អ្នកនេសាទ ហ្វីលីពីន៖ ចិនបិទមិនឲ្យ ចូលក្នុងតំបន់ កោះមានជម្លោះ នៅសមុទ្រចិន ខាងត្បូង

ម៉ានីល៖ យោងតាមសេចក្ដីរាយការណ៍ ប្រប័ន្ធផ្សព្វផ្សាយ ហ្វីលីពីន នៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា ចិន បានដាក់ពង្រាយ នាវាចម្បាំងចំនួន ៥គ្រឿងជុំវិញ កោះមានជម្លោះ ក្នុងសមុទ្រ ខាងត្បូង ដើម្បីការពារមិនឲ្យ អ្នកនេសាទហ្វីលីពីន ចូលធ្វើការនេសាទ ប្រពៃណីក្នុងតំបន់នោះ។

ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia ចេញផ្សាយថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា ចលនាមួយនេះ ទំនងជាធ្វើឲ្យមានភាព តានតឹងក្នុងតំបន់ មានជម្លោះ ដោយឡែក ទស្សនាវដ្ដីផ្កាយហ្វីលីពីន បានឲ្យដឹងទៀតថា ចិន ចាប់ផ្ដើមដាក់ពង្រាយ នាវាចម្បាំងទៅកាន់កោះ គ្វីរីណូ ដែលត្រូវបានគេស្គាល ថាជាកោះ ជេកសុន បន្ទាប់ពីទូកនេសាទ មួយគ្រឿង នាពេលថ្មីៗនេះ បានចូលទៅកាន់តំបន់ក្បែរនោះ ដែលនេះជាការអះអាង ពីអ្នកនេសាទ និងមន្រ្តីក្នុងតំបន់នោះ។

ប្រភពខាងលើបានបន្ដទៀតថា នាវាទាំងនោះមានមូលដ្ឋាន នៅតំបន់ជាង ១ខែមកហើយ ថែមទាំងមានវត្តមាន នាវាចម្បាំងច្រើនទៀតផង។ តាមការលើកឡើង របស់យោធាហ្វីលីពីន បានឲ្យដឹងថា ខ្លួនក៏បានទទួល សេចក្ដីរាយការណ៍ ពាក់ព័ន្ធនឹងវត្តមាន នាវាចម្បាំងនៅក្នុងតំបន់នេះ។ គួរបញ្ជាក់ថា សកលលោក យល់ឃើញថា វាជាសកម្មភាពលេប ត្របាក់ទឹកដីរបស់ចិន នៅតំបន់នោះទៅវិញទេ៕

អ្នកនេសាទ ហ្វីលីពីន៖ ចិនបិទមិនឲ្យ ចូលក្នុងតំបន់ កោះមានជម្លោះ នៅសមុទ្រចិន ខាងត្បូង