ឆ្នាំ២០១៥ មានសំណុំរឿង បទល្មើស ព្រៃឈើ សត្វព្រៃ ជាង២០០០ករណី

ភ្នំពេញ៖ ឆ្នាំ២០១៥កន្លងទៅនេះ យ៉ាងហោចណាស់ មានសំណុំរឿងបទល្មើស ព្រៃឈើ សត្វព្រៃ និងបទល្មើស កាប់ទន្ទ្រានដីព្រៃ នៅតាមអង្គភាព រដ្ឋបាលព្រៃឈើ មូលដ្ឋានសរុប ចំនួន ២.១៨៩ករណី ដោយបញ្ជូន ទៅតុលាការ ចំនួន ១.៥៤៦ករណី និងពិន័យអន្តរការណ៍ ចំនួន ៦៤៣ករណី។

យោងតាមរបាយការណ៍ សរុបលទ្ធផលការងារ ឆ្នាំ២០១៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ឃាត់ខ្លួនជនជាប់ចោទ និងដកហូតវត្ថុតាង មានចំនួនដូចជា ឈើមូល-ជ្រុងចំនួន ៩៩៦ម៣, ឈើអារចំនួន ៤.៧០៥ម៣, ឈើក្រាក់គ្រញូងចំនួន១១៣ម៣ និង ៥.៧៩២គ.ក្រ, សត្វព្រៃចម្រុះគ្រប់ប្រភេទចំនួន ៤.០១៨ក្បាល និង ២.៣៩៤គ.ក្រ, អនុផលព្រៃឈើ សម្ភារៈផ្សេងៗ មួយចំនួនទៀត និងដីព្រៃឈើដែល កាប់រានចំនួន ២.៧០៩ហិកតា ព្រមទាំងបានបញ្ជូន សំណុំរឿងទៅតុលាការ និងដកហូតរណារ ថយន្តចំនួន ៤៨៦គ្រឿង។

របាយការណ៍ បានបន្តថា ស្រង់ព័ត៌មានពាក់ព័ន្ធព្រៃឈើ ដែលបានចុះផ្សាយក្នុងសារព័ត៌មាន នានាសរុបចំនួន ១.០២១ករណី ដែលការចុះផ្សាយនេះ ឆ្លុះបញ្ចាំងពីចំណុចវិជ្ជមានផង និងអវិជ្ជមានផងដែរ និងបានផ្ញើជូនខណ្ឌរដ្ឋបាល ព្រៃឈើធ្វើការបំភ្លឺមានចំនួន ២៤១ករណី។

ក្នុងឆ្នំា២០១៥ ប្រមូលចំណូល ពីថ្លៃសួយសារផល អនុផលព្រៃឈើ សរុបបានចំនួន ១៩.២៨៨.២៣៥.០៥៨រៀល និងចំណូលពីសេវាសាធារណៈ ចំនួន ៩.៨៩៨.៨៣៨.៥៩០រៀល និងលុយដុល្លារ ចំនួន ៣១៥.៥៩០,១៣ដុល្លារអាមេរិក។ ការចុះបំពេញបេសកកម្ មការពារ និងអភិរក្សព្រៃធម្មជាតិនេះ មន្ត្រីរដ្ឋបាលព្រៃឈើ មួយរូបបានពលីជិវិតដោយត្រូវ ជនល្មើសបាញ់សម្លាប់ នៅក្នុងខេត្តព្រះវិហារ។

សូមបញ្ជាក់ថា នៅដើមឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឲ្យបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន និងថ្មីៗកន្លងទៅនេះ សម្តេចបានព្រមានបញ្ជាឲ្យបាញ់គ្រាប់រ៉ុក្កែតពីលើឧទ្ធម្ភាគចក្រ ប្រសិនបើនៅព្រហើន និងរញ៉េរញ៉ៃ បន្តកាប់ឈើខុសច្បាប់។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៤ តាមរយៈរដ្ឋបាលព្រៃឈើ បានប្រមូលចំណូលពីវិស័យព្រៃឈើចំនួន ៧០.០៦៣.៥៥៧.៦៣៥រៀល ស្មើនឹង ១៧១.៧០ភាគរយ នៃផែនការ ក្នុងនោះបានបង់ ចូលថវិការដ្ឋចំនួន ៥៥.៧០៤.៧៣៣.៤៧២រៀល និងបង់ចូលគណនី មូលនិធិអភិវឌ្ឍន៍ព្រៃឈើជាតិចំនួន ៣.៤១៩.៧៩៧.៥៥៥រៀល និងប្រាក់រង្វាន់ចំនួន ១០.៩៣៩.០២៦.៦០៩រៀល។ បានទទួលសំណុំរឿងបទល្មើស ព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃសរុបចំនួន ២.៤០០ករណី ដែលក្នុងនោះសំណុំរឿងបទល្មើសព្រៃឈើ ត្រូវពិន័យអន្តរការណ៍ចំនួន ៦២៩ករណី និងសំណុំរឿងបទល្មើសព្រៃឈើ ដែលត្រូវបញ្ជូនទៅតុលាការ ចំនួន ១.៧៧១ករណី៕

ឆ្នាំ២០១៥ មានសំណុំរឿង បទល្មើស ព្រៃឈើ សត្វព្រៃ ជាង២០០០ករណី