ចៅ​អធិការ​វត្ត​ស្វាយជ្រំ​បង្ហាញ​ពី​ការ​កសាង​កីឡដ្ឋាន​ស្វាយ​ជ្រំ​

ព្រះ​តេជគុណ​ ព្រះ​សិរី​សម្មតិវង្ស​ លន់ សុគន្ធា​ ព្រះ​រាជា​គណៈ​ថ្នាក់​ត្រី​ ព្រះ​ធម្ម​ធម៌​គណ​ខេត្ត​កណ្តាល​ និង​​ជា​ព្រះ​អនុគណ​ស្រុក​ខ្សាច់​កណ្តាល​ ព្រម​ទាំង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ស្វាយ​ជ្រំ​​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​បាន​កំពុង​​ជួសជុល​​កីឡដ្ឋាន​​បាល់ទាត់​​វត្ត​ស្វាយ​ជ្រំ​​ដើម្បី​​ប្រយោជន៍​ដល់​សង្គម​កីឡា។

 

ចៅ​អធិការ​វត្ត​ស្វាយជ្រំ​បង្ហាញ​ពី​ការ​កសាង​កីឡដ្ឋាន​ស្វាយ​ជ្រំ​

 

ព្រះ​តេជ​គុណ​ លន់ សុគន្ធា​ ​សង្ឃ​ដីកា​ថា​ ​វិស័យ​កីឡា​នៅ​ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់​កណ្តាល​នេះ​មិន​មែន​​ផុលផុស​​​នា​ពេល​បច្ចុប្បន្ន​​​នេះ​ទេ​ ​ប៉ុន្តែ​​ល្បី​ល្បាញ​​យូរ​មក​ហើយ។ ​ក្នុង​វត្ត​ស្វាយ​ជ្រំ​នេះ​មាន​តារាង​បាល់ទាត់​មួយ​ឈ្មោះ​ថា ​តារាង​បាល់ទាត់​វត្ត​ស្វាយ​ជ្រំ​​ដែល​​ជា​កេរ្តិ៍​ដំណែល​ពី​ព្រះ​សព​​ព្រះ​នាម ម៉ម​ សុខ​ ព្រះ​អង្គ​ទុក​ដី​នេះ​សម្រាប់​យុវជន​ក្នុង​ឃុំ​​បាន​លេង​កីឡា​ដែល​រហូត​ដល់​ពេល​នេះ​ក៏​នៅ​តែ​មាន​សកម្មភាព​កីឡា​កាន់​តែ​ខ្លាំង​ឡើង។

ព្រះ​អង្គ​បន្ត​ថា ​បច្ចុប្បន្ន​នេះ​​មាន​​កីឡាករ​បាល់ទាត់​ល្អ​​ៗ​ជា​ច្រើន​​​កំពុង​ប្រកប​អាជីព​​នៅ​តាម​បណ្ដាល​ក្លឹប​ផ្សេង​ៗ​ និង​ក្រុម​ជម្រើស​ជាតិ​ដែល​កើត​ចេញ​ពី​តារាង​បាល់ទាត់​នេះ​​ ប៉ុន្តែ​កាល​ពី​ដើម​ក៏​សំបូរ​កីឡាករ​ល្អ​ៗ​ច្រើន​ដែរ។ ​កីឡាករ​ជា​ច្រើន​ដែល​ប្រសូត​ចេញ​ពី​កីឡដ្ឋាន​នេះ​ទៅ​លេង​នៅ​​តាម​ក្លឹប​​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ និង​ក្រុម​ជម្រើស​ជាតិ​ជា​ច្រើន​ដូច​ជា​​ សាយ ពិសិដ្ឋ, នួន បូរី​, ទិត្យ ឌីណា,​ ធិន សុខ និង ​សាយ វិសាល​ ​ជា​ដើម។

 

