ការយល់ឃើញ​របស់លោក អ៊ូ វីរៈ ជុំវិញ​កាយវិការ​បច្ចុប្បន្ន​រប​ស់ស​ម្តេច ហ៊ុន សែន​

​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ចាប់ផ្ដើម​ប្រឹងប្រែង​ធ្វើ​នយោបាយ​វិញ​។​នេះ​ជាការ​មើលឃើញ​របស់​អ្នកវិភាគ​នយោបាយ ចាត់ទុកថា ការប្រឹងប្រែង​ធ្វើ​នយោបាយ​របស់​សម្ដេច ហ៊ុន សែន ពេលនេះ គឺអាច​កាត់បន្ថយ​កំហឹង​ពលរដ្ឋ និង​ជា​ឱកាស​ទាញយក​ការគាំទ្រ​ខ្លួន​វិញ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ពិបាក ក្នុងការ​ប្រកួតប្រជែង​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ជួប​ជាមួយ​ពលរដ្ឋ​ដោយផ្ទាល់ អង្គុយ​ហូប​នំ​បញ្ចុក​តាម​ដងផ្លូវ ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ ដោយ​ឲ្យ​ពលរដ្ឋ​ដែលមាន​បញ្ហា​ផ្ញើរ​សារ និង​លិខិត​ផ្សេងៗ​ទៅកាន់​ប្រអប់ Inbox នៃ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដែល​អ្នកវិភាគ​ចាត់ទុកថា នេះ​ជាការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​នយោបាយ​របស់​សម្ដេច ហ៊ុន សែន ។​

​លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ មើលឃើញថា សម្ដេច ហ៊ុន សែន កំពុង​ភ្ញាក់ខ្លួន​ប្រឹង​ធ្វើ​នយោបាយ​វិញ ក្នុងការ​ទាញ​ចិត្ត​និង​បេះដូង​ប្រជាពលរដ្ឋ​ឲ្យ​ងាក​មក​គាំទ្រ​ខ្លួន​វិញ សម្រាប់​ការ​ប្រ​កូត​នៅ​ឆ្នាំ​២០១៨​។ លោក​ថា បើទោះជា​សម្ដេច ហ៊ុន សែន មិនទាន់​អាច​ទាក់ទាញ​ចិត្ត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ងាក​មក​គាំទ្រ​ខ្លួន​វិញ​ក៏ដោយ តែ​សម្ដេច ហ៊ុន សែន ក៏​អាច​កាត់បន្ថយ​កំហឹង និង​ការ​ស្អប់​របស់​ពលរដ្ឋ​ទាំងនោះ ដែលជា​ជំហាន​ដ៏​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជួប​ការលំបាក​នៅក្នុង​ការ​ប្រជែង​សន្លឹកឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​។ ត្រង់ចំណុច​នេះ​លោក អ៊ូ វីរៈ បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិនអាច​ទទួលបាន​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បាន​ច្រើន​ដូច​ឆ្នាំ​២០១៣​នោះទេ បើ​មិនមាន​យុទ្ធសាស្ត្រ​អ្វី​ខ្លាំង​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« ២០១៨​ខ្ញុំ​មើលទៅ​មិនមាន​ការដូរ​ច្រើន​ទេ តែមាន​ការដូរ​ខ្លះ ការដូរ​ខ្លះ​ដោយសារ​ខ្ញុំ​មើល​គណបក្ស​ប្រជាជន​២០១៣​គាត់​ជិះសេះ​លែងដៃ គាត់​អត់​ធ្វើ​នយោបាយ​ផង​។ តែ​២០១៨​គាត់​ប្រឹងប្រែង​ធ្វើ​នយោបាយ យើង​មិនដែល​ឃើញ​សម្ដេច ហ៊ុន សែន អង្គុយ​ញាំ​នំ​បញ្ចុក​នៅតាម​ផ្លូវ​ដើម្បី​ត្រៀម​ឆ្នាំ​២០១៨ ដោយសារ​ឥឡូវនេះ​យើង​ឃើញ​គាត់​ចាប់ផ្ដើម​ភ្ញាក់ផ្អើល យកចិត្តទុកដាក់​ធ្វើ​នយោបាយ​…​។

