លោក សុខ អាន ជំរុញ​ឲ្យ​​កម្ពុជា​បន្ថែម​ការ​​ខំ​ប្រឹង ត្រៀម​ស៊ីហ្គេម ឆ្នាំ​២០២៣

លោក​ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុកទីស្តី​ការគណៈ​រដ្ឋមន្រ្តី បាន​ធ្វើ​ការ​ប្រកាស​ជា​សាធារណៈ​ជា​លើក​ដំបូង​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ​ផ្នែក​កីឡា​នៅ​កម្ពុជា ជាពិសេស​​ថ្នាក់​ដឹកនាំ​ស្ថាប័ន​កំពូលៗ ឲ្យ​បន្ត​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​កាន់​តែ​ខ្លាំង បើ​ចង់​ឲ្យ​កម្ពុជា ទទួល​បាន​លទ្ធ​ផល​ល្អ ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣។

sok-annការ​ក្រើន​រំឭក​ជា​សាធារណៈ​ដ៏​កម្រ​នេះ​ត្រូវ​​បាន​ធ្វើ​ឡើង ក្នុង​ពិធី​បិទ​​ការ​ប្រកួត​កីឡា​ប៉េតង់​ពាន​រង្វាន់ សុខ អាន លើក​ទី​៦ ប្រចាំ​ឆ្នាំ​២០១៦ នៅ​ទី​លាន​វាយ​ប៊ូល និងប៉េតង់​កម្ពុជា នៃ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ពិធី​នោះ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ផ្នែក​កីឡា​នៅ​កម្ពុជា។ លោក​បណ្តិត​សភាចារ្យ សុខ អាន បាន​​​ថ្លែង​ទៅកាន់​ស្ថាប័ន​ពាក់​ព័ន្ធ ក្នុង​ពេល​នោះ​​​ថា៖​«ដើម្បី​ឲ្យ​ការ​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ត្រូវ​​ធ្វើ​ជា​​ម្ចាស់​ផ្ទះ ​ទទួល​បានលទ្ធ​ផល​ល្អ​​ប្រសើរនោះ កម្ពុជា​ត្រូវ​ខិតខំ​បន្ថែម​ទៀត ដោយ​ត្រូវ​មាន​ផែន​ការ និង​យុទ្ធ​សាស្រ្ត​ច្បាស់​លាស់ ហើយ​ទាម​ទារ​ឲ្យ​មាន​កិច្ចសហការ​កាន់​តែ​ជិត​ស្និទ្ធ និង​ល្អ​ប្រសើរ​​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​សហព័ន្ធ​កីឡា​ជាតិ ទាំង​អស់»។

លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡាប៊ូល​និង​ប៉េតង់កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ថ្នាក់​ក្រោមនៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ពង្រីក​ពី​សកម្ម​ភាព​នៃ​ការ​ប្រកួត​កីឡា​ប៉េតង់ ឲ្យ​កាន់​តែ​ធំ ដើម្បី​ជ្រើស​រើស​អ្នក​មាន​ទេព​កោសល្យ ផង​ដែរ។​ លោក​ឧបនាយក​រដ្ឋមន្រ្តី បាន​ថ្លែង​​នៅ​ចំពោះ​មុខ​​ថ្នាក់​ដឹក​នាំ​កីឡា គ្រូ​បង្វឹក និង​អត្ត​ពលិកកីឡា​ប៊ូល និង​ប៉េតង់ នា​ពេល​នោះ​ថា៖​«សម្រាប់​កីឡា​ប៉េតង់ ការ​ប្រកួត​នឹង​រៀប​ចំ​ឲ្យ​មានការ​​ប្រកួតនៅ​គ្រប់​ខេត្តចាប់​ពី​ឆ្នាំ២០១៦នេះ​ទៅ។ ក្រសួង​ ត្រូវ​រៀបចំ​ឲ្យមាន​ការ​ប្រកួតកីឡា​ប៉េតង់​​ក្របខ័ណ្ឌ​សិស្ស គឺ​មាន​ន័យ​ថា នៅ​តាម​វិទ្យាល័យ និង​អនុវិទ្យាល័យ ដើម្បី​ជ្រើសរើសយុវជន​កីឡាករ និង​កីឡាការិនី​ ដែល​មាន​អាយុ​ក្រោម​១៧​ឆ្នាំ​ទៅ​បណ្តុះ​បណ្តាល​បន្ថែម ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ ព្រោះ​កីឡានៅ​តាម​សាល​​ជាថ្នាល​​ធំ​ណាស់​ ក្នុង​ការ​ជ្រើស​រើស​យក​អ្នក​មាន​ទេព​កោសល្យ ដ៏​ពិត​ប្រាកដ សម្រាប់​ត្រៀម​ឆ្នាំ​២០១៣»។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​សម្រេច​ធ្វើ​ការ​ប្រមូល​ផ្តុំ​​ក្រុម​យុវជន​ជា​ថ្នាល អាយុ​ក្រោម១៣​ឆ្នាំ​ដល់​១៧ឆ្នាំ​​ នៅ​​លើ​ប្រភេទ​កីឡា​ចំនួន​៩ រួម​មាន​បាល់​ទាត់ ប៉េតង់ ហែល​ទឹក តេក្វាន់ដូ បាល់បោះ ចំបាប់ អត្ត​ពលិក បាល់ទះ និង​ប្រដាល់ ដើម្បី​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣៕