេង​ឲ្យ​ក្លិបនោះឡើយ ហើយ​ក្លិប​ក៏​ពុំ​ទាន់​ស្គាល់ពាក្យ​ថា «ចាញ់» ដែរ​តាំង​ពីពេល​ដែល​គេ​បាន​មក​ដល់​។​ លោក Hiddink បាន​និយាយ​​​​មុន​ជំនួប​ជាមួយ​នឹង Norwich City ថា៖ «Pato កំពុង​តែ​ស្រេកឃ្លាន​ចង់ចូល​លេង​ជាខ្លាំង ហើយ​ជា​ការពិតណាស់ ក្រុម​ខ្សែប្រយុទ្ធ​របស់​យើង​អាច​ប្រកួត​ប្រជែង​នឹង​ក្រុម​ដទៃ​ទៀត​បាន​យ៉ាង​ល្អ និងស្ថិត​នៅ​ក្នុង​បរិយាកាសដ៏ល្អផងដែរ ជាមួយ​នឹង Diego ស្ថិត​នៅលេខ១»។

John Terry ដែល​កំពុង​តែ​ជាសះស្បើយពី​របួស សរសៃពួរគន្លាក់ជើង បាន​ចាប់​ផ្តើម​រត់​ដូច​មុន​បាន​ហើយ ហើយ​គេ​អាច​នឹង​វិល​ត្រលប់មក​លេង​នៅ​ថ្ងៃ​សៅរ៍​ ដែល Chelsea នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស្វាគមន៍ Stoke City ក៏ប៉ុន្តែ លោក Hiddink ពុំច្បាស់ថា ខ្សែបម្រើស្លាប Pedro នឹង​ត្រូវ​សម្រាក​ព្យាបាល​របួស​រហូត​ដល់​ពេលណា​នោះឡើយ៕