ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​នូវ​ការ​ទទួលស្គាល់​ចំពោះ​បណ្តាញ​ទំនាក់ទំនង​សង្គម​សំខាន់ Facebook បាន​នឹង​កំពុង​ក្លាយជា​មធ្យោបាយ​ដ៏​ពេញ​និយម សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ចាប់តាំងពី​អ្នក​លក់ដូរ អាជីវករ អ្នកជំនួញ​ធំ​ៗ កម្មករ សិស្ស និស្សិត បញ្ញវ័ន្ត មន្ត្រីរាជការ​រហូត​ដល់​អ្នកនយោបាយ ។ ប៉ុន្តែ​ហ្វេ​ស​ប៊ុ​ក ក៏​មាន​ជ្រុង​អវិជ្ជមាន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ។

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ចូលរួម​ក្នុង​សន្និបាត​បូក​សរុប​ការងារ​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍​ឆ្នាំ​២០១៥ និង​ទិស​ដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៦ របស់​ក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​២ មីនា ២០១៦ នៅ​ទីស្តីការក្រសួង ។

លោក​ខៀវ កា​ញា​រី​ទ្ធ បាន​ថ្លែង​ថា ចំពោះ​បណ្តាញ​ទំនាក់ទំនង​សង្គម ជា​ពិសេស​ហ្វេ​ស​ប៊ុ​កបាន​ក្លាយជា​មធ្យោបាយ​ដ៏​ពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ រួម​ទាំង​អ្នកនយោបាយ​ផង​ដែរ ។ ដូច្នេះ​ហើយ​ទើប​យើង​មើលឃើញ​ថា អ្នកនយោបាយ​កំពុង​តែ​ច្បាម​យក​ហ្វេ​ស​ប៊ុ​ក ធ្វើ​យក​ឧបករណ៍​ឃោសនា​ដ៏​មុត​ស្រួច​របស់​ខ្លួន ក្នុង​ការ​អូស​ទាញ​អ្នកគាំទ្រ និង​វាយប្រហារ​លើ​គូរ​ប្រជែង​របស់​ខ្លួន។