HSC-2016៖ យុវជនបឹងកេត បន្ដចាញ់ ខណៈស្វាយរៀង រក្សាតំណែង កំពូលតារាង

ភ្នំពេញ៖ ក្រុមបាល់ទាត់ យុវជនបឹងកេត បានរបូតអស់ ៣ពិន្ទុទៀតហើយ ក្រោយប្រកួតចាញ់ ក្រុមភ្ញៀវខេត្តស្វាយរៀង ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ Hun Sen Cup លើកទី១០ សប្ដាហ៍ទី៣ ដែលទើបបញ្ចប់ការ ប្រកួតកាលពីល្ងាចមិញនេះ ។

ខណៈពេលនេះ ក្រុមស្វាយរៀង បាននឹងកំពុងឈរ កំពូលតារាងពូល B ដោយមាន ៩ពិន្ទុពេញក្នុងដៃ ក្រោយយកឈ្នះគូប្រកួត ៣លើកជាប់គ្នា រួមទាំងជ័យជម្នះលើ ក្រុមយុវជនបឹងកេត តំណាងខេត្តកំពង់ចាមផងដែរ ។ រីឯក្រុមយុវជនបឹងកេត ពេលនេះបានរក្សា ចំណាត់ថ្នាក់លេខ៣ ក្នុងពូលក្រោយឆ្លងផុត ៣ប្រកួត ឈ្នះ១ និងចាញ់២ ។

ដោយឡែកក្រុម ជម្រើសខេត្តព្រៃវែង ពេលនេះបានឡើងឈរ ចំណាត់ថ្នាក់លេខ២ ក្នុងពូលB ហើយ បន្ទាប់ពីរកបាន ៣ពិន្ទុបន្ថែមពីជ័យជម្នះ លើក្រុមជម្រើស ខេត្តត្បូងឃ្មុំ ដោយលទ្ធផល ៥-១ លើទឹកដីរបស់ខ្លួន ។ ជ័យជម្នះនេះ បានជួយឲ្យក្រុមមាន ៦ពិន្ទុក្នុងដៃ សម្រាប់លទ្ធផល ៣ប្រកួត ឈ្នះ២ និងចាញ់ ១ប្រកួតកន្លងមក ។

ក្នុងថ្ងៃនេះដែរ ក៏មានលទ្ធផល ៤ប្រកួតផ្សេងៗទៀត ដែលប្រកួតលើទីលាន ៤ផ្សេងគ្នាផងដែរ គឺពូលA ក្រុមខេត្តកណ្ដាល យកឈ្នះក្រុមម្ចាស់ ផ្ទះខេត្តកំពង់ស្ពឺ ដោយលទ្ធផល ២-០, ពូលC ក្រុមខេត្តសៀមរាប ប្រកួតឈ្នះក្រុមភ្ញៀវ ខេត្តឧត្តរមានជ័យ ដោយលទ្ធផល ៤-០ និងក្រុមអាវុធហត្ថខេត្តកំពង់ធំ យកឈ្នះខេត្តព្រះវិហារ ដោយលទ្ធផល ២-១ និងពូលD ក្រុមខេត្តបាត់ដំបង បរាជ័យក្រោមថ្វីជើង ក្រុមភ្ញៀវខេត្តប៉ៃលិន ដោយលទ្ធផល ៣-២ ៕

HSC-2016៖ យុវជនបឹងកេត បន្ដចាញ់ ខណៈស្វាយរៀង រក្សាតំណែង កំពូលតារាង