ខឹងសុំលុយម្តាយ មិនឲ្យ ដុតផ្ទះចោល ឆេះអស់គ្មានសល់អ្វី សូម្បីទ្រព្យសម្បត្តិ បន្តិចបន្តួច

មណ្ឌលគិរី ៖ អ្នកភូមិអូរអាម បានដាក់ការស្តីបន្ទោសទៅលើក្រុមសមត្ថកិច្ច ខណៈអសមត្ថភាពមិនហ៊ាន ឃាត់ខ្លួនកូនប្រុស ដែលគ្មានចិត្តធម៌មេត្តា យកភ្លើងដុតបំផ្លាញផ្ទះខ្លួនឯង ព្រោះតែខឹងម្តាយមិនព្រមឲ្យលុយតាមការ ចង់បានរបស់ខ្លួន។ អ្នកភូមិបានបញ្ជាក់ទៀតថា ផ្ទះដែលត្រូវភ្លើងឆាបឆេះទំាងស្រុងនេះ ជាប្រភេទផ្ទះឈើ ទំហំ ៤,៥មX១២ ប្រក់ស័ង្កសី របស់ស្រ្តីមេម៉ាយ។

បើតាមមន្រ្តីនគរបាលស្រុកកែវសីម៉ា បានឲ្យដឹងថា តាមការសន្និដ្ឋាន យុវជនដែលបានដុតផ្ទះម្តាយខ្លួនចោលនេះ គឺអាចជាប់ពាក់ព័ន្ធ និងថ្នាំញៀនជោគជាំ ព្រោះយុវជនម្នាក់នេះ ជាញឹកញាប់នៅក្នុងគ្រួសារតែងតែ មានការឈ្លោះប្រកែក និងម្តាយព្រមទាំងគំរាមយកផ្ទះម្តាយ ដើម្បីយកទៅលក់ជាច្រើនលើកច្រើនសារមកហើយ ស្រាប់តែដល់ថ្ងៃកើតហេតុយុវជនឈាមរាវនេះ សម្រេចដុតកម្ទេចផ្ទះចោលតែម្តង សូម្បីតែរបស់របរនៅក្នុង ផ្ទះគ្មានជញ្ជូនយកបានអ្វីបានបន្តិចសោះឡើយ ធ្វើអោយម្តាយជាស្រ្តីមេម៉ាយ និងកូនពៅអាយុ៥ឆ្នាំ ដើរសុំផ្ទះ អ្នកស្រុកជ្រកកោណ ហើយយុវជនរូបនោះបានរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង។

មន្រ្តីនគរបាលបានបន្តទៀតថា យុវជនដុតបំផ្លាញផ្ទះម្តាយខ្លួនចោលនេះ ឈ្មោះ សួន បញ្ញា អាយុ២២ឆ្នាំ ឯម្តាយឈ្មោះទ្រី ណារ៉ន អាយុ ៤១ឆ្នាំ រស់នៅភូមិអូរអាម ឃុំស្រេខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី មានស្រុកកំណើតខេត្តព្រៃវែង។

ប្រជាពលរដ្ឋស្រុកកែវសីម៉ា បានសម្តែងនូវការសោកស្តាយរាល់ចំណាត់ការរបស់កម្លាំងនគរបាល មានសមត្ថកិច្ច ទាំងមូល មិនបានឃាត់ខ្លួន ជនសង្ស័យឡើយ បែរជាទុកឱកាសបណ្តែតបណ្តោយឱ្យជនសង្ស័យរូបនោះ រត់គេចខ្លួនបាត់ទាំងកណ្តាលថ្ងៃចែស។

លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នេះ បាន និងកំពុងធ្វើការជុំរុញ ឱ្យសមត្ថកិច្ចនគរបាលស្រុកកែវសីម៉ា ធ្វើការស្រាវជ្រាវឃាត់ខ្លួនយុវជនបង្ករូបនេះមកចាត់ការតាមនីតិវិធី ព្រោះវាមិនពិបាកនោះទេ ដោយសារសមត្ថកិច្ច បានស្គាល់អត្តសញ្ញាណស្រាប់ហើយ៕

ខឹងសុំលុយម្តាយ មិនឲ្យ ដុតផ្ទះចោល ឆេះអស់គ្មានសល់អ្វី សូម្បីទ្រព្យសម្បត្តិ បន្តិចបន្តួច
ខឹងសុំលុយម្តាយ មិនឲ្យ ដុតផ្ទះចោល ឆេះអស់គ្មានសល់អ្វី សូម្បីទ្រព្យសម្បត្តិ បន្តិចបន្តួច
ខឹងសុំលុយម្តាយ មិនឲ្យ ដុតផ្ទះចោល ឆេះអស់គ្មានសល់អ្វី សូម្បីទ្រព្យសម្បត្តិ បន្តិចបន្តួច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត