តុលាការ​ខេត្ត​រតនគិរី​កោះ​ហៅ​សមាជិក​សហគមន៍​១៤​នាក់​ចូល​បំភ្លឺ​ក្នុង​បណ្ដឹង​បរិហារ​កេរ្តិ៍

មន្ត្រី​អយ្យការ​សាលា​ដំបូង​ខេត្ត​រតនគិរី កោះ​ហៅ​សមាជិក​សហគមន៍​ភូមិ​ប៉ក់ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ១៤​នាក់​ចូល​ឆ្លើយ​បំភ្លឺ​ពី​បទ​បរិហារ​កេរ្តិ៍។ ពួក​គេ​ត្រូវ​បាន​ប្រធាន​គ្រប់គ្រង​ព្រៃ​ការពារ ប្ដឹង​ក្រោយ​ពី​បាន​ចោទ​ប្រធាន​គ្រប់គ្រង​ព្រៃ​ការពារ ថា​លក់​ដូរ​ដី​សហគមន៍ ដី​ព្រៃ​ឈើ និង​បឹង​ធម្មជាតិ។

សមាជិក​សហគមន៍​ភូមិ​ប៉ក់ធំ ចំនួន ៤​នាក់​ក្នុង​ចំណោម ១៤​នាក់ បាន​ចូល​បំភ្លឺ​នៅ​ស្ថាប័ន​អយ្យការ​សាលា​ដំបូង​ខេត្ត​រតនគិរី ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២ ខែ​មីនា នេះ។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​រតនគិរី លោក ម៉ម វណ្ណដា បាន​ចេញ​ដីកា​ចំនួន ១៤​ដីកា កោះ​ហៅ​សមាជិក​សហគមន៍ ១៤​នាក់​ជា​ចុង​ចោទ ឲ្យ​ចូល​មក​បំភ្លឺ​នៅ​មុខ​មន្ត្រី​អយ្យការ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​មីនា តាម​វេលា និង​ថ្ងៃ​កំណត់​ផ្សេងៗ​គ្នា។

ប្រជាពលរដ្ឋ​ភូមិ​ប៉ក់ធំ ជាង ២០​នាក់ នៅ​ថ្ងៃ​ទី​១ ខែ​មីនា បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​បរិវេណ​សាលា​ដំបូង​ខេត្ត ធ្វើ​ជា​កម្លាំង​ចិត្ត​ឲ្យ​សហគមន៍​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ រហូត​មន្ត្រី​អយ្យការ​បញ្ចប់​ការ​សាកសួរ​សមាជិក​សហគមន៍​ពីរ​នាក់។ ចំណែក​សមាជិក​សហគមន៍​ពីរ​នាក់​ផ្សេង​ទៀត​ដែល​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២ ខែ​មីនា មិន​ឃើញ​មាន​អ្នក​ភូមិ​មក​លើក​កម្លាំង​ចិត្ត​ទៀត​ឡើយ។

ចុង​ចម្លើយ​មួយ​រូប គឺ​លោក ពូយ កាក់ អះអាង​ថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​មន្ត្រី​អយ្យការ​ដែល​បាន​សាកសួរ​ពី​បណ្ដឹង​ចោទ​ប្រកាន់​លោក​ពី​បទ​បរិហារ​កេរ្តិ៍។ លោក​បញ្ជាក់​ថា មិន​មាន​ការ​ភ័យ​ខ្លាច ឬ​ការ​គាប​សង្កត់​អ្វី​ទាក់ទិន​នឹង​ការ​ចូល​មក​បំភ្លឺ​នេះ​ទេ ពីព្រោះ​អ្នក​ភូមិ​ពិត​ជា​រង​ផល​ប៉ះពាល់​ពី​ការ​លក់​ដូរ​ដី បង្ក​ឡើង​ដោយ​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​ការពារ​ប្រាកដ​មែន៖ «បើ​ខ្ញុំ​មាន​ភស្តុតាង​បង្ហាញ​គាត់ មាន​វីដេអូ រូបថត សំឡេង។ វីដេអូ​រឿង​គាត់​ឈូស​ឆាយ​ដីធ្លី​ហ្នឹង»

