តុលាការ​កំពូល​គ្រោង​ប្រកាស​សាល​ដីកា​សំណុំ​រឿង​ស្ត្រី​បឹងកក់​១៣​នាក់​នៅ​ពាក់​កណ្ដាល​ខែ​មីនា

ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល គ្រោង​នឹង​ប្រកាស​សាល​ដីកា​សំណុំ​រឿង​ស្ត្រី​បឹងកក់ ១៣​នាក់ នៅ​ពាក់​កណ្ដាល​ខែ​មីនា ខាង​មុខ​នេះ ជុំវិញ​បណ្ដឹង​សារទុក្ខ​របស់​ស្ត្រី​បឹងកក់ ដែល​ទាមទារ​ឲ្យ​តុលាការ​កំពូល ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​ចេញ។ មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) យល់​ឃើញ​ថា សំណុំ​រឿង​ក្រុម​អ្នក​តស៊ូ​មតិ​ស្ត្រី​បឹងកក់ ពុំ​មាន​ធាតុ​ផ្សំ​នៃ​អង្គ​ហេតុ​ណា​មួយ ដែល​រក​ឃើញ​ថា មាន​បទល្មើស​ដែល​ត្រូវ​ចោទ​ប្រកាន់​ឡើយ។

អគ្គព្រះរាជអាជ្ញា​រង​នៃ​តុលាការ​កំពូល នៅ​តែ​ទទូច​ឲ្យ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ជាន់​ខ្ពស់​នេះ បន្ត​រក្សា​បទ​ចោទ​ប្រឆាំង​ក្រុម​ស្ត្រី​បឹងកក់ ដូច​សាល​ដីកា​សាលា​ឧទ្ធរណ៍ និង​បទ​ចោទ​នៃ​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល ថ្វី​បើ​ស្ត្រី​បឹងកក់ និង​មេធាវី​ការពារ​ក្តី​ឲ្យ​ដើម​ចោទ ព្យាយាម​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ ទម្លាក់​ចោល​បទ​ចោទ​យ៉ាង​ណា​ក្តី។

ក្រោយ​ពី​បញ្ចប់​ការ​ដេញដោល​ពេញ​មួយ​ព្រឹក និង​បន្ទាប់​ពី​ធ្វើ​សេចក្ដី​សន្និដ្ឋាន​រួច នៅ​ថ្ងៃ​ទី​២ ខែ​មីនា លោក សួន ចន្ថា អគ្គព្រះរាជអាជ្ញា​រង​នៃ​តុលាការ​កំពូល បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ បន្ត​ចោទ​ដូច​មុន​ប្រឆាំង​ក្រុម​ស្ត្រី​អ្នក​តស៊ូ​មតិ​តំបន់​បឹងកក់ ដូច​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់ និង​សេចក្ដី​សម្រេច​ចុង​ក្រោយ​របស់​សាលា​ឧទ្ធរណ៍។

កាល​ពី​ឆ្នាំ​២០១២ ស្ត្រី​បឹងកក់ ១៣​នាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ (២​ឆ្នាំ ៦​ខែ)។ ក្រោយ​មក ស្ត្រី​ទាំង ១៣​នាក់ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​កាត់​តម្រឹម ដោយ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ ១​ខែ ៣​ថ្ងៃ ហើយ​ទោស​ដែល​នៅ​សល់ ត្រូវ​ព្យួរ។ ដើម​បណ្ដឹង​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ គឺ​សាលា​ក្រុង​ភ្នំពេញ។ ក្រោយ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១២ ស្ត្រី​ទាំង ១៣​នាក់ ជាប់​ចោទ​ពី​បទ​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​អចលវត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស។

លោកស្រី បូវ សោភា ថ្លែង​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ថា គេ​ហាក់​ពុំ​មាន​ជំនឿ​សោះ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ ថា​អាច​លុប​ចោល​បទ​ចោទ​ដូច​ការ​ទាមទារ​នេះ។ លោកស្រី​បន្ត​ថា មាន​សំណុំ​រឿង​ច្រើន​ណាស់​មក​ហើយ​ដែល​មើល​ឃើញ​ថា ការ​វិនិច្ឆ័យ​របស់​ចៅក្រម​ជំនុំ​ជម្រះ កម្រ​ដែល​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ជន​រងគ្រោះ។ ហេតុ​នេះ សំណុំ​រឿង​ដែល​លោកស្រី​អះអាង​ថា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​នេះ ទំនង​មិន​ខុស​ពី​អង្គ​ហេតុ​ផ្សេង​ទៀត​ប៉ុន្មាន​នោះ​ដែរ។ លោកស្រី​បន្ត​ថា «និយាយ​ពី​រឿង​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា សឹង​តែ​គ្មាន​សោះ​តែ​ម្ដង​សម្រាប់​ពួក​ខ្ញុំ​ដែល​ជា​ជន​រងគ្រោះ។ យើង​ដឹង​ស្រាប់​ហើយ​ថា បច្ចុប្បន្ន​នេះ​ឲ្យ​តែ​អ្នក​រងគ្រោះ​តវ៉ា​រឿង​ដីធ្លី មិន​តិច​ទេ​ដែល​ក្លាយ​ជា​អ្នក​ទោស កម្រ​ឃើញ​នឹង​បាន​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​ណាស់»

