គួរតែ​ប្រយ័ត្ន​ពី​អ្វី​ពេល​ស្ថិត​ក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ​ចុងក្រោយ​?

គួរតែ​ប្រយ័ត្ន​ពី​អ្វី​ពេល​ស្ថិត​ក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ​ចុងក្រោយ​?

​ដំណាក់កាល​មាន​ផ្ទៃពោះ​ចុងក្រោយ មានន័យថា​ជា​ដំណាក់កាល​ដែល​អ្នក​ជិត​ដល់​ខែ​ឆ្លងទន្លេ​ហើយ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​គ្រប់​រឿង​ចៀសវាង​ការ​មាន​គ្រោះថ្នាក់​។ ដូចនេះ​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ខ្លះ​ទៅ​?

ពិនិត្យ​ផ្ទៃពោះ​
នៅពេល​ដែល​អ្នក​ចូល​ដល់​ដំណាក់កាល​ចុងក្រោយ​នេះ អ្នក​ត្រូវ​តែ​ទៅ​ពិនិត្យ​២​អាទិត្យ​ម្តង ដើម្បី​ពិនិត្យមើល​ការលូតលាស់​របស់​កូន ថែម​ទាំង​ពិនិត្យមើល​ទីតាំង​របស់​កូន​ថា​តើ​គេ​នៅ​ក្នុង​កន្លែង​ដែល​ត្រឹមត្រូវ​ឬ​នៅ​។​

ថ្នាំ​
នៅពេល​ដែល​អ្នក​ដល់​ខែ​ជិត​សម្រាលកូន អាការៈ​ហើមជើង​គឺជា​រឿង​ធម្មតា​ទេ ដូចនេះ​អ្នក​មិនគួរ​បា​រម្ហ​ខ្លាំង​នោះទេ ឲ្យតែ​អ្នកសម្រាក​ឲ្យបាន​គ្រប់ នោះ​អ្នក​នឹងមាន​អា​ការៈធូរ ប៉ុន្តែ​បើ​សម្ពាធ​ឈាម​អ្នក​ឡើង​ខ្ពស់ អ្នក​ត្រូវ​តែ​យក​ថ្នាំ​ពី​គ្រូពេទ្យ ដោយ​មិន​ត្រូវ​ផឹក​ថ្នាំ​ផ្តេសផ្តាស​ឡើយ​។​

ការដើរ​
នៅពេល​ដែល​អ្នកដើរ អ្នក​ត្រូវ​ទប់​លំនឹង​ខ្លួន​ឲ្យ​នឹង ទើប​អ្នក​មិន​ដួល​ដោយសារ​តែ​ពោះធំ​ពេក ម្យ៉ាងទៀត​ត្រូវតែដើរ​នៅ​ផ្លូវ​ដែល​រាបស្មើរ ហើយក៏​មិន​ត្រូវ​ពាក់​ស្បែកជើង​កែង​ដែរ ត្រូវតែ​ពាក់​ស្បែកជើង​រាបស្មើរ​ទើប​អាច​ចៀស​ពី​គ្រោះថ្នាក់​ផ្សេងៗ​បាន​។​

ហាត់ប្រាណ​
អ្នក​ត្រូវតែដើរ​ឲ្យបាន​ច្រើន ទើប​អ្នក​ងាយស្រួល​សម្រាលកូន​តាម​ធម្មជាតិ ដោយ​មិន​ចាំបាច់​ប្រើ​ការវះកាត់​ឡើយ​។​

ពេល​ចេញ​ក្រៅ​
នៅពេល​ដែល​អ្នក​ចង់​ចេញ​ទៅ​ក្រៅ អ្នក​ត្រូវតែ​រក​មនុស្ស​ម្នាក់​កំដរ​អ្នក ហើយ​មិន​ត្រូវ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​នោះ​ទេ ជាង​នេះ​ទៅទៀត​ក៏​មិន​ត្រូវ​ជិះឡាន​យូរ​ដូចគ្នា​ដែរ វា​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​អ្នក និង​កូន​ក្នុង​ផ្ទៃ​។​

អាហារ​
បើ​និយាយ​ចំពោះ​អាហារ​វិញ អ្នក​ត្រូវ​តែ​បរិភោគ​តិច ប៉ុន្តែ​ចែក​ជា​ច្រើន​ពេល ហើយ​មិន​ត្រូវ​ទៅ​បរិភោគ​នៅ​ខាងក្រៅ​ច្រើន​ឡើយ ត្រូវ​តែ​ចេះ​រក្សា​បរិមាណ​នៃ​អាហារ​របស់​អ្នក​។​

ការងារ​
ប្រសិន​ជា​អ្នក​ត្រូវ​អង្គុយ​ធ្វើការ​ក្នុង​រយៈពេល​យូរ អ្នក​ត្រូវ​រក​អ្វី​ដើម្បី​ទ្រ​ជើង​អ្នក​ឡើង ហើយ​ត្រូវតែ​ស្លៀកពាក់​ខោអាវ និង​ស្បែកជើង​ដែល​ធ្វើឲ្យ​អ្នក​យល់​ថា​ស្រួលខ្លួន ម្យ៉ាងទៀត​ក្រោយពេល​ដែល​អ្នក​ធ្វើ​ការបា​ន​មួយ​រយៈពេល អ្នក​គួរតែ​ក្រោក​ឡើង​មក​ឈរ ឬ​ដើរ​ហាត់ប្រាណ ជាងនេះទៅទៀត​ត្រូវតែ​ផឹកទឹក​ឲ្យបាន​ច្រើន ហើយ​មិន​ត្រូវ​ទប់​នោម​នោះទេ ចំនុច​សំខាន់​គឺ​អ្នក​ត្រូវ​តែ​ចេះ​ទម្លាក់​សម្ពាធ​ការងារ​ចុះ​ខ្លះ​ទើប​វា​មិន​ប៉ះពាល់​ដល់​អ្នក និង​កូន​ក្នុង​ផ្ទៃ​។​

រក្សា​អនាម័យ​
អនាម័យ​គឺ​សំខាន់បំផុត ដូចនេះ​អ្នក​ត្រូវតែ​មាន​អនាម័យ​គ្រប់ពេល​ទើប​អ្នក និង​កូន​គ្មាន​គ្រោះថ្នាក់ ហើយ​អ្នក​ក៏​មិន​ងាយ​មាន​ជំងឺឆ្លង​ដោយសារតែ​មេរោគ​ផ្សេងៗ​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។