ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​បារម្ភ​ខ្លាច​បាត់បង់​ដីធ្លី​និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​រាប់​ពាន់​ដើម

ពលរដ្ឋ​រស់នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ចោទ​ប្រកាន់​ឈ្មួញ​មាន​ឥទ្ធិពល​ម្នាក់ ថា​បាន​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ក្រោម​រូបភាព​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដែល​ប៉ះពាល់​ដីធ្លី​អាស្រ័យ​ផល​អ្នក​ភូមិ និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​រាប់​ពាន់​ដើម។ អ្នក​ភូមិ​អះអាង​ថា ឈ្មួញ​មាន​ឥទ្ធិពល​ម្នាក់​នោះ មាន​មហិច្ឆតា​កាប់​ឆ្ការ​ដី​ព្រៃ​សហគមន៍ ដើម្បី​ធ្វើ​អាជីវកម្ម​រាប់​ពាន់​ហិកតារ ពុំ​ទាន់​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ឡើយ។ ទន្ទឹម​នឹង​នេះ គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​នោះ ពលរដ្ឋ​ពុំ​ទាន់​ឃើញ​មាន​លិខិត​បទដ្ឋាន​ច្បាប់ ដែល​រដ្ឋាភិបាល​អនុញ្ញាត​នៅ​ឡើយ​ទេ។

ពលរដ្ឋ ៩៣​គ្រួសារ​រស់នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី​អាស្រ័យ​ផល ការ​បាត់បង់​ធនធាន​ធម្មជាតិ ជាពិសេស​ដើម​ឈើ​ផលិត​ជ័រ​ទឹក​រាប់​ពាន់​ដើម ត្រូវ​បាន​គេ​កាប់​បំផ្លាញ​តាំង​ពី​ឆ្នាំ​២០១៤។ ការ​បារម្ភ​នេះ បន្ទាប់​ពី​ឈ្មួញ​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ ងិន សារី បាន​ជួល​កម្មករ​ជាច្រើន​ក្រុម សម្រុក​កាប់​ឆ្ការ​ដី​ព្រៃ​រាប់​ពាន់​ហិកតារ ដើម្បី​ហ៊ុមព័ទ្ធ​ដី​សហគមន៍ និង​ប៉ះពាល់​ដីធ្លី​អាស្រ័យ​ផល​អ្នក​ភូមិ​ជាង ៧០​ហិកតារ ដោយ​សំអាង​ថា ជា​ដី​សម្បទាន​សង្គមកិច្ច​ស្រប​ច្បាប់។

តំណាង​ពលរដ្ឋ លោក សៀក សែន ចោទ​ប្រកាន់​ថា លោកស្រី ងិន សារី គឺ​ជា​ឈ្មួញ​ចំណាក​ស្រុក​មក​ពី​ខេត្ត​កំពង់ចាម បាន​បោះ​ស្លាក​សញ្ញា​សម្គាល់​កំណត់​ព្រំ​ដី​សម្បទាន​សង្គមកិច្ច​នៅ​ចំណុច​អូរ​ស៊ីម៉ល់ ទល់​នឹង​អូរ​សៀមបូក ឋិត​នៅ​ភូមិ​រំដេង ឃុំ​ចម្ការលើ និង​នៅ​តំបន់​ផ្សេង​ទៀត បង្ក​ផល​ប៉ះពាល់​ដីធ្លី​អាស្រ័យ​ផល​អ្នក​ភូមិ​ច្រើន​គ្រួសារ និង​ប៉ះពាល់​តំបន់​ជម្រក​សត្វ​ព្រៃ ជាពិសេស​ដើម​ឈើ​ផលិត​ជ័រ​ទឹក​រាប់​ពាន់​ដើម ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ចោល។ លោក​អះអាង​ថា លោកស្រី ងិន សារី មិន​ត្រឹម​តែ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​បរិវេណ​ដី​សម្បទាន​សង្គមកិច្ច​នោះ​ទេ ថែម​ទាំង​កាប់​ឆ្ការ​ដី​ព្រៃ​រាន​យក​ដី​នៅ​តំបន់​ផ្សេង​អស់​រាប់​ពាន់​ហិកតារ ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ លោក​បន្ត​ថា អ្នក​ភូមិ​ធ្លាប់​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ខេត្ត​កាល​ពី​ឆ្នាំ​២០១៥ តែ​នៅ​ពុំ​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ៖ «រាប់​ពាន់​មិន​មែន​តែ ១០ ទៅ ២០​ហិកតារ​ទេ។ ដើម​ធំ​ដើម​តូច​គេ​កាប់​បំផ្លាញ​គ្មាន​សល់​មួយ​ទេ លក្ខណៈ​គ្រួសារ​គេ​ទាំងអស់ គេ​គ្មាន​ទុក​សត្វ​ជម្រក​អី​ទេ»

