Euro ២០១៦ អាច​នឹង​លេង​​ ដោយ​គ្មាន​អ្នក​គាំទ្រ បើ​មាន​បញ្ហា​ ភេរវកម្ម

ព្រឹត្តិការណ៍បាល់ទាត់ ដ៏ធំប្រចាំទ្វីបអឺរ៉ុប Euro ២០១៦ អាចនឹងលេង ដោយបិទទ្វារ មានន័យថា មិនអនុញ្ញាតឲ្យ មានអ្នកគាំទ្រទៅ ទស្សនា ក្នុងករណីបើសិន ជាមានការ គំរាមកំហែងពី ក្រុមភេរវកម្មកើតឡើង។

ផែនការនេះត្រូវបានគិតទុក ដោយសហព័ន្ធ បាល់ទាត់ទ្វីបអឺរ៉ុប ដើម្បីត្រៀមសម្រាប់ ព្រឹត្តិការណ៍ ៤ឆ្នាំ ដែលនឹងត្រូវធ្វើឡើងនៅ ក្នុងប្រទេសបារាំង ទីធ្លាប់រងការវាយប្រហារ ភេរវកម្ម នៅក្នុងរដ្ឋធានីប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំមុន។

លោកMartin Kallen អ្នករៀបចំការប្រកួត បានថ្លែងថា៖ “បើមានបញ្ហា អសន្តិសុខកើតឡើង នោះការប្រកួតនឹងលេង ដោយមិនចាំបាច់ មានអ្នក គាំទ្រ រីឯការប្ដូរការ ប្រកួតទៅលេងនៅ កីឡាដ្ឋានផ្សេង ក៏អាចស្ថិតនៅក្នុង ជម្រើសផងដែរ។ ក្រៅពីនោះយើងមាន ដំណោះស្រាយ ផ្សេងទៀត ដូចជាការផ្អាកប្រកួត ឬប្រកួតនៅពេលក្រោយ។ យ៉ាងណាក៏ដោយ ពេលនេះមិនមានសញ្ញា អវិជ្ជមានណាមួយ កើតឡើងនៅឡើយទេ”។

គួររំលឹកថា កាលពីប្រកួតមិត្តភាព រវាងបារាំង និងអាល្លឺម៉ង់នៅកីឡដ្ឋាន Stade de France រដ្ឋធានីប៉ារីស មានការវាយប្រហារ ភេរវកម្មមួយបាន កើតឡើង ដែលបណ្ដាលឲ្យមនុស្ស ១៣០នាក់បាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀត រងរបួស។ កីឡដ្ឋាន Stade de France នេះ នឹងត្រូវប្រើ សម្រាប់បើក កម្មវិធី នៅថ្ងៃ១០ ខែមិថុនា និងប្រើសម្រាប់ការ ប្រកួតវគ្គផ្ដាច់ព្រ័ត្រ Euro ឆ្នាំ២០១៦៕

Euro ២០១៦ អាច​នឹង​លេង​​ ដោយ​គ្មាន​អ្នក​គាំទ្រ បើ​មាន​បញ្ហា​ ភេរវកម្ម

ដោយ៖sabay