គ្រាប់​មិនទាន់​ផ្ទុះ​ជាង​១​សែន​គ្រាប់ ត្រូវបាន​រកឃើញ​ជា​រៀងរាល់ឆ្នាំ​នៅ​កម្ពុជា​

​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ដែល​សល់​ពី​សង្គ្រាម ត្រូវបាន​រកឃើញ​ជាង​១​សែន​គ្រាប់​ជា​រៀងរាល់ឆ្នាំ​។ អ្នកជំនាញ អះអាងថា ចំនួន​គ្រាប់​ផ្ទុះ​ដែល​សល់​ពី​សង្គ្រាម នៅតែមាន​ចំនួន​ច្រើន​នៅឡើយ និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​រៀងរាល់ឆ្នាំ​។​

​កម្ពុជា នៅមាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រហែល​ជាង ១​សែន​គ្រាប់ ដែល​បាន​ប្រមូល​និង​កម្ទេចចោល​ជា​រៀងរាល់ឆ្នាំ​។ នេះ​បើតាម​លោក សា​កូ ណាហ្គា​តូ​ស៊ី ប្រធាន​តំណាង​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន (JMAS) ដែល​បាន​ថ្លែង​ក្នុង «​ពិធី​ចុះហត្ថលេខា​ផ្តល់ជំនួយ​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​» នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៦ ។​

JMAS គឺជា​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ដែល​កំពុង​បំពេញបេសកកម្ម​នៅ​កម្ពុជា ទាក់ទង​នឹង​ការ​បោសសម្អាត​មីន​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។ ជាងនេះទៀត អង្គការ​នេះ ក៏បាន​បំពាក់បំប៉ន​ជំនាញ​និង​ផ្តល់​ឧបករណ៍​បច្ចេកទេស ដល់​មជ្ឈមណ្ឌល​សកម្ម​ភាព​កម្ចាត់មីន​កម្ពុជា (CMAC) ដើម្បី​រួមចំណែក​ក្នុងការ​សម្អាត​ជាតិ​ផ្ទុះ​ដែល​សល់​ពី​សង្គ្រាម ផងដែរ​។

​បើទោះបី​ជាមាន​វត្តមាន​នៅ​កម្ពុជា​និង​បាន​បំពេញការងារ​កម្ចាត់មីន​ជាច្រើន​ឆ្នាំ​ក៏ពិតមែន តែ​ប្រធាន​តំណាង​អង្គការ JMAS លោក សា​កូ ណាហ្គា​តូ​ស៊ី នៅតែ​មិនអាច​អះអាងថា អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​និង​គ្រាប់​យុទ្ធភណ្ឌ បាន​ថយចុះ​នោះទេ​។ លោក​បន្ថែមថា នាពេល​បច្ចុប្បន្ននេះ អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បាន​កើនឡើង​ច្រើនជាង អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​។

​យ៉ាងណាក៏ដោយ លោក សា​កូ ណាហ្គា​តូ​ស៊ី នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​មាំ​ថា អង្គការ​នេះ នឹង​បន្ត​គម្រោង​របស់ខ្លួន ដោយ​ផ្តោតទៅលើ​ការបង្កើន​ជំនាញ ចំណេះដឹង និង​ការគ្រប់គ្រង​ទីវាល​របស់​ក្រុម​អន្តរាគមន៍ ដើម្បី​កម្ចាត់​គ្រឿងផ្ទុះ​ដែល​សល់​ពី​សង្គ្រាម​។ ជាងនេះទៀត អង្គការ​នឹង​បង្វឹក​ប្រធាន​ក្រុម​អន្តរាគមន៍​ឆ្លើយតប​នឹង​កាកសំណល់​ជាតិ​ផ្ទុះ និង​សមាជិក​ក្រុម ព្រមទាំង​សិក្សា​រួមគ្នា​ជាមួយ​គ្រូ​ហ្វឹកហ្វឺន​នៅក្នុង​វិទ្យាស្ថាន​បច្ចេកទេស ដូច​គម្រោង​ឆ្នាំមុនៗ​ផងដែរ​។

​ប្រធាន​តំណាង​អង្គការ JMAS រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​យើង​នឹង​អនុវត្ត​គម្រោង​នេះ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ យើង​ជឿជាក់ថា កិច្ចប្រតិបត្តិការ​ដ៏​ល្អប្រសើរ​នេះ រួមចំណែក ផ្តល់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅក្នុង​តំបន់​មាន​គ្រោះថ្នាក់ ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​។ វា​ជា​ក្តី​រំពឹង ដែល​ប្រជាជន​និង​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ប្រជាជន​និង​រដ្ឋាភិបាល​ជប៉ុន ចង់បាន​ទាំងអស់គ្នា​»​។​

​សូម​រម្លឹកថា ក្នុង​ឆ្នាំ​២០១៥ អត្រា​អ្នករងគ្រោះថ្នាក់​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បានកើត​ឡើង​រហូត ដល់​៨១​នាក់​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​