អភិបាលខេត្ត​បាត់ដំបង​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ក្នុង​ទី​រួម​ខេត្ត​នាំគ្នា​គោរព​ទង់ជាតិ​រាល់​ព្រឹក​

លោក ច័ន្ទ សុផល (ឆ្វេង) អភិបាលខេត្តបាត់ដំបង។ ប្រភព ហ្វេសប៊ុក​រដ្ឋបាលខេត្តបាត់ដំបង​តាមរយៈ​សេចក្តីជូនដំណឹង​ចុះ​កាលពី​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បានស្នើ​ឲ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកគ្រប់គ្រង​គ្រឹះស្ថានសិក្សា សិស្ស និស្សិត ពលរដ្ឋ និង​សាធារណជន​ទាំងអស់ ក្នុង​ក្រុង​បាត់ដំបង ឲ្យ​ចូលរួម​គោរព​ទង់ជាតិ​រាល់​ម៉ោង​៧​ព្រឹក ក្រោយ​លឺ​សំឡេង​ស៊ី​រ៉ែ​ន​របស់​អង្គភាព​រដ្ឋាករទឹក​ខេត្ត​។​

​លោក ច័ន្ទ សុផល បាន​រំលឹកថា កន្លងមក រដ្ឋបាលខេត្ត​បានកំណត់​ពេលវេលា​នៃ​ការគោរព​ទង់ជាតិ​ម្តង​ហើយ ប៉ុន្តែ​ដោយសារ​ម៉ាស៊ីន​បន្លឺសំឡេង​ស៊ី​រ៉ែ​ន​របស់​រដ្ឋាករទឹក​ខេត្តបាត់ដំបង ខូច ទើប​សកម្មភាព​នេះ មានការ​អាក់ខាន​។​

​បច្ចុប្បន្ន ម៉ាស៊ីន​បន្លឺសំឡេង​ដំណើរការ​ឡើងវិញ ដូច្នេះ​លោក​អភិបាលខេត្ត​បាត់ដំបង​សម្រេច​ប្រកាស​អនុវត្ត​កម្មវិធី​គោរព​ទង់ជាតិ​នៅក្នុង​ទី​រួម​ខេត្ត​។ លោក​បានសរសេរថា សកម្មភាព​នេះ គឺ​ដើម្បី​បង្កើន​នូវ​ស្មារតី​គោរព​ស្រឡាញ់​ចំពោះ​ជាតិ​មាតុភូមិ​។​

​លោក​បាន​សំណូម​ដល់​សាធារណជន​ទាំងអស់​ក្នុង​ក្រុង​បាត់ដំបង​ទាំងមូល ដែល​បាន និង​កំពុងធ្វើដំណើរ និង​ធ្វើ​កិច្ចការ​ផ្សេងៗ​នៅតាម​បណ្តា​ដងផ្លូវ​នានា​ក្នុង​ក្រុង នៅពេលដែល​បានឮ​ស្នូរ​សំឡេង​ស៊ី​រ៉ែ​ន​របស់​អង្គភាព​រដ្ឋាករទឹក​នៅ​វេលា​ម៉ោង​៧​ព្រឹក ឲ្យ​បញ្ឈប់​សកម្មភាព ហើយ​នាំគ្នា​ងើបឈរ ឬ​ចុះ​ពី​យាន​មក​ដើម្បី​ជា​និមិត្តរូប​នៃ​ការចូលរួម​គោរព​ទង់ជាតិ​រហូតដល់​សំឡេង​ស៊ី​រ៉ែ​ន​ចប់ «​មួយ​នាទី​»​។​

«​សកម្មភាព​នៃ​ការចូលរួម​គោរព​ទង់ជាតិ​តាមរយៈ​ស្នូរ​សំឡេង​ស៊ី​រ៉ែ​ន​នេះ ត្រូវ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៦ តទៅ​»​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​លោក ច័ន្ទ សុផល ដោយ​លោក​សង្ឃឹមថា នឹងមាន​ការចូលរួម​អនុវត្ត​ព្រមៗ​គ្នា​ដើម្បី​ជាការ​លើកស្ទួយ​កិត្យានុភាព​របស់​ជាតិ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​