ប៊ី​ន​ឡា​ដែន ធ្លាប់​ផ្ញើ​សារ​ឲ្យ​អាមេរិក​ជួយ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​

​អតីត​មេដឹកនាំ​ក្រុម​ភេ​វរ​ករ​អាល់​កៃ​ដា​លោក អូ​សា​ម៉ា ប៊ី​ន​ឡា​ដែន បាន​ផ្ញើ​សារ​ទៅ​ឲ្យ​ប្រជាជន​អាមេរិក ដោយ​ស្នើ​ឲ្យ​ជួយ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​។ សំបុត្រ​នេះ​ត្រូវបាន​បញ្ចេញ​ដោយ​រដ្ឋបាល​លោក អូ​បា​ម៉ា នៅ​ថ្ងៃទី​១ ខែមីនា ខណៈ​ត្រូវ​រឹបអូស​បាន​អំឡុងពេល​ប្រតិបត្តិការ​ស​ម្លា​ម់​មេដឹកនាំ​ភេ​វរ​ករ​រូបនេះ​ក្នុង​ឆ្នាំ​២០១១​។​

​រដ្ឋបាល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បញ្ចេញ​ឯកសារ​ជាច្រើន​ដែល​រឹបអូស​បាន​ក្នុង​ប្រតិបត្តិ​ការសម្លាប់​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ី​ន​ឡា​ដែន ក្នុងនោះ​មាន​សំបុត្រ​មួយ​ផ្ញើ​ឲ្យ​ប្រជាជន​អាមេរិក​។ តាមរយៈ​សំបុត្រ​នោះ មេ​ភេ​វរ​ករ​រូបនេះ​បាន​ទទូច​ឲ្យ​ប្រជាជន​អាមេរិក​ចូលរួម​ជាមួយ​ប្រធានាធិបតី អូ​បា​ម៉ា ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ និង​ជួយសង្គ្រោះ​មនុស្សជាតិ​។​

​បើតាម​ការផ្សាយ​របស់ Reuters សំបុត្រ​នេះ​គ្មាន​ថ្ងៃខែ​ពិតប្រាកដ និង​គ្មាន​ហត្ថលេខា​នោះទេ និង​ត្រូវ​សរសេរថា «​ចំពោះ ប្រជាជន​អាមេរិក​»​។ សំបុត្រ​នេះ​ប្រហែល​ត្រូវបាន​សរសេរ​នៅ​ដើម​អាណត្តិ​ទី​១ របស់លោក អូ​បា​ម៉ា ក្នុង​ឆ្នាំ​២០០៩ ពីព្រោះ​បើ​យោងតាម​ព្រឹត្តិការណ៍​នៅក្នុង​សំបុត្រ​នេះ​ដែល​ទាក់ទង​នឹង​យុទ្ធនាការ​ប្រឆាំងនឹង​បម្រែបម្រួល​កម្ដៅ​ពិភពលោក​។​

​តាមរយៈ​សំបុត្រ​ដដែល​នោះ អូ​សា​ម៉ា ប៊ី​ន​ឡា​ដែន បាន​បន្ទោស​លើ​ក្រុម​មូលធន​ធំៗ​និង​ក្រុម​អ្នក​បញ្ចុះបញ្ចូល​ដែលមាន​លុយ ថា​នៅ​ពីក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨ និង​នាំ​ឲ្យ​មានការ​លុកលុយ​ចូល​អ៊ីរ៉ាក់​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ផងដែរ​។ ប៊ី​ន​ឡា​ដែន បានស្នើ​ប្រជាជន​អាមេរិក​ធ្វើ​«​បដិវត្តន៍​សេរីភាព​»​ដើម្បី​រំដោះ​ប្រធានាធិបតី​អាមេរិក​ចេញពី​ឥទ្ធិពល​ក្រុម​អ្នកមាន​ទាំងនោះ​។ ការណ៍​នេះ​នឹង​ជួយ​ប្រធានាធិបតី​អាមេរិក​ធ្វើការ​សម្រេចចិត្ត​សមស្រប​ក្នុងការ​ជួយសង្គ្រោះ​មនុស្សជាតិ​ពី​ផលប៉ះពាល់​នានា​។​

​ក្រៅពីនោះ ក៏មាន​សំបុត្រ​មួយទៀត ដែល​មេ​ភេ​វរ​ករ​ពិភពលោក​នេះ​បាន​ប្រាប់​ឲ្យ​មនុស្ស​ជិតដិត​របស់ខ្លួន បើក​យុទ្ធនាការ​តាម​បណ្ដាញ​ព័ត៌មាន នៅ​ចំ​ខួប​ទី​១០ នៃ​ការវាយប្រហារ​អាគារ​ភ្លោះ​។ ប៊ី​ន​ឡា​ដែន​បានស្នើ​ឲ្យ​មានការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់ ដោយ​លោក​អះអាង​នៅពេលនោះ​ថា ពិភពលោក​គួរតែ​ធ្វើសង្គ្រាម​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ ជាជាង​ធ្វើសង្គ្រាម​ជាមួយ​ឥស្លាម​។​

​សូមបញ្ជាក់ថា មេដឹកនាំ​ក​ក្រុម​ភេ​វរ​ករ​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ី​ន​ឡា​ដែន ត្រូវ​កងកម្លាំង​ពិសេស​អាមេរិក SEAL សម្លាប់​ក្នុងការ​វាយឆ្មក់​មួយ​នៅ​ប៉ា​គី​ស្ថាន​ក្នុង​ឆ្នាំ​២០១១​។ ប៊ី​ន​ឡា​ដែន ត្រូវបាន​គេ​ស្គាល់​ដោយសារ​មេគំនិត​នៃ​ការវាយប្រហារ​ភេ​វរ​កម្ម​លើ​អាគារ​ភ្លោះ​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ឆ្នាំ​២០០១ ហើយ​បានសម្លាប់​មនុស្ស​ជាង​ពីរពាន់​នាក់ និង​ធ្វើ​ឲ្យ​អាគារ​ទាំងពីរ​ដួលរលំ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​