ជំនឿ​របស់​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​សេសាន​ទៅ​លើ​បារមី​អ្នកតា​ក្រហម​ក

ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​សេសាន​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង តែង​តែ​គោរព​បូជា និង​បន់​ស្រន់​បារមី​អ្នកតា​ក្រហម​ក ឲ្យ​ជួយ​ផ្តល់​សេចក្តី​សុខ បញ្ចៀស​គ្រោះ​ភ័យ​ទាំងឡាយ​ដែល​កើត​មាន ឬ​បម្រុង​កើត​មាន​ចំពោះ​អ្នក​ភូមិ។ ជំនឿ​នេះ​កើត​មាន​ច្រើន​ជំនាន់ រហូត​មក​ទល់​បច្ចុប្បន្ន អ្នក​ភូមិ​នៅ​តែ​ប្រកាន់​ខ្ជាប់​ប្រពៃណី​សែន​ព្រេន​រូប​ស្នង​អារក្ខ​អ្នកតា​ក្រហម​ក​រៀង​រាល់​ឆ្នាំ​មិន​ដែល​អាក់​ខាន​ឡើយ។

ឆ្នាំ​នេះ អ្នក​ភូមិ​ប្រមាណ ៥០០​នាក់​មក​ពី​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង បាន​ជួប​ជុំ​គ្នា​នៅ​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ហើយ​រៀបចំ​ក្បួន​ធ្វើ​ដំណើរ​តាម​រទេះ​គោ​យន្ត​ជាង ២០​គ្រឿង និង​ជិះ​ម៉ូតូ​ផ្ទាល់​ខ្លួន​ប្រមាណ ៥០​គ្រឿង​ទៀត ទៅ​កាន់​ទី​ទួល​អ្នកតា​ក្រហម​ក។

នៅ​ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​ភូមិ​ស្រែគរ ខ្ទម​អ្នកតា​ក្រហម​ក ត្រូវ​បាន​អ្នក​ភូមិ​កសាង​ពី​ថ្ម​ប្រក់​ស័ង្កសី​ទំហំ​ប្រមាណ ៤​ម៉ែត្រ​ការ៉េ​នៅ​លើ​ទួល​ខ្ពស់​មួយ​នៃ​ច្រាំង​ទន្លេ​សេសាន ទី​ដែល​អ្នក​ភូមិ​ចាត់​ទុក​ថា ជា​កន្លែង​បារមី​អ្នកតា​ក្រហម​ក​រស់នៅ និង​ថែ​រក្សា​ប្រជាពលរដ្ឋ​មាន​ជនជាតិ​ឡាវ ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​តាម​ដង​ទន្លេ​នេះ។

មាន​កំណើត​ជា​ជនជាតិ​ឡាវ រស់នៅ​ភូមិ​ស្រែគរ២ លោក ហ្វុត ឃឿន ចាត់​ទុក​អ្នកតា​ក្រហម​ក ថា​ជា​វត្ថុ​ស័ក្ដិសិទ្ធិ​របស់​អ្នក​ភូមិ​ទូទៅ​រស់នៅ​តាម​ដង​ទន្លេ​នេះ ដែល​តែង​ពឹង​ពាក់​បារមី​អ្នកតា​ក្រហម​ក​ឲ្យ​ជួយ​ផ្តល់​សេចក្តី​សុខ​រំដោះ​ទុក្ខ​ភ័យ​គ្រប់​បែប​យ៉ាង កាល​ណា​អ្នក​ភូមិ​បន់​ស្រន់​សុំ​ឲ្យ​អ្នកតា​ក្រហម​ក​ជួយ។ ហ្វុត ឃឿន រៀបរាប់​រឿង​តំណាល​ពី​ចាស់​ព្រឹទ្ធាចារ្យ​ដែល​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដង​ទន្លេ​សេសាន ធ្វើ​ជំនួញ​ពី​ខេត្ត​ស្ទឹងត្រែង មក​ខេត្ត​រតនគិរី ពេល​មក​ដល់​មុខ​ខ្ទម​អ្នកតា​ក្រហម​ក តែង​ដាក់​ដង្វាយ​មាន​មាន់ ជ្រូក សែន​បន់​ស្រន់​សុំ​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​បាន​សុខ​សប្បាយ មិន​មាន​ឧបសគ្គ​ដូចជា​លិច​ទូក ឬ​កាណូត កាល​ណា​ឆ្លង​កាត់​ខ្សែ​ទឹក​ហូរ​កួច​ត្របាញ់​ខ្លាំង​នៅ​ពី​មុខ​ខ្ទម​អ្នកតា៖ «»