លោក សៀក សែន សម្ដែង​ការ​ខ្វល់ខ្វាយ​ពី​វាសនា​ដី​ព្រៃ​សហគមន៍ ដែល​កំពុង​រង​ការ​រំលោភ​បំពាន​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​តែ​បន្ត​បាត់បង់​ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ណា​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​ឡើយ។ លោក​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​មូលដ្ឋាន មិន​ត្រឹម​តែ​មិន​ទប់ស្កាត់​ឈ្មួញ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ជ្រោមជ្រែង​ឲ្យ​ឈ្មួញ​ដំណើរ​ការ​កាប់​ឆ្ការ​ព្រៃ​យ៉ាង​រលូន។ លោក​សង្កត់​ធ្ងន់​ថា ពលរដ្ឋ ៩៣​គ្រួសារ​កំពុង​បាត់បង់​ប្រាក់​ចំណូល​បាន​ពី​ដើម​ឈើ​ផលិត​ជ័រ​ទឹក ឬ​ដើម​ច្បោះ​រាប់​ពាន់​ដើម ត្រូវ​បាន​គេ​កាប់​បំផ្លាញ និង​ដុត​កម្ទេច​ចោល៖ «ប្រជាពលរដ្ឋ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ដោយសារ​ច្បោះ​ជ័រ​ទឹក​ផង ម្យ៉ាង​គាត់​លោភលន់​យក​ដី​ប្រជាពលរដ្ឋ។ មាន​តែ​ដី​សម្បទាន​ឯណា​ក្រៅ​ពី​ដី​សម្បទាន»

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ឈ្មួញ​មាន​ឥទ្ធិពល លោកស្រី ងិន សារី ដើម្បី​សុំ​ការ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១ មីនា។

កាប់​បំផ្លាញ​ព្រៃ ស្ទឹងត្រែង ២០១៦ ៨៥៥
តំបន់​ព្រៃ​ដែល​ពលរដ្ឋ​ចោទ លោកស្រី ងិន សារី ជួល​កម្មករ​ឲ្យ​កាប់​ទន្ទ្រាន ឋិត​នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ខែ​កុម្ភៈ ឆ្នាំ​២០១៦ Photo Provided

តំបន់​ព្រៃ​ស្រោង ឬ​ព្រៃ​ក្រាស់ ឋិត​នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ក៏​ជា​ផ្នែក​មួយ​នៃ​ព្រៃ​ឡង់​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង ជាង ៣០​គីឡូម៉ែត្រ ពលរដ្ឋ​រស់នៅ​ទីនោះ​មាន​ទម្លាប់​អាស្រ័យ​ផល​ធនធាន​ធម្មជាតិ ដូចជា ដង​ជ័រ​ទឹក បោច​វល្លិ រក​ឃ្មុំ បរ​បាញ់​សត្វ និង​បេះ​បន្លែ​ផ្លែ​ឈើ ជាដើម។

ជុំវិញ​បញ្ហា​នេះ អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ថោង ស្រាន់ មាន​ប្រសាសន៍​ថា គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​នោះ រដ្ឋាភិបាល​ពុំ​ទាន់​អនុញ្ញាត​នៅ​ឡើយ​ទេ។ លោក​ថា កន្លង​ទៅ អភិបាល​ខេត្ត​កំពង់ចាម ធ្លាប់​ស្នើ​មក​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដើម្បី​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ ១១៧​គ្រួសារ​នៅ​ខេត្ត​កំពង់ចាម ដែល​មាន លោកស្រី ងិន សារី ជា​តំណាង។ បន្ទាប់​មក អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​យក​សំណើ​នោះ​ដាក់​ជូន​រដ្ឋាភិបាល​រួច​ហើយ។ លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ​ដែរ ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប៖ «កំពុង​ចំណាត់​ការ​ក្តៅ ពី​មុន​ក៏​នៅ​តែ​ចំណាត់​ការ​តាំង​ពី​ដើម​មក។ ការងារ​នោះ​វា​ធំ ហើយ​ក្រុម​ការងារ​ធ្វើ​ការ​ច្រើន​ឃុំ។ យើង​កំពុង​ចំណាត់​ការ​អ្វីៗ​ផ្អែក​លើ​ច្បាប់​ទាំងអស់»

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ លោកស្រី ងិន សារី បាន​ដាក់​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ចំនួន ១១៧​គ្រួសារ​មក​ពី​ខេត្ត​កំពង់ចាម ចំនួន ១.៥០០​ហិកតារ។ ក្នុង​សំណើ​នោះ ពលរដ្ឋ​មួយ​គ្រួសារ​ទទួល​បាន​ដី ៥​ហិកតារ ទទឹង​ទំហំ ៥០​ម៉ែត្រ និង​បណ្តោយ ១.០០០​ម៉ែត្រ។ ចំពោះ​សំណើ​នេះ អភិបាល​ខេត្ត​កំពង់ចាម បាន​យក​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង។