ដូច​គ្នា​នេះ​ដែរ ចុង​ចម្លើយ​មួយ​រូប​ទៀត គឺ​លោក ពូយ កាប ជា​បង​បង្កើត​របស់ លោក ពូយ កាក់ អះអាង​ដូច​គ្នា​ថា អ្វី​ដែល​ជា​ការ​លំបាក​របស់​លោក​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​រឿង​ក្តី​នេះ គឺ​ការ​និយាយ​ភាសា​ខ្មែរ ពីព្រោះ​លោក​ជា​ជនជាតិ​ដើម​ភាគ​តិច​យល់​ដឹង​ភាសា​ខ្មែរ​មិន​ស៊ី​ជម្រៅ។ លោក​បដិសេធ​ថា មិន​បាន​បរិហារ​កេរ្តិ៍​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​ការពារ​សហគមន៍​ទេ ប៉ុន្តែ​អ្នក​ភូមិ​បាន​ប្ដឹង​ប្រធាន​គ្រប់គ្រង​ព្រៃ​ការពារ ដើម្បី​ការពារ​សិទ្ធិ​រស់នៅ​របស់​អ្នក​ភូមិ​តែ​ប៉ុណ្ណោះ៖ «ពូយ ភ្លីន អ្នក​លក់ អ្នក​ទិញ​ហ្នឹង​មេ​ក្អូន គេ​ថា​គេ​មាន​រួម​ដៃ​គ្នា​អត់? ខ្ញុំ​ថា​អត់​ទេ ខ្ញុំ​ថា​អ្នក​ទិញ​អត់​ខុស​ទេ ប៉ុន្តែ​អ្នក​ទិញ​អ្នក​ល្អ មិន​រក​រឿង​អ្នក​ទិញ​ទេ សហគមន៍​រក​រឿង​អ្នក​លក់»

ប្រធាន​សហគមន៍​គ្រប់គ្រង​ព្រៃ​ការពារ​ភូមិ​ប៉ក់ធំ គឺ​លោក ប៉ូយ ព្លីន បាន​ដាក់​ពាក្យ​ប្ដឹង​សមាជិក​របស់​ខ្លួន​ពី​បទ​បរិហារ​កេរ្តិ៍ បន្ទាប់​ពី​សមាជិក​សហគមន៍​ជាង ២០០​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​លោក​ថា បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ចម្ការ ហ៊ុមព័ទ្ធ​ដី​ព្រៃ និង​បឹង​ធម្មជាតិ​លក់​ដូរ​ខុស​ច្បាប់។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​រតនគិរី លោក ម៉ម វណ្ណដា ឲ្យ​ដឹង​ថា លោក​កោះ​ហៅ​ចុង​ចោទ​តាម​ពាក្យ​ប្ដឹង​របស់​ដើម​ចោទ។ ហេតុ​នេះ លោក​កំពុង​អនុវត្ត​នីតិវិធី​សាកសួរ ដើម្បី​រក​អង្គ​ហេតុ​នៃ​រឿង​ក្តី​នេះ៖ «យើង​កោះ​ហៅ​ពីរៗ​តាម​ពេលវេលា​ដែល​មាន​ឈ្មោះ យើង​ហៅ​ជា​បន្តបន្ទាប់។ ឥឡូវ​ខ្ញុំ​ពិនិត្យ​មើល​ឲ្យ​អស់​សិន ព្រោះ​នៅ​សាកសួរ​នៅ​សាក្សី​ច្រើន​ទៀត»

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ លោក ម៉ម វណ្ណដា បាន​ចេញ​ដីកា​កោះ​ហៅ​មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី គឺ​លោក ឆាយ ធី ក្នុង​នាម​ជា​សាក្សី ឲ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​រឿង​ក្តី​នេះ​ដូច​គ្នា។

លោក ឆាយ ធី ចាត់​ទុក​បណ្ដឹង​របស់​សមាជិក​សហគមន៍ ចោទ​ប្រធាន​គ្រប់គ្រង​ព្រៃ​ការពារ គឺ​ជា​មូលហេតុ​នាំ​ឲ្យ​ប្រធាន​គ្រប់គ្រង​ព្រៃ​សហគមន៍ ប្ដឹង​បក​អ្នក​ភូមិ​វិញ។ លោក​រំពឹង​ថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ក្នុង​រឿង​នេះ៖ «កន្លង​មក​អ្នក​ភូមិ​គាត់​ប្ដឹង​ទៅ​ឃុំ-ស្រុក គ្មាន​ដំណោះស្រាយ។ អ៊ីចឹង​គាត់​ប្ដឹង​មក​សមាគម​អាដហុក ជួយ​អន្តរាគមន៍​ទៅ​តំណាង​រាស្ត្រ និង​អាជ្ញាធរ​ខេត្ត រឿង​នេះ​ត្រូវ​ដោះស្រាយ​តាម​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត ទើប​ល្អ​ប្រសើរ»

តាម​ការ​គ្រោង​ទុក សមាជិក​សហគមន៍ ៣​នាក់​ទៀត នឹង​ត្រូវ​ចូល​បំភ្លឺ​រឿង​ក្តី​ដូច​គ្នា​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។