ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ យុវជន​ញៀន​ថ្នាំ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​១​ចាប់ខ្លួន បន្ទាប់​ពី​មាន​ឥទ្ធិពល​ជាតិ​ថ្នាំ​ញៀន​រើ​ឡើង​ដើរ​រករឿង​អុកឡុក​ក្នុងផ្ទះ និង​ទាញ​កាំបិតប៉័ងតោ​ដេញ​កាប់​ម្តាយ និង​បងប្រុស ព្រោះ​ខឹង​សុំ​ប្រាក់​១​ម៉ឺន​រៀល យក​ទៅ​ទិញ​ថ្នាំ​ញៀន​មិន​បាន ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១០២៣ ក្រុម​​ទី​៦ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​ឈ្មោះ​ស្រេ​ន អា​រី​ហ្វី​ន អាយុ​២៣​ឆ្នាំ ជនជាតិ​អ៊ិ​ស្លា​ម ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។ ចំណែក​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​ឡិ​ប ហ្វា​ក់ អាយុ​៦៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ជា​ដើរ​លាងចាន​តាម​ហាង​គុយទាវ ។

តាម​នគរបាល​ប៉ុស្តិ៍​ឱ្យ​ដឹង​ថា យុវជន​រូប​នោះ ជា​មនុស្ស​ញៀន​ថ្នាំ​ជា​យូ​មក​ហើយ កាលពី​ថ្ងៃ​ទី​១ ជនសង្ស័យ​បាន​ចេញពីផ្ទះ​បាត់​មួយ​យប់ ដោយ​ម្តាយ​សង្ស័យ​ថា ទៅ​ជួប​មិត្តភក្តិ​ដែល​ប្រើប្រាស់​ថ្នាំ​ញៀន ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា វេលា​ម៉ោង​៥ និង​១៥​នាទី​ព្រឹក​ព្រលឹម ក៏​ត្រឡប់​មក​ផ្ទះ​វិញ និង​បាន​សុំ​ប្រាក់​ពី​ម្តាយ​ចំនួន​១​ម៉ឺន​រៀល តែ​ត្រូវ​ម្តាយ​មិន​ព្រម ថែម​ទាំង​ស្តីបន្ទោស​ថា គិតតែ​ពី​ដើរ​លេង ។

ពេល​នោះ ជនសង្ស័យ​ក៏​បាន​អុកឡុក​ក្នុងផ្ទះ​ស្រែក​ឡូឡា ហើយ​បាន​ទាញ​កាំបិតប៉័ងតោ​ល​ដេញ​កាប់​បងប្រុស​របស់​ខ្លួន​ឈ្មោះ​ស្រេ​ន សឹក​គ្រី​យ៉ា និង​ម្តាយ​បង្ក​ឱ្យរ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែ​ម្តង ។ ភ្លាម​ៗ ត្រូវ​បាន​អ្នក​ជិតខាង​បាន​ទៅ​ឃាត់ ត្រូវ​ជន​នោះ​គំរាមរ​កកាប់​ទៀត ហើយ​ត្រូវ​បាន​ម្តាយ និង​អ្នក​ជិតខាង​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង​។