សំឡេង​មួយ​ចំនួន​អាច​បញ្ជាក់​ថា​ឡាន​​កំពុង​​មាន​បញ្ហា ​គួរ​តែ​​ជួស​ជុល​

ជា​ធម្មតា​ឡាន​ដែល​ចរាចរ​លើ​ផ្លូវ​ថ្នល់​សុទ្ធ​តែ​មាន​បញ្ចេញ​សំឡេង​​ដូច​ជា​សំឡេង​ម៉ាស៊ីន​ឡាន​ សំឡេង​កកិត​រវាង​ផ្លូវ​ថ្នល់​នឹង​កង់​ឡាន​ និង​សំឡេង​ហ្វ្រាំង​ជា​ដើម។ ក្រៅ​ពី​សំឡេង​​ទាំង​នេះ​ក៏​​មាន​សំឡេង​ជា​ច្រើន​ទៀត​អាច​បន្លឺ​ឡើង​ ដែល​​មួយ​ចំនួន​​បង្ហាញ​ថា​រថយន្ត​អ្នក​កំពុង​តែ​មាន​បញ្ហា​ត្រង់​ផ្នែក​ណា​មួយ។

 

សំឡេង​មួយ​ចំនួន​អាច​បញ្ជាក់​ថា​ឡាន​​កំពុង​​មាន​បញ្ហា ​គួរ​តែ​​ជួស​ជុល​

 

១. សំឡេង​ស៊ឺៗ ចេញ​ពី​​ក្រោម​គម្រប​ម៉ាស៊ីន​ឡាន​៖ សំឡេង​នេះ​​បន្លឺ​ឡើង​​ក្រោយ​ពេល​ពន្លត់​ម៉ាស៊ីន ដែល​បាន​ន័យ​ថា​មាន​ទឹក​​កំពុង​លេច​ធ្លាយ​នៅ​ក្នុង​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ ឬ​បំពង់​បូម​ខ្យល់។ ប្រសិន​បើ​មិន​ជួសជុល​ទេ​អាច​បណ្ដាល​ឲ្យ​ម៉ាស៊ីន​រថយន្ត​ឡើង​កម្ដៅ​ និង​ស៊ី​ប្រេង​ឥន្ធនៈ​ខុស​ប្រក្រតី។

 

២. ឭ​សូរ​ក្ដុកៗ​ពេល​ជាន់​ហ្វ្រាំង៖ គម្រប​​ស្បែក​ហ្វ្រាំង​ ឬ​​ផ្នែក​ដទៃ​ទៀត​រង​ការ​ខូច​ខាត​ ឬ​ក៏​អាច​មក​ពី​ដំឡើង​មិន​ត្រឹម​ត្រូវ។

 

៣. សំឡេង​កកិត​នៅ​ពេល​ប្ដូរ​លេខ​ដៃ៖ នេះ​ប្រហែល​ជា​បញ្ហា​លើ​អំប្រាយ៉ា​ ដែល​វា​អាច​សឹក​រេចរឹល។ វា​ក៏​អាច​បង្ហាញ​អំពី​បញ្ហា​ធ្ងន់ធ្ងរ​ជា​មួយ​នឹង​ប្រព័ន្ធ​ប្រអប់​លេខ។

 

៤. បញ្ចេញ​សំឡេង​នៅ​ពេល​បត់៖ សំឡេង​ដែល​បញ្ចេញ​នៅ​ពេល​បត់​ឡាន​ទាក់​ទង​នឹង​​បញ្ហា​ចង្កូត ដោយ​វា​ត្រូវ​ការ​បន្ថែម​ប្រេង​រំអិល​ ឬ​រង​ការ​ខូច​ខាត​ដែល​ទាមទារ​ឲ្យ​ប្ដូរ​ចេញ។

 

៥. សំឡេង​ផ្ទុះ៖ ​នេះ​អាច​បង្ហាញ​ថា​ប្រេង​ឥន្ធនៈ​មាន​លាយ​ជា​មួយ​នឹង​បរិមាណ​ខ្យល់​ច្រើន​ ឬ​ក៏​មក​ពី​​ឧបករណ៍​បម្លែង​កាតាលីករ​ដំណើរ​ការ​មិន​ប្រក្រតី។

 

៦. សំឡេង​ក្រិក​ចេញ​ពី​ក្រោម​ឡាន៖ រលុង​បំពង់ស៊ីមំាង​ ឬ​រលុង​​បន្ទះ​ហ្វ្រាំង។

 

៧. សំឡេង​ញ៉េកៗ ដូច​ចាប​យំ៖ ជា​ធម្មតា​សំឡេង​នេះ​បន្លឺ​ឡើង​នៅ​ពេល​ខ្សែពាន​រលុង​ ឬ​អស់​គន្លាក់​ធ្មេញ​វា។

 

៨. សំឡេង​ថ្ងូរ៖ នេះ​អាច​មាន​ន័យ​ថា​ស្ពឺ​ ឬ​ប្រអប់​លេខ​សឹក៕

 

​​​​
​ចុច​អាន៖ បច្ចេកទេស​ដូរ​កង់​ឡាន​បែក​តាម​ផ្លូវ​ ​នារីៗ​ក៏​អាច​​ធ្វើ​បាន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BankRate