ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានីភ្នំពេញ ៖ ស្ត្រីជាបក្ខពួកក្រុមចោរទម្លាក់យោងម្នាក់ត្រូវបានកម្លាំងប៉ូលីសខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៏ទោ ជឹម ស៊ីថា អធិការនគរបាល​ខណ្ឌដង្កោ ធ្វើការចាប់ខ្លួនបាន បន្ទាប់ពីជនសង្ស័យម្នាក់នេះ កាលពីពេលជាង១០ថ្ងៃមុន ធ្លាប់បានធ្វើសកម្មភាពទម្លាក់យោងនៅក្នុងភូមិសាស្រ្តខណ្ឌដង្កោបានសម្រេច ដោយយកបានគ្រឿង អលង្ការមាសពីស្រ្តីម្នាក់៥ជីកន្លះម្តង ។

បន្ទាប់មកបានគេចខ្លួនបាត់ រហូតមកដល់ពេលនេះញ៉ាមបានចេញទៅធ្វើសកម្មភាពម្តងទៀត ប៉ុន្តែមិនទាន់បានធ្វើផង ត្រូវអស់លក្ខណ៍ ដោយជនរងគ្រោះប្រទះឃើញ ហើយចំណាំមុខបាន ក៏ប្ដឹងប៉ូលីសឲ្យចាប់ខ្លួនតែម្ដង ។ ការឃាត់ខ្លួនស្រ្តីរូបនោះ បានធ្វើឡើងកាលពីវេលាម៉ោង ៨ និង៤៥នាទីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៦ នៅចំណុចផ្សារ សារឿន យ៉ាន្នី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ក្រុមទី១ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីសង្ស័យរូបនោះ ឈ្មោះ ស្វាយ វ៉ាន់ណូ អាយុ៣២ឆ្នាំ ស្នាក់នៅ ផ្ទះជួលក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ ដោយឡែកស្រ្តីរងគ្រោះ ឈ្មោះ ផែ គឹមរុន អាយុ៦១ឆ្នាំ មានទីលំនៅក្នុងភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ បាត់បង់ខ្សែកមាសទម្ងន់៥ជីកន្លះ 

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា សកម្មភាពទម្លាក់យោងនោះបានកើតឡើងតាំងពី ពីវេលាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦​ស្រ្តីរង​គ្រោះ​បានជិះ​ម៉ូតូកង់បី​១គ្រឿ​ង​ចេញពីផ្ទះជាមួយចៅ ទៅផ្សារសារឿន យ៉ាន្នី ដើម្បីរកទិញម្ហូប និងរបស់របរមួយចំនួនទៀត ។ នៅខណៈពេលកំពុងដើរទិញឥវាន់នៅក្នុងផ្សារ ស្រាប់តែជួបជនសង្ស័យ និងបក្ខពួកបានប្រើល្បិចទម្លាក់យោងដោយមាន អ្នកខ្លះធ្វើជាបាត់មាស និងខ្លះធ្វើជាជាអ្នករើសបានបន្ទាប់មកបាននាំជនរងគ្រោះ ជិះម៉ូតូកង់បីទៅកន្លែងស្ងាត់ រួចបាន​លាបង្ហាញ​កូនថង់ពណ៌ក្រហម១ ឲ្យជនរងគ្រោះមើលឃើញសុទ្ធតែមាស និងប្រាប់ជនរងគ្រោះថានៅក្មុងថង់នោះ មានមាស ចំនួន៥តម្លឹង ។

ប្រភពដដែលបានបន្តថា ស្រ្តីសង្ស័យបាននិយាយលួងលោមបញ្ចុះបញ្ចូលរហូតដល់ជនរងគ្រោះ ទន់ចិត្តគិតអ្វីលែងឃើញ ទើបស្រ្តីសង្ស័យខាង​លើបានបបួល​ជនរងគ្រោះ ដូរគ្នាដោយសុខចិត្ត ប្រគល់មាស ក្នុងថង់ពណ៌ក្រហមដែលអះអាងថាមាន មាសទម្ងន់៥តម្លឹងនោះ និងសុំយកខ្សែ កមាសទម្ងន់៥ជីកន្លះពីជនរងគ្រោះ។

ដោយសារតែមើលឃើញ មាសនៅក្នុងកូនថង់ពណ៌ក្រហមនោះ ច្រើនជាងរបស់ខ្លួនជនរង គ្រោះក៏បានយល់ព្រមដោះខ្សែកទៅឲ្យជនសង្ស័យ  បន្ទាប់មកជនសង្ស័យ​បានគេចខ្លួនបាត់ស្រមោល ទើបស្ត្រីរងគ្រោះ លាថង់ពណ៌ក្រហមនោះមើលទើបដឹងថាចាញ់បោកជនសង្ស័យ ព្រោះក្នុងថង់នោះសុទ្ធ តែជារបស់កាឡៃ ។ ប៉ុន្តែខណៈ​នោះ​ជនរងគ្រោះមិន បានដាក់ពាក្យបណ្តឹង លុះដល់ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ខណៈពេលកំពុងដើរទិញឥវាន់ នៅក្នុងផ្សារ សារឿន យ៉ាន្នី ប្រទះ​ឃើញ​ស្ត្រីសង្ស័យ​នៅក្នុងផ្សារនោះដែរ ក៏ស្រែកថាចោរៗ  បង្កឲ្យមានការភ្ញាក់ផ្អើល និងប្ដឹងឲ្យនគរបាលខណ្ឌដង្កោចាប់ខ្លួន ។

លោកវរសេនីយ៏ទោជឹម ស៊ីថា អធិការនគរបាល​ខណ្​ឌ​ដង្កោ ចាប់ខ្លួននាំទៅសាកសួរ និងកសាងសំណុំរឿងហើយស្ត្រីជាជនសង្ស័យ បានសារភាពថា ខ្លួនពិត​ជាបាន​ធ្វើសកម្មភាព ទម្លាក់យោងយកបានខ្សែកមាសទម្ងន់៥ជីកន្លះ ពីជនរងគ្រោះពិតប្រាកដមែនកាលពីជាង១០ថ្ងៃមុន ដោយបានយកទៅលក់យកលុយ ចែកចាយ បក្ខ​ពួក​​អស់ទៅហើយ ៕ យន់ ស៊ីថា