ស្ត្រី​ខ្មែរ​រងគ្រោះ​នៅ​ម៉ាឡេស៊ី​ពីរ​នាក់​រៀបរាប់​ពី​ទុក្ខ​លំបាក​ពេល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ

ស្ត្រី​ខ្មែរ​ពីរ​នាក់​ដែល​អះអាង​ថា បាន​ចាញ់​បោក​ក្រុមហ៊ុន​ជ្រើសរើស​ពលករ១៦៨ មេនផៅវ័រ សឹបផ្លាយ (168 Manpower Supplier) នាំ​ទៅ​ធ្វើ​ការ​ខុសច្បាប់ ហើយ​បណ្ដាល​ឲ្យ​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ ត្រូវ​បាន​សមាគម​អាដហុក (ADHOC) សហការ​ជាមួយនឹង​ស្ថាន​ទូត​ខ្មែរ បាន​ជួយ​សង្គ្រោះ និង​បញ្ជូន​មក​ដល់​ស្រុក​ខ្មែរ​វិញ​ហើយ នៅ​ថ្ងៃ​ទី២ ខែ​មិនា ឆ្នាំ​២០១៦។

ស្ត្រី​ខ្មែរ​ពីរ​រូប​នេះ អះអាង​ថា អស់​រយៈ​ពេល​៦ខែ ថៅកែ​ជនជាតិ​ម៉ាឡេស៊ី បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង គ្មាន​ពេល​សម្រាក និង​បាន​វាយ​ដុំ​ទាត់​ធាក់​រាល់ថ្ងៃ និង​មិន​បើក​ប្រាក់​ខែ​ឲ្យ​ឡើយ ទើប​បង្ខំ​ចិត្ត​រត់​គេច​រហូត​ដល់​អាជ្ញាធរ​ម៉ាឡេស៊ី ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​៦ខែ​ទៀត ។ពួកគេ ក៏​ត្រូវ​បាន​ប៉ូលិស​ម៉ាឡេស៊ី ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ក្នុង​ពន្ធនាគារ​ដែរ។

បច្ចុប្បន្ន​ស្ត្រី​ទាំង​ពីរ​នាក់ កំពុង​មាន​ជំងឺ​ទាំង​ផ្នែក​រាងកាយ និង​ស្មារតី។ ពួកគេ​ទទូច​ឲ្យ​រដ្ឋាភិបាល​ជួយ​ចាប់ ថៅកែ​ក្រុមហ៊ុន​១៦៨ មេនផៅវ័រ សឹបផ្លាយ ដើម្បី​ផ្ដន្ទាទោស និង​សង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់​៦លាន​រៀល ដែល​បាន​បោកប្រាស់​ពួកគេ ឲ្យ​ទៅ​ធ្វើការ​ខុសច្បាប់ និង​លក់​ដូរ​ពួក​គេ​ដូច​សត្វធាតុ។

ស្ត្រី​ទាំងពីរ​នាក់ ដែល​ជាប់​ពន្ធនាគារ​នោះ រស់​នៅ​ក្នុង​ស្រុក​មេសាង ខេត្ត​ព្រៃវែង។ មុន​ទៅ​ម៉ាឡេស៊ី ពួកគេ ជា​កម្មការិនី​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ដោយសារ​បាន ប្រាក់​ខែ​តិច គ្រួសារ​ក្រីក្រ​ផង ទើប​សម្រេច​ចិត្ត​ចំណាកស្រុក​ទៅ​ម៉ាឡេស៊ី​តាមរយៈ​ក្រុមហ៊ុន ដោយ​សង្ឃឹម​ថា បាន​ប្រាក់ខែ​ខ្ពស់​គ្រាន់​ជួយ​ផ្គត់ផ្គង់​គ្រួសារ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។