ចំណែក​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ក្បាលរមាស ស្រុក​សេសាន ក៏​ចាត់​ទុក​អ្នកតា​ក្រហម​ក ថា​មាន​បារមី​ស័ក្ដិសិទ្ធិ​ក្នុង​ជំនឿ​សហគមន៍​ពួក​គេ​ដូច​គ្នា។ រៀង​រាល់​ឆ្នាំ អ្នក​ភូមិ​នាំ​គ្នា​យក​ដង្វាយ​មាន​មាន់​ជ្រូក មក​ចូលរួម​សែន​ព្រេន​បញ្ជាន់​រូប​អារក្ខ ឲ្យ​បារមី​អ្នកតា​ក្រហម​ក​ចូល​មក​សណ្ឋិត ហើយ​អ្នក​ភូមិ​សាកសួរ​ពី​អភូតហេតុ ឬ​ហេតុការណ៍ និង​ការ​បួង​សួង​ផ្សេងៗ​ទាក់ទិន​ជំនឿ​របស់​អ្នក​ភូមិ។

ព្រឹទ្ធាចារ្យ​ឈ្មោះ ញយ ស្រូ បញ្ជាក់​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​អ្នក​ភូមិ​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ពី​លំនៅឋាន ពាក់ព័ន្ធ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី។ ហេតុ​នេះ អ្នក​ភូមិ​នាំ​គ្នា​បន់​ស្រន់​សុំ​ឲ្យ​អ្នក​តា​ក្រហម​ក ជួយ​បញ្ចៀស​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ក្នុង​ភូមិ៖ «»

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទំនប់​សេសាន​ក្រោម​២ ២០១៦ ៨៥៥
ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​សេសាន នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​ចូល​រូប​អ្នកតា​ក្រហម​ក​នៅ​ខ្ទម​អ្នកតា ឋិត​ក្នុង​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Ratha Visal

ប្រពៃណី​ជឿ​លើ​បារមី​អ្នកតា​ក្រហម​ក​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​សេសាន កើត​មាន​ច្រើន​ជំនាន់​មក​ហើយ តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង រហូត​មក​បច្ចុប្បន្ន។ ដោយសារ​តែ​សម័យ​មុន ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ដើម្បី​ធ្វើ​ជំនួញ​របស់​ប្រជាពលរដ្ឋ​ពី​ខេត្ត​ស្ទឹងត្រែង មក​ខេត្ត​រតនគិរី មិន​មាន​ផ្លូវ និង​មធ្យោបាយ​ដឹក​ជញ្ជូន​កសិផល ឬ​អនុផល​ព្រៃ​ឈើ​បាន​ងាយ​ស្រួល​ជាង​ការ​ធ្វើ​ដំណើរ​ដោយ​ទូក​ចែវ​ធំៗ​តាម​ដង​ទន្លេ​សេសាន ដែល​អាច​ផ្ទុក​សម្ភារៈ​ជំនួញ​បាន​ច្រើន​នោះ​ឡើយ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ កត់​សម្គាល់​ថា ការ​ធ្វើ​ដំណើរ​តាម​ទន្លេ​មាន​ឧបសគ្គ​ច្រើន ដោយសារ​ទន្លេ​សេសាន​មាន​ថ្ម និង​ល្បាក់​ទឹក​ហូរ​ខ្មួល​ខ្មាញ់​នៅ​រដូវ​វស្សា ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​លិច​ទូក​ជា​ញឹកញាប់។ អ្នក​ធ្វើ​ដំណើរ​តាម​ទន្លេ​សេសាន តែង​ជឿ​លើ​បារមី​អ្នកតា​ក្រហម​ក និង​រៀបចំ​ដង្វាយ​សែន​ព្រេន​សុំ​ផ្លូវ​ធ្វើ​ដំណើរ​ពី​អ្នកតា​ក្រហម​ក ទើប​ពួក​គេ​បញ្ចៀស​បាន​ឧបសគ្គ និង​គ្រោះ​មហន្តរាយ​នានា​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​នេះ។ លោក​ថា របប​ខ្មែរ​ក្រហម​បាន​កាត់​ផ្តាច់​ជំនឿ​សែន​ព្រេន​អ្នកតា​ក្រហម​ក ក៏ប៉ុន្តែ​ក្រោយ​ពេល​បង្រួប​បង្រួម​ជាតិ អ្នក​ភូមិ​វិល​ត្រឡប់​មក​ស្រុក​កំណើត​ដូច​ធម្មតា និង​រក្សា​ប្រពៃណី​សែន​ព្រេន​អ្នកតា​ក្រហម​ក​រហូត​បច្ចុប្បន្ន៖ «»

