លោក​ខៀវ កាញារីទ្ធ ប្រកាស​ឲ្យ​បញ្ឈប់​ការចាក់ផ្សាយ បទ​ចម្រៀង ស្អាត​ជានិច្ច របស់​ផលិតកម្ម​ហង្ស​មាស​ដែល​គ្មាន​ខ្លឹមសារ​អប់រំ​

ភ្នំពេញ: លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចេញ​លិខិតផ្លូវការ ណែនាំ​ដល់​ម្ចាស់ ស្ថានីយ៍​វិទ្យុ និង ទូរទស្សន៍​គ្រប់​ប្រភេទ ឲ្យ​បញ្ឈប់​ការ ចាក់ផ្សាយ​បទ​ចម្រៀង មាន​ចំណងជើង​ថា  ស្អាត​ជានិច្ច របស់​ផលិតកម្ម​ហង្ស​មាស ដែល​បាន​ផលិត​ជា​វិ​ឌី​អូ និង​ច្រៀង ដោយ​កញ្ញា ពេជ្រ សោភា និង​ឌី​ជេ​ដេវីត ដោយសារតែ​ខ្លឹមសារ និង​រូបភាព សម្តែង ខុសពី​ខ្លឹមសារ​ដើម ដែល​ច្រៀង​ក្នុងន័យ​អប់រំ បណ្តុះ​គំនិត​កុមារ​ឲ្យ​ឧស្សាហ៍​ព្យាយាម​។​

​ក្រសួង​ព័ត៌មាន​បានលើកឡើង​ថា បទ​ចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​មាន​ចំណងជើង​ថា ស្អាត​ជានិច្ច ច្រៀង​ដោយ​កញ្ញា​ពេជ្រ​សោភា និង​ឌី​ជេ​ដេ​រីដ ទាំង​ខ្លឹមសារ​និង​រូបភាព​នៃ​ការសម្តែង បាន​ប្រាសចាក​អំពី​អត្ថន័យ​ខ្លឹមសារ​ដើម​ទាំងស្រុង​នៃ​បទ​ចម្រៀង ស្អាត​ជានិច្ច ដែល​បាន​អប់រំ​បណ្តុះ​គំនិត​ប្រាជ្ញា​ស្មារតី ឲ្យ​កុមារ​ឧស្សាហ៍​ព្យាយាម រស់នៅ​ស្អាត មាន​អនាម័យ​ល្អ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ទាំង​ពេល​នៅផ្ទះ និង​នៅ​សាលារៀន ដើម្បី​ក្លាយខ្លួនជា​កុមារ​គំរូ ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេសជាតិ​។ ចំណែក​បទ​ចម្រៀង ស្អាត​ជានិច្ច របស់​ផលិតកម្ម​ហង្ស​មាស ទាំង​អត្ថន័យ​ខ្លឹមសារ​រ៉េ​ប របស់​ឌី​ជេ​ដេ​រីដ និង​រូបភាព​នៃ​ការសម្តែង​បានបង្ហាញ​អំពី​អត្តចរិត​របស់​កុមារ​ខ្ជិលច្រអូស​ម្នាក់​រៀន​នៅ​បឋមសិក្សា​ធ្វើ​ពុត​ជា​ឈឺក្បាល វិលមុខ និង​ក្តៅខ្លួន​សុំ​អ្នកគ្រូ​ទៅផ្ទះ​គេច​សាលា​ដើរលេង ហើយ​សិស្ស​ផ្សេងទៀត​មាន​អាកប្បកិរិយា​មិន​សមរម្យ លេង​ឈូស​ស្បែកជើង​ស៊ីលុយ​នៅក្នុង​សាលារៀន​។ ចំណែក​សិស្ស​ខ្លះទៀត ធ្វើ​ពលកម្ម​យកដៃ​កើប​សំរាម​ខ្វះ​អនាម័យ ដែល​ផ្ទុយ​ពី​អត្ថន័យ​ខ្លឹមសារ​អប់រំ​នៃ​បទ​ចម្រៀង​ដើម ជះឥទ្ធិពល​មិនល្អ​ដល់​កុមារ​ទូទៅ​។ ដូច្នេះ​ក្រសួង​ព័ត៌មាន​ស្នើសុំ​ឲ្យ​បញ្ឈប់​ការចាក់ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា ស្អាត​ជានិច្ច របស់​ផលិតកម្ម​ហង្ស​មាស​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​៕

លោក​ខៀវ កាញារីទ្ធ ប្រកាស​ឲ្យ​បញ្ឈប់​ការចាក់ផ្សាយ បទ​ចម្រៀង ស្អាត​ជានិច្ច របស់​ផលិតកម្ម​ហង្ស​មាស​ដែល​គ្មាន​ខ្លឹមសារ​អប់រំ​