សមត្ថកិច្ច​ចាប់​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត

ប៉ូលិស​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​ប៉ូលិស​ចិន នៅ​រសៀល​ថ្ងៃ​ទី​២ មីនា បាន​ឡោមព័ទ្ធ​ចាប់​ជនជាតិ​ចិន ជាង ១០០​នាក់​នៅ​ក្នុង​អគារ​កាស៊ីណូ​ហ្គោលឌិន ក្រោន (Golden Grown) នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ​ចាប់​ជនជាតិ​ចិន នោះ ពុំ​សូវ​ហ៊ាន​ផ្ដល់​ព័ត៌មាន​ពី​ការ​ចុះ​ចាប់​ជនជាតិ​ចិន នេះ​ឡើយ។ សមត្ថកិច្ច​អះអាង​ថា ជនជាតិ​ចិន ទាំងអស់​នោះ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)

ស្នងការ​រង ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ អះអាង​ថា ការ​ចាប់​ជន​បរទេស​ទ្រង់ទ្រាយ​ធំ​នេះ ជា​ប៉ូលិស​មក​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ៖ «បាទ! សុំ​អធ្យាស្រ័យ​បង! រឿង​ការ​ចាប់​ជនជាតិ​នេះ ទាល់​តែ​បង​សាកសួរ​ទៅ​ខាង​ប្រធាន​នាយកដ្ឋាន​នគរបាល​ជាតិ បាន​លោក​ជ្រាប»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ រហូត​មក​ទល់​ម៉ោង ៦​កន្លះ​ថ្ងៃ​ទី​២ មីនា នៅ​ពុំ​ទាន់​ដឹង​ថា សមត្ថកិច្ច​ចាប់​ជនជាតិ​ចិន ទាំង​នោះ​យក​ទៅ​លាក់​ទុក​នៅ​ទី​កន្លែង​ណា​នោះ​ទេ។ ចំណែក​សមត្ថកិច្ច នៅ​បន្ត​អនុវត្ត​ការងារ​របស់​ខ្លួន​មិន​ទាន់​ចប់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។