Trump និង​ Clinton ឈ្នះ​នាំ​មុខ​​ក្នុង​ការបោះ​ឆ្នោត​បឋម​ Super Tuesday

Trump និង​ Clinton ឈ្នះ​នាំ​មុខ​​ក្នុង​ការបោះ​ឆ្នោត​បឋម​ Super Tuesday

នៅ​ក្នុង​រូប​ផ្គុំ​គ្នា​ បង្ហាញ​ពី​បេក្ខជន​ប្រធានាធិបតី​ Donald Trump (ឆ្វេង) និង​លោក​ស្រី​ Hillary Clinton (ស្តាំ) និយាយ​ទៅ​កាន់​អ្នក​គាំ​ទ្រ​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ខ្លាំអ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​រួម​ថ្ងៃ​អង្គារ​នៅ​ជាង​រដ្ឋ​១០​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Super Tuesday។

កាលពី​ថ្ងៃ​អង្គារ ប្រជារាស្ត្រ​អាមេរិកាំង​បាន​ទៅ​បោះឆ្នោត​ នៅ​ក្នុង​ការ​បោះឆ្នោត​តែងតាំង​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋ​ចំនួន​១១​ ដោយ​គេ​រំពឹង​ថា​លោក​ Donald Trump មហា​សេដ្ឋី​អចលនទ្រព្យ​មាន​ប្រាប់​រាប់​ពាន់​លាន​ដុល្លារ​នឹង​មាន​ជ័យជំនះ​ក្នុង​ចំណោម​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ ​ហើយ​លោកស្រី​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​ Hillary Clinton នឹង​ឈ្នះ​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

ចំនួន​ជិត​មួយ​ភាគ​បួន​នៃ​ក្រុម​ប្រតិភូ ​ដែល​នឹង​ចូល​រួម​ក្នុង​មហា​សន្និបាត​ជាតិ​របស់​គណបក្ស​ដើម្បី​ជ្រើសតាំង​បេក្ខជន​ប្រធានាធិបតី​ក្នុង​ខែ​កក្កដា ​នឹង​ត្រូវ​កំណត់​នៅ​ក្នុង​អ្វី​ដែល​ហៅ​ថា​ការ​បោះឆ្នោត​បឋម​រួម​ថ្ងៃ​អង្គារ​នៅ​ជាង​រដ្ឋ​១០​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Super Tuesday ​ជា​ថ្ងៃ​ធំ​បំផុត​តែ​មួយ​គត់​រហូត​មក​ដល់​ពេលនេះ​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ដែល​មាន​រយៈពេល​ច្រើន​ខែ​មក​ហើយ​នេះ។

​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​នេះ​នឹង​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ ជាមួយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែ​វិច្ឆិកា​ ដើម្បី​ជ្រើស​តាំង​អ្នក​បន្ត​តំណែង​ពី​លោកប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ដែល​នឹង​ចាកចេញ​ពី​តំណែង​ក្នុង​ខែ​មករា​ ឆ្នាំ​២០១៧។​

ការ​ស្ទង់​មតិ​ខាង​នយោបាយ​បង្ហាញ​ថា​ លោក​ Trump ដែលមិន​ធ្លាប់​បម្រើការ​ក្នុង​តំណែង​សាធារណៈ​សោះ​អាច​ឈ្នះ​ក្នុង​រដ្ឋ​១០​ក្នុង​បណ្តា​រដ្ឋ១១​នៅ​ក្នុង​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ លើកលែង​តែ​ក្នុង​រដ្ឋ​ Texas នា​ប៉ែក​និរតី​ស.រ.អា. ដែល​នៅ​ទី​នោះ​លោក​ Ted Cruz សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា.​ប្រចាំ​រដ្ឋ​ Texas សង្ឃឹម​ថា​នឹង​ឈ្នះ​នៅ​ក្នុង​ដែនដី​របស់លោក។

ការ​ស្ទង់មតិ​បង្ហាញ​ថា​លោកស្រី​ Hillary Clinton ដែល​ជា​អ្នកការទូត​កំពូល​ស.រ.អា.ពី​ឆ្នាំ​២០០៩ ​ដល់​ឆ្នាំ​២០១៣​ និង​ជា​ភរិយា​លោក​អតីត​ប្រធានាធិបតី​ Bill Clinton នឹង​ឈ្នះ​ទទួល​ការគាំទ្រ​ភាគច្រើន​នៅ​ក្នុង​រដ្ឋ​ទាំង​១១ ​លើស​អ្នកប្រជែង​តែ​ម្នាក់​គត់​របស់​លោកស្រី​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ស.រ.អ.ប្រចាំ​រដ្ឋ Vermont៕