ហួសចិត្ត​ដ្បិត​មន្ត្រី​គយ​មាន​ងារ​ជា​ឧកញ៉ា​ម្នាក់​ធ្លាប់​រង​ទណ្ឌកម្ម​វិន័យ​ បែរជា​តែងតាំង​មុខ​តំណែង​ឲ្យ​កាន់តែ​ធំ​

​មានរឿង​គួរ​ឲ្យ​ហួសចិត្ត​ ដ្បិត​នៅ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​រាជរដ្ឋាភិបាល​ គឺ​មន្ត្រី​គយ​មាន​ងារ​ជា​ឧកញ៉ា​ម្នាក់​ដែល​ធ្លាប់​ទទួល​រង​នូវ​ទណ្ឌកម្ម​វិន័យ​ដល់​ថ្នាក់​ផ្លាស់​ចេញ​ដោយ​បង្ខំ​ពីមុខ​ងារ​ និង​ដាក់​ឲ្យ​នៅ​ទំនេរ​គ្មាន​បៀវត្សរ៍​រយៈពេល​០៦​ខែ​ ដោយសារ​ប្រព្រឹត្ត​កំហុសឆ្គង​ខ្វះខាត​ក្នុង​កាតព្វកិច្ច​បំពេញការងារ​នោះ​ បែរជា​ទទួល​បានការ​តែងតាំង​មុខ​តំណែង​ថ្មី​ឲ្យ​កាន់តែ​ធំ​ជាង​មុន​ទៅ​វិញ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មន្ត្រីរាជការ​ដែល​ខិតខំ​បំពេញការងារ​ មានការ​ភ្ញាក់ផ្អើល​ និង​បាក់ទឹកចិត្ត​យ៉ាង​ខ្លាំង​ ។​

​មន្ត្រី​គយ​មាន​ងារ​ជា​ឧកញ៉ា​ដែល​ធ្លាប់​ទទួល​រង​ទណ្ឌកម្ម​វិន័យ​ បែរជា​ទទួល​បានការ​តែងតាំង​មុខ​តំណែង​សា​ជា​ថ្មី​ឲ្យ​កាន់តែ​ធំ​ជាង​មុន​នោះ​ គឺ​លោក​ឧកញ៉ា​ ហ៊ី​វ​ គឹ​ម​ហេង​ អតីត​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ និង​បច្ចុប្បន្ន​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ។​

​លោក​ឧកញ៉ា​ ហ៊ី​វ​ គឹ​ម​ហេង​ កាល​នៅ​កាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ គឺ​ធ្លាប់​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​វិន័យ​តាម​របៀប​ផ្លាស់​ចេញ​ដោយ​បង្ខំ​ពីមុខ​ងារ​ និង​ដាក់​ឲ្យ​នៅ​ទំនេរ​គ្មាន​បៀវត្សរ៍​ រយៈពេល​០៦​ខែ​ ព្រោះតែ​មានការ​ខ្វះខាត​ក្នុង​កាតព្វកិច្ច​បំពេញការងារ​នា​ពេល​នោះ​ ដោយ​អនុក្រឹត្យ​លេខ​៧៥៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០០៦​ ។​ ប៉ុន្តែ​រយៈពេល​ជិត​២​ឆ្នាំ​ក្រោយ​ ក៏​ទទួល​បានការ​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ និង​គ្រប់គ្រង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ដោយ​អនុក្រឹត្យ​លេខ​១១៣៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៨​ និង​ក្រោយមក​ទៀត​ មន្ត្រី​គយ​ធ្លាប់​មាន​កំហុសឆ្គង​ រង​ទណ្ឌកម្ម​វិន័យ​រូប​នេះ​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​ថ្មី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​យ៉ាង​ហ៊ឺហា​ ដោយ​អនុក្រឹត្យ​លេខ​១៦៩៨​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៤​ ។​

​ទោះ​យ៉ាងណា​ក្តី​ ប្រភព​ព័ត៌មាន​ ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ឲ្យ​ដឹង​ថា​ លោក​ឧកញ៉ា​ ហ៊ី​វ​ គឹ​ម​ហេង​ ដែល​កាន់​តំណែង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ប្រសិនបើ​មិន​មានការ​ពន្យារពេល​ចូល​និវត្តន៍​តាម​ការ​អនុញ្ញាត​ ពី​ក្រសួង​មុខងារសាធារណៈ​នោះ​ទេ​ គឺ​នឹង​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នា​ឆ្នាំ​២០១៦​នេះ​ ។​

​លោក​ ហ៊ី​វ​ គឹ​ម​ហេង​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៣/២៧៥​ ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០០៣​ តាំងពី​នៅ​កាន់​តំណែង​ជា​អតីត​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុម​ក​ម្ល៉េះ​ ដែល​ជា​កន្លែង​ប៉ុស្តិ៍​ខ្លាញ់​ក្នុង​ការ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ ។​

​ក្រុម​អ្នក​រិះគន់​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ របៀបរបប​ធ្វើការ​របស់​មន្ត្រីរាជការ​សម័យ​គ្រប់គ្រង​អំណាច​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ កំហុសឆ្គង​ហាក់​មិនសូវ​សំខាន់​ទេ​ ប៉ុន្តែ​អ្វី​ដែល​ចម្បង​បំផុត​នោះ​ គឺ​លុយ​ ពីព្រោះ​ឲ្យ​តែ​មាន​លុយ​ និង​ចេះ​បម្រើ​ការងារ​បក្ស​ ព្រមទាំង​ចេះ​អែបអប​ នឹង​ទទួល​បាន​មុខ​តំណែង​ធំ​ទៅៗ​ជាក់​ជា​មិន​ខាន​ ៕​

ហួសចិត្ត​ដ្បិត​មន្ត្រី​គយ​មាន​ងារ​ជា​ឧកញ៉ា​ម្នាក់​ធ្លាប់​រង​ទណ្ឌកម្ម​វិន័យ​ បែរជា​តែងតាំង​មុខ​តំណែង​ឲ្យ​កាន់តែ​ធំ​ ហួសចិត្ត​ដ្បិត​មន្ត្រី​គយ​មាន​ងារ​ជា​ឧកញ៉ា​ម្នាក់​ធ្លាប់​រង​ទណ្ឌកម្ម​វិន័យ​ បែរជា​តែងតាំង​មុខ​តំណែង​ឲ្យ​កាន់តែ​ធំ​ហួសចិត្ត​ដ្បិត​មន្ត្រី​គយ​មាន​ងារ​ជា​ឧកញ៉ា​ម្នាក់​ធ្លាប់​រង​ទណ្ឌកម្ម​វិន័យ​ បែរជា​តែងតាំង​មុខ​តំណែង​ឲ្យ​កាន់តែ​ធំ​

Related