លោកស្រី Clinton និង​លោក Trump ទទួល​បាន​ជោគជ័យ​ធំធេង​នៅក្នុង​ការបោះឆ្នោត​បឋម​ក្នុង​រដ្ឋ​ជាង​១០

លោកស្រី Clinton  និង​លោក Trump ទទួល​បាន​ជោគជ័យ​ធំធេង​នៅក្នុង​ការបោះឆ្នោត​បឋម​ក្នុង​រដ្ឋ​ជាង​១០

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក​ស្រី Hillary Clinton និង​បេក្ខជន​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ លោក Donald Trump បាន​ច្បាម​យក​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើង ដើម្បី​ទទួលការ​​តែងតាំង​ជា​បេក្ខជន​តំណាង​គណបក្ស​រៀងៗខ្លួន នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក​ស្រី Hillary Clinton និង​បេក្ខជន​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ លោក Donald Trump បាន​ច្បាម​យក​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើង ដើម្បី​ទទួលការតែងតាំង​ជា​បេក្ខជន​តំណាង​គណបក្ស​រៀងៗខ្លួន នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក។

​លោក​ស្រី​ Clinton និង​លោកTrump ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​ជាច្រើនក្នុង​ការបោះឆ្នោត​បឋម​នៅ​រដ្ឋ​ជាង​១០ កាល​ពី​ថ្ងៃ​អង្គារ ដែល​ជា​ថ្ងៃ​បោះឆ្នោត​ដ៏​សំខាន់​បំផុតនៃ​រដូវ​កាល​បោះឆ្នោត​បឋម​នេះ។

​អតីត​រដ្ឋមន្ត្រី​ការបរទេស​គឺ​ លោកស្រី Clinton បាន​ឈ្នះ​នៅ​រដ្ឋ​ចំនួន​៧​គឺរដ្ឋ Tennessee Alabama Georgia Arkansas Virginia Texas និង​ Massachusetts។ រីឯ​ គូ​ប្រជែង​របស់​លោកស្រី ​នៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដូច​គ្នា គឺ​លោក Sanders​វិញ បាន​ឈ្នះ​នៅ​រដ្ឋ​ចំនួន​៤​គឺ​រដ្ឋ​Vermont Oklahoma Minnesota និង​ Colorado។

ចំណែក​ឯ ​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ លោក Trump បាន​ឈ្នះ​នៅ​រដ្ឋ​ចំនួន​៧​ដែរ គឺ​រដ្ឋ​Arkansas Georgia Alabama Tennessee Virginia Vermont និង Massachusetts។ រី​ឯ​គូ​ប្រជែង​របស់​លោក​នៅ​ខាង​គណបក្ស​តែ​មួយ គឺ​សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ​តិចសាស់​គឺ​ លោក Ted Cruz វិញ បាន​ឈ្នះ​នៅ​រដ្ឋ​ចំនួន​៣ គឺ​រដ្ឋTexas របស់​លោក​ផ្ទាល់ ព្រមទាំង​រដ្ឋOklahoma និង​រដ្ឋAlaska។ ចំណែក​ឯ​សមាជិក​ព្រឹទ្ធសភាប្រចាំ​រដ្ឋFlorida គឺ​លោក Marco Rubio បាន​ឈ្នះ​នៅ​រដ្ឋ Minnesota ដែល​ជា​ជោគជ័យ​លើក​ដំបូង​របស់​លោក​ក្នុង​រដូវកាល​បោះឆ្នោត​បឋម​នេះ។

លទ្ធផល​ទាំង​អស់​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ដោយសារ​ការ​ស្ទង់មតិ​មុន​ការ​បោះឆ្នោត​នេះ​បាន​បង្ហាញ​ថា លោកTrump និង​លោកស្រី Clinton នឹង​នាំ​មុខ​នៅក្នុង​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ​ជាង​១០​នេះ​កាល​ពី​ថ្ងៃ​អង្គារ។

នៅ​ក្នុង​សុន្ទរកថា ក្រោយ​ពី​ជ័យជម្នះ​របស់​ពួកគេ បេក្ខជន​នីមួយៗ​បាន​ផ្តោត​ទៅលើ​គូបដិបក្ខ​របស់​ពួកគេ​រៀងៗ​ខ្លួន ជាជាង​ទៅលើ​គូ​ប្រជែង​ក្នុង​គណបក្ស​តែ​មួយ​នៅ​ក្នុង​ការបោះឆ្នោត​បឋម​នេះ៕