ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តរតនគិរី ៖ កម្លាំង​អាវុធ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ​កាលពី​រសៀល​ថ្ងៃ​ទី​១ ខែ​មិ​នា ម្សិលមិញ​នេះ​បាន​ចាប់​រថយន្ត​មួយ​គ្រឿង​ដឹកឈើ​ក្រ​ញូ​ង ខណៈ​កំពុង​ធ្វើ​ដំណើរ​លេខ​៧៨ លោតឆ័ត្រ​ទៅ​ប្រទេស​វៀតណាម​។ បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ទីលំនៅ​ស្ថិត​ក្នុង​ទីរួមស្រុក​អូ​រយ៉ា​ដាវ ប្រាប់​ឲ្យ​ដឹង​ថា​រថយន្ត​មួយ​គ្រឿង​ដឹកឈើ​ក្រ​ញូ​ង​លោតឆ័ត្រ​ទៅ​ប្រទេស​វៀតណាម​នេះ​ជា​កម្មសិទ្ធិ​កូនប្រុស​មន្ត្រីជាន់ខ្ពស់​ខេត្តរតនគិរី ដោយ​កន្លង​មក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រពាក់​ស្លាក​លេខ​ភ្នំពេញ 2G-2928 ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម​យ៉ាង​សកម្ម​ប៉ុន្តែ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​នោះ​ទេ​ពោល​គឺ​នេះ​ជា​លើក​ទី​១ ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បង្កើត​គណកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​។

ទោះបី​យ៉ាងណា​ក៏​ដោយ​ករណី​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ​ចាប់​រថយន្ត​ដឹកឈើ​ក្រ​ញូ​ង​១​គ្រឿង​ខាងលើ​នេះ​ហាក់បីដូចជា​លាក់​ព័ត៌មាន សង្ស័យ​រង​ឥទ្ធិពល​ពី​អ្នកមាន​អំណាច​ណា​ម្នាក់​ព្រោះ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ឲ្យ​អ្នកកាសែត និង​ទូរទស្សន៍​ធ្វើការ​ផ្សព្វផ្សាយ​នោះ​ទេ​។ ជាក់ស្តែង​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិ​នា នេះ​រថយន្ត​ផ្ទុក​ឈើ​ក្រ​ញូ​ង​លោតឆ័ត្រ​ទៅ​វៀតណាម​នេះ​អូស​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី ប៉ុន្តែ​មិន​ទាន់​ឃើញ​វត្តមាន​មន្ត្រី​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ​ណា​ម្នាក់​មក​ធ្វើការ​វាស់វែង​ចំនួន​ពិតប្រាកដ​ប្រគល់​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅឡើយ​ទេ​។

ជាមួយ​គ្នា​នឹង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​អូ​រយ៉ា​ដាវ​ចាប់​រថយន្ត​មួយ​គ្រឿង​ដឹកឈើ​ក្រ​ញូ​ង​តាម​ផ្លូវជាតិ​លេខ​៧៨​លោតឆ័ត្រ​ទៅ​វៀតណាម​នេះ​ដែរ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ខេត្តរតនគិរី​មាន​មតិ​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា​សូម​ឲ្យ​សមត្ថកិច្ច​ចាប់​ម្ចាស់​រថយន្ត​ល្មើសច្បាប់​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់​ព្រោះ​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូ​ង​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​បទបញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​អោយ​ខាង​តែ​បាន​៕