បុគ្គលិក​ស៊ីម៉ាក់​ម្នាក់​ស្លាប់​និង​១៨​នាក់​រង​របួស​ដោយសារ​ក្រឡាប់​ឡាន​នៅ​ខេត្ត​ឧត្ដរមានជ័យ

ប្រភព​ពី​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ត្រពាំងប្រាសាទ ចម្ងាយ​ជាង ១៤០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ពី​ទី​រួម​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា បុគ្គលិក​ដោះ​មីន​របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ដែល​ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) ម្នាក់​ស្លាប់ និង ១៨​នាក់​ផ្សេង​ទៀត​រង​របួស ដោយសារ​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​របស់​អង្គភាព ១​គ្រឿង នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា។

អធិការ​នគរបាល​ស្រុក​ត្រពាំងប្រាសាទ គឺ​លោក អ៊ិន កាយ។ លោក​មាន​ប្រសាសន៍​កាល​ពី​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃ​ពុធ ទី​២ ខែ​មីនា ថា រថយន្ត​របស់​អង្គភាព​ដោះ​មីន​ស៊ីម៉ាក់ ១​គ្រឿង បាន​ក្រឡាប់​នៅ​លើ​ផ្លូវ​ជាតិ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះប្រឡាយ បណ្ដាល​ឲ្យ​បុគ្គលិក​ដោះ​មីន​ម្នាក់​ស្លាប់ និង ១៨​នាក់​ផ្សេង​ទៀត​រង​របួស។

សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ​នៃ​ការ​ក្រឡាប់​រថយន្ត​ធុន​ធំ ១​គ្រឿង​នោះ ថា​តើ​វា​បណ្ដាល​មក​ពី​បញ្ហា​អ្វី​នៅ​ឡើយ​ទេ៖ «ផ្លូវ​កៅស៊ូ​មិន​គួរ​អី​ថា​មាន​គ្រោះ​ថ្នាក់​ទេ។ ឡាន​ស៊ីម៉ាក់​នោះ​គ្រាន់​តែ​បើក​វាង​ប៉ុស្តិ៍​បន្តិច ក៏​ក្រឡាប់​តែ​ម្ដង មិន​ដឹង​មូលហេតុ​អ្វី?»

អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំងប្រាសាទ កំពុង​បញ្ជូន​មន្ត្រី​ប៉ូលិស​ជំនាញ​ផ្នែក​ចរាចរណ៍ ឲ្យ​ទៅ​ត្រួត​ពិនិត្យ​រថយន្ត​របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ដែល​បាន​ក្រឡាប់​នោះ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អំពី​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។