អាជ្ញាធរ​ខេត្ត​កណ្ដាល​ចុះ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ជីក​ដី​របស់​សហគ្រាស​ចំនួន​ពីរ

អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​កណ្ដាល ចុះ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ជីក​ដី របស់​សហគ្រាស​ចំនួន​ពីរ​នៅ​ស្រុក​កណ្ដាល​ស្ទឹង បន្ទាប់​ពី​ម្ចាស់​សហគ្រាស​ទាំង​ពីរ​នេះ មិន​អនុវត្ត​តាម​បទ​បញ្ជា​ឲ្យ​ផ្អាក​ជីក​ដី​ជា​បណ្ដោះអាសន្ន។

ការ​ចុះ​អន្តរាគមន៍​របស់​សមត្ថកិច្ច​នៅ​ថ្ងៃ​ទី​២ មីនា បន្ទាប់​ពី​ម្ចាស់​សហគ្រាស​ទាំងពីរ​នេះ មិន​ព្រម​អនុវត្ត​បញ្ជា​របស់​អភិបាល​ខេត្ត​កណ្ដាល ដែល​ឲ្យ​បញ្ឈប់​សកម្មភាព​ជីក​ដី​នេះ បណ្ដោះអាសន្ន ដើម្បី​រង់​ចាំ​ការ​សម្រេច​ពី​ក្រសួង​រ៉ែ និង​ថាមពល។

លិខិត​របស់​អភិបាលខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ ចុះ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ បាន​បញ្ជា​ឲ្យ​ប្រធាន​​សហគ្រាស​ទាំង​ពីរ​រូប គឺ​ លោក សៅ សុធា និង​លោក សៅ ពន្លក ដែល​កំពុង​ធ្វើ​អាជីវកម្ម​ជីកដី នៅ​ចំណុច​ភូមិ​ស្រុកធំ និង​ភូមិ​ឆ្មារពួន ឃុំ​ជើងកើប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ឲ្យ​បញ្ឈប់​សកម្មភាព​​នេះ បណ្ដោះអាសន្ន បន្ទាប់​ពី​ក្រុម​ការងារ​ត្រួតពិនិត្យ​ការងារ​បច្ចេកទេស និង​បរិស្ថាន រក​ឃើញ​ថា សហគ្រាស​ទាំងពីរ​នេះ ជីក​យក​ដី​ខុស​ទីតាំង​កំណត់ ល្មើស​នឹង​ប្រការ​ទី១ ទី២ ទី៣ និង​ទី៥ នៃ​ប្រកាស​អាជ្ញាប័ណ្ណ​អណ្ដូង​រ៉ែ​បើក និង​ការដ្ឋាន​វាយ​ថ្ម របស់​ក្រសួង​រ៉ែ និង​ថាមពល។

ម៉្យាងទៀត​បាន​ប៉ះពាល់​ដល់​បរិស្ថាន និង​ពលរដ្ឋ​រស់​នៅ​ជុំវិញ​តំបន់​នោះ ហើយ​ក៏​ពុំ​ទាន់​ធ្វើ​របាយការណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់​សង្គម​ដំបូង និង​មិន​មាន​កិច្ច​សន្យា​ការពារ​បរិស្ថាន ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​បរិស្ថាន​នៅ​ឡើយ​ទេ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។