ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ជិត ៤.០០០នាក់ មកទស្សនកិច្ច កម្ពុជាតាមច្រក កំពង់ផែសមុទ្រ ព្រះសីហនុ

ភ្នំពេញ៖ ភ្ញៀវទេសចរណ៍ បរទេសចម្រុះជាតិសាសន៍ ជិត ៤.០០០នាក់ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះ បានធ្វើដំណើរតាមនាវា ទេសចរណ៍ធុនយក្ស មួយគ្រឿងមានឈ្នោះ SAPPHIRE PRINCESS បានបោះយុថ្កា នៅក្នុងលំហសមុទ្រខេត្តព្រះសីហនុ ដែលមានចម្ងាយប្រមាណជា ២ម៉ាយ ពីកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ ដើម្បីធ្វើទស្សនាចរណ៍នៅលើទឹកដីកម្ពុជា រយៈពេល ១ថ្ងៃ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រងសម្តី របស់វរសេនីយឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុថា នាវាទេសចរណ៍ធុនយក្សមានឈ្មោះ SAPPHIRE PRINESS បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ២.៦០២នាក់ ស្រី១.៤១៣នាក់ មាន៤៦ មានសញ្ជាតិផ្សេងគ្នា និងមាននាវិកសរុប១.០៩៥នាក់ (ស្រី ២២៦ នាក់) មាន ៥៣សញ្ជាតិ បានធ្វើដំណើរតាមនាវានេះមកពីប្រទេសវៀតណាម នៅម៉ោង ៦និង ៣០នាទីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ មុននឹងធ្វើដំណើចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ នៅល្ងាចថ្ងៃដដែល។

លោកវរសេនីយ៍ឯក បានបន្ថែមថា នាវាទេសចរណ៍យក្សនេះ មានបណ្តោយ ២៨៨ម៉ែត្រ ទទឹង ៣៦ម៉ែត្រ ជម្រៅទឹក ៨.៣ម៉ែត្រ។ ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលធ្វើដំណើតាមនាវាយក្សមានសញ្ជាតិច្រើនជាងគេ មានដូចជាអូស្ត្រាលីចំនួន ៧៤៨នាក់, អង់គ្លេសចំនួន ៧២១នាក់ អាម៉េរិកចំនួន ៤៩២នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងទៀត ហើយភ្ញៀវទេសចរទាំងអស់ភាគច្រើនជាមនុស្សមានវ័យចំណាស់៕