លោក ហ៊ុន ម៉ាណែត សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​រៀន​នៅ​អារ៉ែង

មន្ត្រី​មូលដ្ឋាន​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​បឋម​សិក្សា​មាន​បួន​ខ្នង​នៅ​តំបន់​អារ៉ែង ខេត្ត​កោះកុង​កាលពី​ច័ន្ទ រួម​ជាមួយ​ក្រុម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ដែល​បាន​ផ្តល់​អំណោយ​ជាសាលា​រៀន​ទាំង​នេះ។

លោក កែវ នីបូរ៉ា អភិបាល​រង​ស្រុក​ថ្មបាំង បាន​និយាយ​ថា សាលា​រៀន​ទាំង​នេះ ដែល​សម្ពោធដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឧត្តមសេនីយ៍​ឯក ម៉ាណែត ប្រធាន​អង្គភាព​ប្រឆាំង​ភេរវកម្ម​របស់​កងទ័ព និង​លោក មឿង ពន្លក មេដឹកនាំ​ចលនា​នេះ បាន​ទទួល​ស្វាគមន៍​ពី​សំណាក់​សហគមន៍​ក្រុម​ជនជាតិ​ភាគតិច​ជង​ក្នុង​តំបន់​នោះ។

លោក នីបូរ៉ា បាន​និយាយ​ថា “ខ្ញុំ​រីករាយ​ណាស់ ដែល​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ បាន​អភិវឌ្ឍ​និង​សាងសង់​សាលា​បឋម​សិក្សា​នៅ​ក្នុង​តំបន់​អារែង”។

លោក ហ៊ុន ម៉ាណែត ជាកូនប្រុស​​​ច្បង​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​ ហ៊ុន សែន កាត់ខ្សែបូ​​​ក្នុង​​​ពិធី​​​សម្ពោធ​​​អគារ​​​សាលា​​​បឋម​​​សិក្សា​​​នៅ​​​តំបន់​​​អារ៉ែង​​​ក្នុង​​​ខេត្ត​​​កោះកុង​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​នៅក្នុង​​​រូបថត​​​បង្ហោះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេប៊ុក​​​របស់​​​លោក​​​កាលពី​​​ម្សិលមិញ។​​​

លោក ហ៊ុន ម៉ាណែត ជាកូនប្រុស​​​ច្បង​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​ ហ៊ុន សែន កាត់ខ្សែបូ​​​ក្នុង​​​ពិធី​​​សម្ពោធ​​​អគារ​​​សាលា​​​បឋម​​​សិក្សា​​​នៅ​​​តំបន់​​​អារ៉ែង​​​ក្នុង​​​ខេត្ត​​​កោះកុង​​​ កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​ នៅក្នុង​​​រូបថត​​​បង្ហោះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេប៊ុក​​​របស់​​​លោក​​​កាលពី​​​ម្សិលមិញ។​​​

អភិបាល​រង​ស្រុក​រូប​នេះ​បាន​ច្រាន​ចោល​ពាក្យ​ចោទ​ប្រកាន់​កន្លង​មក​ពី​សំណាក់​សកម្មជន​បរិស្ថាន​ដែល​ថា ក្រុម​ដែល​ហៅ​ដោយ​ខ្លួន​ឯង​ថា ជា​ក្រុម​មនុស្ស​ធម៌​របស់​លោក ពន្លក តាម​ពិត​ជា​អង្គការ​នយោបាយ​មាន​សម្ព័ន្ធ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។

លោក​បាន​និយាយ​ថា “ពួកគេ​អាច​និយាយ​អ្វី​ដែល​ពួកគេ​ចង់​និយាយ ប៉ុន្តែ​នេះ​ជា​ប្រយោជន៍​សាធារណៈ​សម្រាប់​កុមារ​ត្រូវ​មាន​សាលារៀន​ដែល​ពួកគេ​អាច​រៀន​សូត្រ​បាន”។