​លោក អ៊ូ វីរៈ បន្ថែមថា​៖«​ការប្រឹងប្រែង​ធ្វើ​នយោបាយ​នេះ​នឹង​ទាក់ទាញ​ការគាំទ្រ​ច្រើន​។ ទោះបី​មិន​ទាក់ទាញ​ការគាំទ្រ​ច្រើន ក៏​កាត់បន្ថយ​កំហឹង​ទៅលើ​គាត់​បាន​ច្រើន​ដែរ បានន័យថា យ៉ាងហោចណាស់​ក៏មាន​អ្នក​ស្ដាប់ ពី​ដើម​មក​គេ​ឃើញ​គាត់​តាម​ទូរទស្សន៍​គេ​ចង់​គប់​បំបែក​ចោល​ទូរទស្សន៍ គេ​ខឹង​ខ្លាំងពេក​។ តែ​ឥឡូវនេះ​យ៉ាងហោចណាស់​គេ​ស្ដាប់​សិន ស្ដាប់​សិន​គឺ​គាត់​មានឱកាស​ក្នុងការ​ឃោសនា​ជាមួយ​ប្រជាពលរដ្ឋ ពី​ដើម​មក​គឺ​គាត់​គ្មាន​ឱកាស​ផង​គេ​ខឹង​ខ្លាំងពេក​…​។ ចម្លើយ​គឺថា​គាត់​នៅមាន​ឱកាស​ទាញ​បានការ​គាំទ្រ​ច្រើន​មិន​ដូច​ពីមុន​ទេ​»​។​

​ងាក​មក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ លោក អ៊ូ វីរៈ មើលឃើញថា គណបក្ស​នេះ​កំពុង​ជួប​ការពិបាក​ខ្លាំង​នៅក្នុង​ការប្រកួតប្រជែង​សន្លឹកឆ្នោត​នៅ​ឆ្នាំ​២០១៨ ដែល​តម្រូវ​ឲ្យ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវតែ​ប្រឹងប្រែង​ខ្លាំង​ជាង​គណបក្ស​ប្រជាជន ក្នុងការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​នយោបាយ ដើម្បី​ទប់ស្កាត់​អ្នកគាំទ្រ​ខ្លួន​កុំ​ឲ្យ​ងាករេ​ទៅ​គាំទ្រ​គណបក្ស​ប្រជាជន​។ លោក​បន្ថែមថា បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ពឹងផ្អែក​និង​រងចាំ​ទទួលយក​ផល​ពី​គណបក្ស​ប្រជាជន តាមរយៈ​ការខឹង​និង​ការ​ស្អប់​របស់​ពលរដ្ឋ​ដូច​ឆ្នាំ​២០១៣ នោះ​គណបក្ស​នេះ​នឹង​មិនអាច​ទប់ទល់​ជាមួយ​គណបក្សកាន់អំណាច​បានឡើយ​។​

«​ខ្ញុំ​ព្រួយបារម្ភ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ខ្ញុំ​គិតថា​គណបក្ស​សង្គ្រោះ​ជាតិ​បើសិន​គាត់​អត់​មាន​អ្វី​ច្បាស់លាស់​ជាង​នេះ​ទេ បើ​គាត់​ពឹងផ្អែក​លើ​ការ​គេ​ខឹង​លោក ហ៊ុន សែន គេ​ស្អប់​គណបក្ស​ប្រជាជន គឺ​គាត់​ជោគជ័យ​នៅ​២០១៣ ដោយសារ​គេ​ខឹង​គេ​ស្អប់​មែន​។ តែ​ឥឡូវនេះ​ខ្ញុំ​មើលទៅ​ការពឹង​ផ្អែកលើ​គណបក្ស​ប្រជាជន​គឺ​មិនមាន​មូលដ្ឋាន​ឈរជើង​បានយូរ​ទេ មិនធំ​ទូលាយ​ទេ​…​។​គណបក្ស​សង្គ្រោះ​ជាតិ​សារ​នយោបាយ​ត្រូវ​ចាប់ផ្ដើម​ទាក់ទាញ​ឲ្យ​គេ​គាំទ្រ​គាត់ ក្រៅពី​គេ​ស្អប់​គណបក្សកាន់អំណាច​។​គាត់​ត្រូវការ​ទាក់ទាញ​ឲ្យ​គេ​ស្រលាញ់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ចៀស​ជាងគេ​ស្អប់​គណបក្សកាន់អំណាច​។ បើ​គាត់​ធ្វើ​អាច​បាន​គាត់​នៅមាន​ឱកាស​ឈ្នះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ូ វីរៈ​។​

​បើទោះជា​គ្មាន​វត្តមាន​ឯកឧត្តម សម រង្ស៊ី ក៏ដោយ ក៏​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ដោយ​ថ្លែង​សារ​នយោបាយ​ច្រើន​ដែរ តែ​សារ​នយោបាយ​នោះ ហាក់ដូចជា​នៅតែ​ប្រាប់​ប្រជាពលរដ្ឋ​ថា ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខលំបាក​។ តែ​យ៉ាងណា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​លោក​កំពុង​ពង្រឹង​តាម​មូលដ្ឋាន និង​ត្រៀម​យុទ្ធសាស្ត្រ​រួចរាល់​ក្នុងការ​ប្រកួតប្រជែង​បោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខនេះ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​