ទាក់ទិន​ប្រពៃណី​គោរព​អ្នកតា​ក្រហម​ក​នេះ ជនជាតិ​ឡាវ រស់នៅ​ភូមិ​ស្រែគរ លោកស្រី វ៉ា ហ្វាន មាន​ភារកិច្ច​ចូល​រូប​អារក្ខ​ស្នង​បារមី​អ្នកតា​ក្រហម​ក ៥​ឆ្នាំ​កន្លង​ទៅ​នេះ។ លោកស្រី​បញ្ជាក់​ថា ពេល​បារមី​អ្នកតា​ចូល​សណ្ឋិត​ក្នុង​រាង​កាយ គឺ​លោកស្រី​មិន​បាន​ដឹង​អ្វី​ទាំងអស់ ក្រៅ​ពី​រូប​ស្នង​និយាយ​ទៅ​កាន់​អ្នក​ភូមិ គឺ​ជា​បារមី​អ្នកតា។ យ៉ាង​ណា លោកស្រី​កត់​សម្គាល់​ថា តាម​ជំនឿ​អរូបី អ្វី​ដែល​អ្នក​ភូមិ​បន់​ស្រន់ និង​សែន​ព្រេន​សុំ​បារមី​អ្នកតា​ក្រហម​ក​ឲ្យ​ជួយ តែង​សម្រេច​បាន​ដូច​ប្រាថ្នា៖ «»

យ៉ាង​ណា​ក៏ដោយ ព្រះតេជព្រះគុណ អុល គង់ គង់​នៅ​វត្ត​ក្បាលរមាស ទី​ដែល​អ្នក​ភូមិ​កំពុង​មាន​ទុក្ខ​ព្រួយ​ពាក់ព័ន្ធ​គម្រោង​បណ្ដេញ​ចេញ​ពី​លំនៅឋាន​នេះ​ដែរ។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ជំនឿ​បារមី​អ្នកតា​ក្រហម​ក គឺ​ជា​ប្រពៃណី​អ្នក​ភូមិ​នៅ​តំបន់​នោះ​តែង​គោរព​បូជា​បារមី​អ្នកតា​ក្រហម​ក សុំ​សេចក្តី​សុខ​សប្បាយ។ ហេតុ​នេះ​មិន​មាន​បម្រាម ឬ​ច្បាប់​ណា​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រតិបត្តិ​ជំនឿ​នេះ​ឡើយ។ ក្នុង​នាម​ព្រះអង្គ​ជា​អ្នក​ប្រតិបត្តិ​ពុទ្ធសាសនា ពេល​នេះ​ព្រះអង្គ​និមន្ត​ចូលរួម​ជាមួយ​អ្នក​ភូមិ ដើម្បី​ស្វែងរក​មធ្យោបាយ​ដោះស្រាយ​ទុក្ខ​ភ័យ​របស់​ពលរដ្ឋ​តាម​គ្រប់​មធ្យោបាយ៖ «»

ក្នុង​ពិធី​សែន​ព្រេន​អ្នកតា​ក្រហម​ក​ឆ្នាំ​នេះ អ្នក​ភូមិ​បួង​សួង​សុំ​ឲ្យ​ទុក្ខ​ព្រួយ​ទាក់ទិន​ការ​បណ្ដេញ​ចេញ​ពី​ភូមិ និង​គោល​នយោបាយ​សំណង​របស់​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

តើ​អ្នកតា​ក្រហម​ក ពិត​ជា​អាច​ដោះស្រាយ​ទុក្ខ​ភ័យ​អ្នក​ភូមិ​បាន​ទេ ខណៈ​អ្នក​ភូមិ​មួយ​ចំនួន​មិន​ទាន់​យល់​ព្រម​ចាក​ចេញ​ពី​ភូមិ​កំណើត និង​ទទួល​យក​គោល​នយោបាយ​សំណង?

តាម​ការ​គ្រោង​ទុក ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​សេសាន នឹង​ក្លាយ​ជា​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។ ដោយឡែក​ទី​ទួល​ខ្ទម​អ្នកតា​ក្រហម​ក ក៏​នឹង​ត្រូវ​លិច​ទៅ​ក្នុង​ទឹក​អាង​ដូច​គ្នា។ គ្មាន​អ្នក​ភូមិ​ណា​ម្នាក់​ដឹង​ពី​ជោគ​វាសនា​របស់​បារមី​អ្នកតា​ក្រហម​ក និង​ជោគ​វាសនា​របស់​អ្នក​ភូមិ​ទៅ​ជា​យ៉ាង​ណា​ទេ នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ សូម្បី​រូប​ស្នង​បារមី​អ្នកតា​ក្រហម​ក ក៏​មិន​បាន​ប្រាប់​ថា តើ​អ្នកតា​ក្រហម​ក នឹង​ជម្លៀស​ទៅ​តំបន់​ណា​ផ្សេង​ទៀត ដើម្បី​បន្ត​ជួយ​ដោះស្រាយ​បញ្ហា និង​តាម​ថែ​រក្សា​អ្នក​ភូមិ​ទៅ​ថ្ងៃ​អនាគត ឬ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។