នៅ​ក្នុង​អង្គ​សវនាការ​ដែល​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ព្រឹក​នេះ គឺ​ពុំ​មាន​វត្តមាន​ចុង​ចោទ​ដែល​ជា​តំណាង​សាលា​ក្រុង​ភ្នំពេញ​ទេ ខណៈ​ស្ត្រី​បឹងកក់ ៣​នាក់​ក្នុង​ចំណោម ១៣​នាក់​នោះ​ក៏​អវត្តមាន​ដែរ។

ក្នុង​ពេល​ជំនុំ​ជម្រះ​នោះ ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម បាន​បោះ​សំណួរ​គ្នា​ទៅ​វិញ​ទៅ​មក មើល​ទៅ​ហាក់​ពុំ​មាន​សំណួរ​អ្វី​ច្រើន​ដើម្បី​សួរ​ទៅ​កាន់​ស្ត្រី​បឹងកក់​ទាំង ១០​នាក់ នៅ​ក្នុង​បន្ទប់​សវនាការ​ទេ។ ចៅក្រម​ខ្លះ នៅ​ពេល​នោះ​បាន​បដិសេធ​មិន​សួរ​នាំ​អ្វី នៅ​ពេល​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បោះ​សំណួរ​ឲ្យ​សួរ​វិញ​ម្ដង។ ក្នុង​ឯកសណ្ឋាន​ដូចៗ​គ្នា ស្ត្រី​តស៊ូ​មតិ​ក្នុង​រឿង​ដីធ្លី​តំបន់​បឹងកក់ បាន​ពាក់​អាវ​យឺត​ពណ៌​ខ្មៅ ហើយ​សរសេរ​សារ​ថា ស្រេក​ឃ្លាន​យុត្តិធម៌ និង​បាន​ឡើង​និយាយ​ម្នាក់​ម្ដងៗ​ទាំង​ជំហរ​ម៉ឺងម៉ាត់។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ជំនឿ​ថា តុលាការ​កំពូល អាច​នឹង​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដ៏​ត្រឹមត្រូវ ហើយ​ប្រហែល​ជា​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ តុលាការ​ជាន់​ខ្ពស់​ពិចារណា​ក្នុង​ការ​ទម្លាក់​បទ​ចោទ​ចោល។ ម្យ៉ាង​ទៀត ការ​អនុវត្ត​ដូច​នេះ វា​នឹង​ជា​គំរូ​ល្អ​សម្រាប់​សំណុំ​រឿង​ដទៃ​ទៀត​ដែល​មាន​ស្ថានភាព​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ព្រោះ​សំណុំ​រឿង​របស់​ស្ត្រី​បឹងកក់​ទាំង ១៣​រូប​នេះ ពុំ​មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​ណា​មួយ ដែល​អាច​បញ្ជាក់​ថា ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់​ទេ។ លោក​បន្ត​ថា «ខ្ញុំ​សង្ឃឹម​ថា​តុលាការ​កំពូល នឹង​សម្រេច​លើក​លែង​ចោទ​ប្រកាន់​ទៅ​ដល់​ពួក​គាត់​ទាំង ១៣​នាក់​នេះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស និង​ការ​ចោទ​ប្រកាន់​ទេ។ ខ្ញុំ​គិត​ថា កាល​ណា​តុលាការ​កំពូល សម្រេច​សាល​ដីកា​របៀប​នេះ ក៏​ជា​ការ​បន្ត​សាល​ដីកា​យុទ្ធសាស្ត្រ​សម្រាប់​រឿង​ដទៃៗ​ទៀត ដែល​មាន​លំនាំ​ប្រហាក់​ប្រហែល​គ្នា​នេះ»

ក្រោយ​ស្ដាប់​សេចក្ដី​សន្និដ្ឋាន​របស់​ដើម​ចោទ មេធាវី​ការពារ​ក្ដី​ឲ្យ​ដើម​បណ្ដឹង និង​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​របស់​អគ្គព្រះរាជអាជ្ញា​រង​រួច ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល លោក សឹង បញ្ញាវុធ សម្រេច​ប្រកាស​សាល​ដីកា​សំណុំ​រឿង​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។