ស្រុក​ថ្មបាំង​ជា​កន្លែង​មានការ​តវ៉ា​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ ដោយ​អ្នក​ស្រុក​និង​សកម្មជន​បរិស្ថាន​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​ធ្វើ​ទំនប់​វារីអគ្គិសនី​ក្នុង​តំបន់​នេះ។ ប្រសិនបើ​គម្រោង​នេះ​បន្ត​ទៅ​ទៀត​នោះ ជនជាតិ​ជង​រាប់​រយ​គ្រួសារ​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ដី​ដូនតា​របស់​ពួកគាត់។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា គម្រោង​ទំនប់​នេះ​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​លើក​ក្រោយ​នៅ​ឆ្នាំ​២០១៨។

លោក នីបូរ៉ា បាន​ទទួល​ស្គាល់​ថា ប្រសិនបើ​ទំនប់​នេះ​ត្រូវ​សង់អគារ​សិក្សា​ជា​អំណោយ​នា​ពេល​ថ្មីៗ​នេះ​ក៏នឹង​ត្រូវ​លិចលង់។

លោក​បាន​និយាយ​ថា “អគារ​សិក្សា​បួន​ខ្នង​នេះ​នឹង​ស្ថិត​នៅ​ក្នុង​អាង​ស្តុក​ទឹក ប្រសិនបើ​ពួកគេ​សង់​ទំនប់​នេះ ប៉ុន្តែ​រដ្ឋាភិបាល​នឹង​មិន​សាងសង់​វា​ទេ”។

លោក ពន្លក បាន​និយាយ​ថា អំណោយ​ជាអគារ​សិក្សា ដែល​លោក​បាន​អះអាង​ថា ចំណាយ​ប្រាក់​សរុប១១០.០០០​ដុល្លារ និង​រួម​ទាំង​ការ​ជួសជុល​ស្ពាន​នៅ​ក្បែរ​នោះ​ផង គឺ​មិន​មែន​ជា​រឿង​នយោបាយ​ទេ ហើយ​ថា​លោក​មិន​បាន​ដឹង​អ្វី​ទាក់ទិន​នឹង​ទំនប់​ដែល​ស្នើ​ឡើង​នេះ​ទេ។

លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​ដឹង​អំពី​បញ្ហា​នោះ​ទេ។ យើង​ធ្វើ​តែ​រឿង​មនុស្ស​ធម៌​ប៉ុណ្ណោះ”។

ការ​ធ្វើ​ទស្សនកិច្ច​តំបន់​អារ៉ែង​កាលពី​ថ្ងៃ​ច័ន្ទ​មិន​មែន​ជា​លើក​ទី១​របស់​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧​នោះ​ទេ។ កាលពី​ខែ​មិថុនា ក្រុម​នេះ ដែល​សមាជិក​ជា​ច្រើន​នាក់​របស់​ក្រុម​នេះ​មាន​វ័យ​កណ្តាល និង​ស្លៀក​ពាក់​ឯកសណ្ឋាន​សុទ្ធតែ​ខ្មៅ បាន​មក​ដល់​តំបន់​នេះ​ចែក​កញ្ចប់​ថ្នាំ​ពេទ្យ ខោអាវ និង​ប្រាក់ ក្នុង​នាម​ឧត្តមសេនីយ៍ឯក ម៉ាណែត។

លោក អ៊ិន គង់​ជិត មន្ត្រី​សម្រប​សម្រួល​អង្គកា​រលី​កាដូ​ប្រចាំ​ខេត្ត​កោះកុង បាន​និយាយ​ថា ទន្ទឹម​នឹង​ពេល​ដែល​លោក​ស្វាគមន៍​អគារ​សិក្សា​ថ្មី​នេះ លោក​មិន​ជឿ​ថា ហេតុផល​របស់​លោក ពន្លក គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​ទេ។

លោក​បាន​និយាយ​ថា “យើង​ដឹង​ថា ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ជិត​មក​ដល់។ ហេតុនេះ​ហើយ គណបក្ស​កាន់​អំណាច​ចង់​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​អ្នក​ភូមិ”។

“ក្នុង​ពេល​កន្លង​មក អ្នក​ភូមិ​នៅ​ទី​នេះ​បាន​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​គម្រោង​ទំនប់​វារីអគ្គិសនី​នេះ ហើយ​ពួកគាត់​ភាគ​ច្រើន​មិន​ចូលចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា​ទេ”៕និត

 

The post លោក ហ៊ុន ម៉ាណែត សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​រៀន​នៅ​អារ៉ែង appeared first on ខេមបូឌា ដេលី.