ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​៤៦​គ្រួសារ​អំពាវនាវ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី

ពលរដ្ឋ ៤៦​គ្រួសារ​នៅ​ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ស្រែក​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ពន្លឿន​ការ​ដោះស្រាយ​រឿង​ដីធ្លី​របស់​ពួក​គាត់​ដែល​អូស​បន្លាយ​ជិត ៦​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន តូច ហៀវ។ ក្រុម​ពលរដ្ឋ​អះអាង​ថា ពួក​គាត់​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​បណ្ដាល​មក​ពី​បាត់បង់​ដី​បង្កបង្កើនផល​កសិកម្ម។

អ្នក​ភូមិ​ជ្រៃក្រឹម នៃ​ឃុំ​ផ្ទះរុង ចំនួន ២៣​នាក់​ក្នុង​ចំណោម ៤៦​គ្រួសារ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រោម​ផ្ទះ​តំណាង​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​ទុក្ខ​កង្វល់​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា។ ដី​ចម្ការ​ជាង ១០០​ហិកតារ (១០១.៥១៥​ហិកតារ) ដែល​ពលរដ្ឋ​ចោទ​ថា ក្រុមហ៊ុន​រំលោភ​យក​នោះ កំពុង​ដាំ​ដំឡូងមី និង​ផ្នែក​ខ្លះ ត្រូវ​ក្រុមហ៊ុន​ជួល​ទៅ​ឲ្យ​កសិករ​ផ្សេង​ដាំ​ដំឡូង ខណៈ​ពួក​គាត់​មាន​តែ​ដី​ផ្ទះ និង​ដី​កសិកម្ម​តិចតួច។

តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក ជិន ខ្លី មាន​ប្រសាសន៍​ថា អ្នក​ភូមិ​បាន​ចូល​កាន់​កាប់ និង​អាស្រ័យ​ផល​ជា​បន្តបន្ទាប់​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៩៦ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០០០ ជម្លោះ​បាន​កើត​ឡើង​រវាង​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ជាមួយ​ក្រុមហ៊ុន តូច ហៀវ។ ក្រោយ​មក​ទៀត គឺ​នៅ​ឆ្នាំ​២០១២ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​រុះរើ និង​កាត់​ជើង​សសរ​ផ្ទះ​របស់​អ្នក​ភូមិ​ជាច្រើន​ខ្នង ដោយ​ចោទ​ថា​រស់នៅ​លើ​ដី​រដ្ឋ៖ «ដំណោះស្រាយ​គាត់ (អភិបាល​ខេត្ត និង​អាជ្ញាធរ​ខេត្ត) ថា​ដោះ ប៉ុន្តែ​មិន​ឃើញ​ដោះ​ណា​លោកគ្រូ។ លោក ជិន ជេដ្ឋា៖ បច្ចុប្បន្ន អត់​មាន​ធ្វើ​ដំឡូង​អ៊ីចឹង​រក​ស៊ី​អី? អត់...! ប្រជាពលរដ្ឋ​មាន​តែ​ស៊ី​ឈ្នួល​កាប់​ដំឡូង​ឲ្យ​គេ​រង់ចាំ​ការ​ដោះស្រាយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន តូច ហៀវ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​មីនា។

អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក អ៊ឹង គឹមលាង បញ្ជាក់​ថា គណៈកម្មការ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​បាកាន កំពុង​ធ្វើ​ការងារ​នេះ​បន្ថែម​ទៀត​ជូន​លោក ប៉ុន្តែ​ថ្មីៗ​នេះ​លោក​បាន​ចុះ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដោយ​បាន​ឯកភាព​គ្នា​លើ​គោលការណ៍​រួម​មួយ៖ «ចុះ​ទៅ​ប្រជុំ​លើក​ដៃ​ជាមួយ​ខ្ញុំ ថត​រូប​ជាមួយ និង​ធ្វើ​កំណត់​ហេតុ​ជាមួយ​ខ្ញុំ​ហើយ គាត់​ថា​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ ខ្ញុំ​មិន​ដឹង​ថា​គាត់​យល់​ថា​ម៉េច​ទេ»

លោក អ៊ឹង គឹមលាង មិន​បង្ហាញ​ពី​គោលការណ៍​រួម​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នេះ​ទេ ហើយ​ទំហំ​ដី​ជាក់ស្ដែង​របស់​ភាគី​ក្រុមហ៊ុន និង​ពលរដ្ឋ​មាន​ប៉ុន្មាន​នោះ ក៏​មិន​ទាន់​ដឹង​ដែរ ប៉ុន្តែ​លោក​ថា​នឹង​ស្រូត​ដោះស្រាយ​បញ្ចប់។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ តំណាង​រាស្ត្រ និង​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខេត្ត​ពោធិ៍សាត់ ផង បាន​សន្យា​ថា​នឹង​ដោះស្រាយ​រឿង​នេះ​ជូន​ពលរដ្ឋ​ឲ្យ​ឆាប់​ចប់ ប៉ុន្តែ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​ទៀត៖ «ក្រុម​ជំនាញ​ខាង​រដ្ឋបាល​ដែនដី ឬ​គណៈកម្មការ​សុរិយោដី ត្រូវ​ចុះ​វាស់​ដី​របស់​ប្រជាពលរដ្ឋ ហើយ​សិក្សា​ពី​ចំនួន​ពលរដ្ឋ ហើយ​បែង​ចែក​ផ្ទៃ​ដី​ទាំងអស់​ហ្នឹង​ឲ្យ​ទៅ​ពលរដ្ឋ។ បញ្ហា​ទាំងអស់ នឹង​ចប់​ជា​ស្ថាពរ​ជា​មិន​ខាន​ទេ ព្រោះ​ដី​នៅ​ច្រើន​ណាស់»

តំណាង និង​ក្រុម​ពលរដ្ឋ​ដែល​ភាគ​ច្រើន​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​ផ្អាក​ការ​ដាំ​ដំឡូង និង​ផល​ដំណាំ​ឯ​ទៀត​ទាំង​ស្រុង​លើ​ដី​គ្មាន​ប្លង់​កម្មសិទ្ធិ​របស់​ខ្លួន​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ហើយ ក្រោយ​ពី​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន សន្យា​ថា​នឹង​ផ្ដល់​ដី​ជំនួស​ដី​ដែល​បាន​បាត់បង់​ទៅ​ភាគី​ក្រុមហ៊ុន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។