ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ  នៅ​រសៀល​ថ្ងៃ​ពុធ ខែមីនា ឆ្នាំ​២០១៦​នេះ កម្លាំង​គណ​បញ្ជាការ​ខណ្ឌដូនពេញ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​គឹ​ម វុ​ត្ថា ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​គួ​ច ចំរើន​អភិបាល​ខណ្ឌ បាន​ចុះ​រុះរើ​រោង​ឈើ អនាធិបតេយ្យ ៤​រោង ដែល​បាន​សង់​រំលោភ​លើ​ដី​រថភ្លើង ជា​ពិសេស​រោង​ឈើ​ទាំងនោះ គឺជា​ជម្រក​សំរាប់​ក្រុម​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​សម្ងំ​សេព​ថ្នាំ​ញៀន ស្ថិត​នៅ​ម្តុំ​ផ្លូវ​រថភ្លើង​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

លោក​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​យើង​ឲ្យ​ដឹង​ថា ការ​ចុះ​រុះរើ​រោង​ឈើ អនាធិបតេយ្យ​ទាំងនេះ​បន្ទាប់​ពី​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ​របស់​លោក​បាន​ចុះ​ត្រួតពិនិត្យ​មើល​តាម​មូលដ្ឋាន​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ គាប់​ជួន​ពេល​នោះ​ក៏​ប្រទះ​ឃើញ​មាន​មនុស្ស​៤​នាក់​កំពុង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​រោង​ឈើ​ទាំងនោះ ហើយ​ពេល​នោះ​ខ្ញុំ​ក៏​បាន​បញ្ចា​កម្លាំង​សណ្តាប់ធ្នាប់​នឹង​កម្លាំង​កង​រាជ​អាវុធ​ខណ្ឌដូនពេញ​ធ្វើការ​ចាប់​ប្រមូល​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ទាំង​៤​នាក់​នោះ យក​ទៅ​ដាក់​នៅ​បញ្ចា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​សាកសួរ​នឹង​ប​ញ្ចូ​ន​បន្ត​ទៅ​មន្ទី​សង្គមកិច្ច​ផង​ដែរ ។

លោក គួ​ច ចំរើន បន្ត​អោយ​ដឹង​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ទាំ​អស់នោះ​រួច ដោយ​ខ្ញុំ​មើលឃើញ​ថា រោង​ឈើ​ដែល​សង់​យ៉ាង អនាធិបតេយ្យ​ទាំងនោះ​មិន​ត្រឹមតែ​ជា​ជម្រក​សម្រាប់​ក្រុម​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​សម្ងំ​សេព​ថ្នាំ​ញៀន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​សង់​រំលោភ​លើ​ដី​រថភ្លើង​ទៀត​ផង ។ ទើប​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ខ្ញុំ​បាន​បញ្ជា​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​គឹ​ម វុ​ត្ថា ប្រធាន​សណ្តាប់ធ្នាប់​ចុះ​ទៅ​រុះរើ​ចោល​តែ​ម្តង​ទៅ​៕