ព្រះ​តេជ​គុណ​មាន​សង្ឃ​ដីកា​ថា ក្នុង​នាម​ព្រះ​អង្គរ​ជា​ព្រះ​ចៅ​អធិការ​វត្ត​ស្វាយ​ជ្រំ​ ព្រះ​អង្គ​មាន​ភារកិច្ច​រក្សា​កេរ្តិ៍​​ដំណែល​ពី​ចាស់​​ៗ​ និង​ជួសជុល​​បន្ត​ទៀត​ដើម្បី​​ក្មេង​ៗ​ជំនាន់​ក្រោយ។ រហូត​ដល់​ពេល​​​នេះ​ការ​កសាង​តារាង​បាល់ទាត់​ស្វាយ​ជ្រំ​​​គឺ​ផ្នែក​ក្រោម​​ត្រូវ​បាន​ដាក់​​ប្រព័ន្ធ​លូ​ទឹក​រួច​រាល់​​អស់​ហើយ​​ និង​ការ​ចាក់​ដី​ក៏​រួច​​រាល់​ដែរ​ ប៉ុន្តែ​​​ដី​​​ខាង​លើ​​ត្រូវ​យក​គ្រឿង​ចក្រ​​មក​ឈូស​សំអាត​ឲ្យ​​​រាប​ស្មើ​មុន​ពេល​ដាំ​ស្មៅ​ធម្មជាតិ​ឲ្យ​ចប់​សព្វ​គ្រប់។

 

ព្រះ​​គ្រូ​ចៅ​អធិការ​បន្ត​​ថា​ តាម​ពិត​ទៅ​ការ​​ជួសជុល​ និង​កសាង​នេះ​​ភាគ​ច្រើន​​ធ្វើ​ឡើង​ដោយ​កម្លាំង​ព្រះ​សង្ឃ​​។ ​វត្ត​ស្វាយ​ជ្រំ​មាន​សាលា​ពុទ្ធិក​អនុ​វិទ្យាល័យ​មួយ​ដែល​​សមណៈសិស្ស​ពី​ទូទាំង​ខេត្ត​កណ្តាល​មក​សិក្សា​​ប្រហែល​​៦០០​អង្គ​ ​ដែល​ព្រះ​សង្ឃ​ក៏​ចូល​រួម​សកម្មភាព​សង្គម​ដែរ។  ​ពុទ្ធបរិស័ទ​ជួយ​ជា​បច្ច័យ​ផង​ និង​ជា​ជួយ​ជា​កង់​លូ​ទឹក​ផង។

 

សូម​ស្តាប់​សង្ឃ​ដីកា​របស់​ព្រះ​តេជគុណ លន់ សុគន្ធា​

 

ព្រះ​អង្គ​បញ្ជាក់​ថា ការ​សាង​តារាង​បាល់ទាត់​​​របស់​ព្រះ​សង្ឃ​គឺ​មិន​ខុស​វិន័យ​ទេ​ ប៉ុន្តែ​ជា​សកម្មភាព​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ផង​ ​ជួយ​អូស​ទាញ​យុវជន​​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​អំពើ​អបាយមុខ​មក​ចាប់​កីឡា​​​ផង​ និង​ដើម្បី​សុខភាព​ប្រជា​ជន​ផង។ បន្ទាប់​ពី​បញ្ចប់​ការក​​សាង​ ព្រះ​អង្គ​នឹង​ប្រគល់​ទៅ​យុវជន​នៅ​ឃុំ​ស្វាយ​ជ្រំ​ដែល​ជា​កីឡាករ​ជម្រើស​ជាតិ​ដើម្បី​គ្រប់​គ្រង​បន្ត។

 

ក្រុម​កីឡា​បាល់ទាត់​សាលា​បឋម​សិក្សា​ស្វាយជ្រំ​ត្រូវ​បាន​គេ​ហៅ​​ថា​ជា​​ ក្រុម​យុវជន​អធិរាជ​​ប្រចាំ​ខេត្ត​កណ្តាល​ទៅ​ហើយ ពី​​ព្រោះ​ក្រុម​មួយ​នេះ​ស្ទើរ​រាល់​ឆ្នាំ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ពី​ការ​ប្រកួត​កីឡា​​ប្រចាំ​ខេត្ត​កណ្តាល។ សមិទ្ធផល​លេខ​១​ស្ទើរ​រាល់​ឆ្នាំ​នេះ​កើត​ចេញ​ពី​ការ​លេង​បាល់ទាត់​នៅ​តារាង​បាល់ទាត់​ស្វាយជ្រំ​តែ​ម្តង៕

 

ចៅ​អធិការ​វត្ត​ស្វាយជ្រំ​បង្ហាញ​ពី​ការ​កសាង​កីឡដ្ឋាន​ស្វាយ​ជ្រំ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​