ក្រសួងការបរទេសៈ អាជ្ញាធរ​ថៃ​មិនមាន​វិធានការ​បិទតូប​លក់ទំនិញ​របស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ​ទេ​

ភ្នំពេញ: លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២ ខែមីនា ថា នៅ​រសៀល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦ បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​ថា “​អាជ្ញាធរ​ថៃ​បាន​បិទតូប​លក់ទំនិញ​ដំបូល​ខៀវ (​សំដៅថា ជា​តូ ប​មាន​លក់ទំនិញ​ពាក់ព័ន្ធ​កម្មសិទ្ធិបញ្ញា​) របស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ​”  លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ណែនាំ​ឲ្យ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ធ្វើការ​ពិនិត្យ​លើ​ករណី​ព័ត៌មាន​នេះ​។​
​    ​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បន្តថា នៅ​យប់​ថ្ងៃទី​១ ខែមីនា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ បាន​រាយការណ៍​ជូន​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ថា រហូត​ពេលនេះ ពុំទាន់​មាន​វិធានការ​របស់​អាជ្ញាធរ​ថៃ បិទតូប​លក់ទំនិញ​ដំបូល​ខៀវ​របស់​អា​ជី​រករ​ខ្មែរ នៅ​ផ្សារ​រ៉ុង​ក្លឿ​ឡើយ​។​
​សូមជម្រាបថា ទាក់ទង​ករណីនេះ ក្រុមអាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​សើ​ប​អង្កេត​ពិសេស​ថៃ ដែល​ចុះមក​ត្រួតពិនិត្យ​កម្មសិទ្ធិបញ្ញា​លើ​ទំនិញ​នៅ​ផ្សារ​រ៉ុង​ក្លឿ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយមាន​ការប្រើ​អំពើហិង្សា រហូត​ឈានដល់​ការចាប់ខ្លួន​អាជីវករ​ខ្មែរ​ចំនួន​២​នាក់​ថែម​ទៀតផង​។ ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង បាន​ណែនាំ​ជាបន្ទាន់​ឲ្យ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ប្រទេស​ថៃ រក​មេធាវី​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ ដែល​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមអាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ ជាមួយ​ក្រុម​សើ​ប​អង្កេត​ពិសេស​ថៃ ដែល​ចុះមក​ត្រួតពិនិត្យ​កម្មសិទ្ធិបញ្ញា​លើ​ទំនិញ​នៅ​ផ្សារ​រ៉ុង​ក្លឿ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។
​    ​បន្ទាប់ពី​ចាប់ខ្លួន អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​នាក់ ទៅ​តុលាការ​ថៃ កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ៣​ខែ​។​