ទណ្ឌកម្ម​ដ៏​ខ្លាំង​បំផុត​​ក្នុង​​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ​​ត្រូវ​បាន​ដាក់​ទៅ​លើ​កូរ៉េខាងជើង

ទណ្ឌកម្ម​ដ៏​ខ្លាំង​បំផុត​​ក្នុង​​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ​​ត្រូវ​បាន​ដាក់​ទៅ​លើ​កូរ៉េខាងជើង

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បោះឆ្នោត​លើ​សេចក្តី​សម្រេចនៅ​​ក្នុង​កិច្ចប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ​ កាល​ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​ទណ្ឌកម្ម​ថ្មី​ដែល​ធ្ងន់ធ្ងរទៅលើ​ប្រទេស​កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ទប់​ទល់​នឹង​កម្មវិធី​នុយក្លេអ៊ែរ​និង​គ្រាប់​មីស៊ីល​របស់​ប្រទេស​នេះ។

លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ Samantha Power បាន​ប្រាប់​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បន្ទាប់​ពី​បោះឆ្នោត​រួច​ថា «ប្រទេស​កូរ៉េខាងជើង​គឺ​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក​ទាំងមូល​ ដែល​បាន​ធ្វើ​ការសាក​ល្បង​នុយក្លេអ៊ែរ​នៅ​ក្នុង​សតវត្សរ៍​ទី​២១​នេះ។ តាមពិត​ទៅ ប្រទេស​នេះ​មិន​គ្រាន់​តែ​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរតែ​ម្តង​ប៉ុណ្ណោះ​ទេ គឺដល់​ទៅ​៤​ដង»។

លោកស្រី​បាន​បន្ត​ថា ​កូរ៉េខាងជើង​បាន​ផ្តោត​លើ​កម្មវិធី​នុយក្លេអ៊ែរ​និង​គ្រាប់​មីស៊ីល​របស់​ខ្លួន​ជាជាង​ផ្តោត​ទៅ​លើ​តម្រូវការ​របស់​ប្រជាជន។ ធនធាន​ទាំងអស់​នៅ​ក្នុង​ប្រទេស​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដែល​គ្មាន​កោតក្រែង​និង​គ្មាន​មេត្តា​របស់​ខ្លួន។ ​
ការបោះឆ្នោត​កាល​ពី​ថ្ងៃ​ពុធ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​ការ​សាក​ល្បង​នុយក្លេអ៊ែរ​និង​ការ​បាញ់​គ្រាប់​រ៉ុកកែត​ចម្ងាយ​ឆ្ងាយ​របស់​ប្រទេស​កូរ៉េខាងជើង។

នៅ​ឯ​សេតវិមាន​ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ បាន​ស្វាគមន៍​ចំពោះ​សកម្មភាព​របស់​អង្គការ​សហប្រជាជាតិ។ លោក​ អូបាម៉ា ​បាន​ថ្លែង​នៅ​ក្នុង​លិខិត​មួយ​ថា៖ «ថ្ងៃ​នេះ​ សហគមន៍​អន្តរជាតិ​ ដោយ​បាន​សម្រេច​ជា​ឯកច្ឆន្ទ ​បាន​ផ្ញើ​ជា​សារ​សាមញ្ញ​មួយ​ដល់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ថា កូរ៉េខាង​ជើង​គួរ​តែ​លុប​ចោល​នូវ​កម្មវិធី​ដ៏​គ្រោះថ្នាក់​ទាំង​នេះ​ ហើយ​ជ្រើស​យក​មាគ៌ា​មួយ​ដែល​ល្អ​ជាង​មុន​សម្រាប់​ប្រជាជន​របស់​ខ្លួន»។

សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ប្រទេស​ជាង​៥០​គាំទ្របាន​ចាត់​វិធានការ​មួយ​ចំនួន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ក្នុង​នោះ​រួម​មាន​ការត្រួតពិនិត្យ​លើ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​និង​នាំ​ចេញ​ពី​ប្រទេស​នេះ។ ហើយ​ក៏​មាន​គ្រឿងសព្វាវុធ​សរុប ដោយ​រួម​បញ្ចូល​ទាំង​អាវុធ​ដែល​ផលិត​ពី​សារធាតុ​នុយក្លេអ៊ែរ​និង​អាវុធ​ដទៃទៀត និង​ការដាក់​កម្រិត​ទៅ​លើ​ការលក់​ធ្យូង​ពី​កូរ៉េខាងជើង និង​សារធាតុ​រ៉ែ​ដទៃទៀត ដូចជា​មាស ដែក រ៉ែដែក និង​ទីតាញ៉ូម​ជាដើម។ ​

ចំណុច​មួយ​នៅ​ក្នុង​សេចក្តីព្រាង​កាល​ពី​មុនដែល​ហាមឃាត់​មិន​ឲ្យ​លក់​ឬ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​ដល់​អាកាសចរណ៍​របស់​កូរ៉េខាងជើង ​ដែល​ប្រេង​នោះក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គ្រាប់​រ៉ុកែត​ផង​ដែរ​នោះ​ ត្រូវ​បាន​គេ​ពិនិត្យ​ឡើង​វិញ​នៅ​ក្នុង​សេចក្តី​សម្រេច​ចុងក្រោយ​បង្អស់​នេះ ​ដើម្បី​ដាក់​ការ​លើកលែង​មួយ​ទៅលើ​យន្តហោះ​ដឹកអ្នកដំណើរ​ស៊ីវិល​ដែល​ធ្វើ​ដំណើរ​ចូល​និង​ចេញ​ពី​កូរ៉េខាងជើង។

ទណ្ឌកម្ម​ទៅ​លើ​ធនាគារ​ក៏​ត្រូវ​បាន​ពង្រឹង​ផង​ដែរ ហើយ​ក៏​មាន​ការ​ហាមឃាត់​មិន​ឲ្យ​លក់​វត្ថុ​មាន​តម្លៃ​ទៅ​កាន់​កូរ៉េខាងជើង​ផង​ដែរ។ បន្ថែម​ពី​លើ​នេះ​ទៀត ​ក៏​មាន​ការហាម​ឃាត់​ការធ្វើ​ដំណើរ​និង​ការបង្កក​ទ្រព្យសម្បត្តិ​ទៅ​លើ​បុគ្គល​ថ្មី​ចំនួន​១៦​នាក់៕