មន្ត្រី​សង្គម​ស៊ីវិល​កត់​សម្គាល់​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ​ខេត្ត ហាក់​លាក់​បាំង​ព័ត៌មាន​ស្ដីពី​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន គឺ​ប៉ះពាល់​តំបន់​ព្រៃ​ស្រោង ប៉ះពាល់​ដី​ចម្ការ​វិល​ជុំ និង​ដីធ្លី​អាស្រ័យ​ផល​របស់​អ្នក​ភូមិ ជាដើម។ លើស​ពី​នេះ ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​រាប់​ពាន់​ហិកតារ​នៅ​ក្រៅ​បរិវេណ​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​ប៉ះពាល់​ដីធ្លី​អាស្រ័យ​ផល​អ្នក​ភូមិ ក៏​ពុំ​ទាន់​ឃើញ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​ពី​មន្ត្រី​ជំនាញ​នៅ​ឡើយ​ទេ ទោះ​បី​ជា​ឈ្មួញ​មាន​ឥទ្ធិពល​ត្រូវ​បាន​គេ​ស្គាល់​ជា​សាធារណៈ​ក្តី។ ចំណែក​ការ​ចុះ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ហាក់​មាន​លក្ខណៈ​យឺតយ៉ាវ ឬ​ធ្វើ​ឲ្យ​តែ​បង្គ្រប់​កិច្ច។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូរ សំអុល រក​ឃើញ​ថា គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​នោះ អាច​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​បន្ទាប់​ពី​ឈ្មួញ​បាន​ប្រើប្រាស់​លិខិត​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ជា​មូលដ្ឋាន ជា​ឈ្នាន់​ដើម្បី​កាប់​រាន​ដី​ព្រៃ​រាប់​ពាន់​ហិកតារ​ធ្វើ​អាជីវកម្ម និង​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ លោក​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ ១១៧​គ្រួសារ​មក​ពី​ខេត្ត​កំពង់ចាម ពុំ​ទាន់​គ្រប់​លក្ខខណ្ឌ​បទដ្ឋាន​គតិយុត្តិ ដើម្បី​អនុលោម​តាម​ច្បាប់​នៅ​ឡើយ​ទេ។ ដូច្នេះ គម្រោង​ហ៊ុមព័ទ្ធ​យក​ដី និង​កាប់​ឆ្ការ​ព្រៃ​ដើម្បី​បែង​ចែក​ដីធ្លី​ជូន​ពលរដ្ឋ​របស់​ឈ្មួញ គឺ​ខុស​នីតិវិធី។ លោក​សង្កត់​ធ្ងន់​ថា ការ​អនុវត្ត​កាតព្វកិច្ច​ស្ដីពី​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ ផ្អែក​លើ​អនុក្រឹត្យ​រដ្ឋាភិបាល​មិន​គ្រប់​ជ្រុងជ្រោយ ដែល​តម្រូវ​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ អណ្ដូង​ទឹក និង​វត្ត​អារាម ជាដើម ដល់​ពលរដ្ឋ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​នោះ។ លោក​សង្ស័យ​ថា គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នោះ គឺ​ជា​ដំណើរ​ការ​មហិច្ឆតា​របស់​ឈ្មួញ​ធ្វើ​អាជីវកម្ម​កាប់​ឆ្ការ​ដី​ព្រៃ​រាន​យក​ដី​ជួញ​ដូរ និង​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ច្រើន​ជាង​គម្រោង​ផ្តល់​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ពិត​ប្រាកដ៖ «ឃើញ​ថា​ជាក់ស្តែង ក្រុម​អាជ្ញាធរ​ចម្រុះ​គាត់​បាន​ទៅ​ស៊ើប​អង្កេត​ឃើញ​ថា ករណី​នោះ​ប្រាកដ​ជា​មាន​ការ​កាប់​បំផ្លាញ​រុក​រាន​ដី​ព្រៃ​ហើយ តែ​នៅ​តែ​មិន​មាន​ចំណាត់​ការ​ទៅ​លើ អ្នកស្រី ងិន សារី នោះ​ទៀត»

កាល​ពី​ចុង​ឆ្នាំ​២០១៥ ពលរដ្ឋ​ចំនួន ៩៣​គ្រួសារ បាន​ផ្ដិត​មេដៃ​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​សមាគម​អាដហុក ករណី អ្នកស្រី ងិន សារី បាន​ជួល​កម្មករ​កាប់​ឆ្ការ​ព្រៃ និង​ដើម​ច្បោះ​ផលិត​ជ័រ​ទឹក​របស់​សហគមន៍។ អាជ្ញាធរ​ឃុំ​ចម្ការលើ អះអាង​ថា រហូត​ដល់​បច្ចុប្បន្ន ពលរដ្ឋ​បាន​មក​រស់នៅ​ជា​បណ្ដើរៗ​នៅ​តំបន់​នោះ​ជាង ៥០​ភាគរយ​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១១៧​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។