ព័ទ្ធ​កា​ស៊ីណូ​សម្បុក​ចិន​ចាប់ជំរិត​តាម​អ៊ី​ន​ធើ​រ​ណេ​ត

ព័ទ្ធ​កា​ស៊ីណូ​សម្បុក​ចិន​ចាប់ជំរិត​តាម​អ៊ី​ន​ធើ​រ​ណេ​ត

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ប៉ូលិស​អាំង​ទែ​ប៉ូ​ល សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​កម្លាំង​នគរបាល​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត និង​ខេត្តបន្ទាយមានជ័យ បាន​ឆ្មក់​ចូល​ឆែកឆេរ​នៅ​ក្នុង​កា​ស៊ីណូ​ហ្គោ​ដិ​ន​ក្រោ​ន ដែល​មាន​កម្ពស់​៧​ជាន់ កាលពី​ព្រឹក​ថ្ងៃ​ទី​២ មីនា ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្នុង​ប្រតិបត្តិការ​ឡោម​ព័ទ្ធ និង​ឆ្មក់​ចូល​ឆែកឆេរ​ក្នុង​កាស៊ីណូ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​កម្ពុជា និង​ចិន ឃាត់ខ្លួន​ជនសង្ស័យ ជនជាតិ​ចិន​ដែល​ជា​មុខសញ្ញា​ចាប់ជំរិត​តាម​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត​ជា​ច្រើន​នាក់​ជា​បន្តបន្ទាប់ ដោយ​ធ្វើការ​ឆែកឆេរ​៣​ទីតាំង​នៅ​ក្នុង​ប្លុក​អគារ​កាស៊ីណូ​នោះ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនជាតិ​ចិន​ដែល​រត់​ចូល​បន្ទប់​ស្គែ​ន​ខ្ចៅដៃ​ដើម្បី​លាក់ខ្លួន ។

ការ​ឡោម​ព័ទ្ធ​កាស៊ីណូ​ឆែកឆេរ​រក​ចាប់ខ្លួន​ជនជាតិ​ចិន​ពី​បទ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីន​ធើ​រ​ណេ​ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា​លើក​ទី​១ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ទូទៅ  ។

លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា​ពាក់ព័ន្ធ​ការ​ឡោម​ព័ទ្ធ​ចូល​ឆែកឆេរ​ក្នុង​កាស៊ីណូ​នេះ គឺ​កម្លាំង​មូលដ្ឋាន​មិន​ចូលរួម​ឆែកឆេរ​នៅ​ខាងក្នុង​កាស៊ីណូ​នោះ​ទេ តែ​បានដឹង​ព័ត៌មាន​ខ្លះ​ៗ​ថា កម្លាំង​នគរបាល​ចិន​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ក្រសួងមហាផ្ទៃ បាន​ចុះ​ឡោម​ព័ន្ធ​កាស៊ីណូ​ដើម្បី​ឆែកឆេរ​រក​ជនជាតិ​ចិន​ដែល​បាន​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត ។

លោក​បាន​បញ្ជាក់​ថា កម្លាំង​មូលដ្ឋាន​ត្រូវ​នៅ​ក្រៅ​កា​ស៊ីណូ​មិន​ខុស​គ្នា​នឹង​ក្រុម​អ្នកកាសែត​នោះ​ទេ ។ លោក អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ស្រ​ដៀង​គ្នា​ថា ការ​បង្ក្រាប​ករណី​នេះ​មិនដឹង​ថា​យ៉ាងណា​នោះ​ទេ ព្រោះ​កម្លាំង​នគរបាល​ក្រុង គឺ​នៅ​រក្សា​សណ្ដាប់ធ្នាប់​ខាងក្រៅ មិន​អនុញ្ញាត​ឱ្យ​ចូល​ឆែកឆេរ​ខាងក្នុង​កា​ស៊ី​ណូ​ឡើយ តែ​បានដឹង​ខ្លះ​ថា ការ​ចូល​ឆែកឆេរ​នៅ​ក្នុង​កាស៊ីណូ​ហ្គោ​ដិ​ន​ក្រោ​ន​នោះ គឺ​ធ្វើការ​ពិនិត្យ​នៅ​បន្ទប់​លេខ​៣៣៣ ។ ខណៈ​ពេល​កម្លាំង​ចម្រុះ​កំពុង​ចូល​ឆែកឆេរ​នោះ មាន​ជនជាតិ​ចិន​ម្នាក់​បាន​លោត​ពីលើ​អគារ​បាក់ជើង​ផង​ដែរ ។

ទោះជា​យ៉ាង​ក៏​ដោយ ប្រភព​បាន​ទម្លាយ​ឱ្យ​ដឹង​ខ្លះ​ៗ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ថា មាន​ជនជាតិ​ចិន​១១៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខ្មែរ​និង​ចិន​ប្រមូល​ឲ្យ​អង្គុយ​នៅ​នឹង​កន្លែង ហើយ​ធ្វើការ​ត្រួតពិនិត្យ​ដោយ​ស្គែ​ន​មេដៃ​ដែល​សង្ស័យ​រកមុខ​សញ្ញា​សំខាន់​ៗ​ដែល​ពាក់ព័ន្ធ​ត្រូវ​ចាប់​តាម​ដីកា​ពី​ប្រទេស​ចិន ។

ប្រភព​ថា មក​ទល់​នឹង​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ដដែល មនុស្ស​៨៥​នាក់​ត្រូវ​បាន​គេ​ចាប់​ចងដៃ​នឹង​ខ្សែ​សុវត្ថិភាព ហើយ​ការ​ពិនិត្យ​ស្គែ​ន​មេដៃ​នេះ អ្នក​មិន​ពាក់ព័ន្ធ​ក៏​ត្រូវ​បាន​គេ​ដោះ​លែង ។

ជនសង្ស័យ​ត្រូវ​គេ​ដឹក​ចេញ​តាម​រថយន្ត​តូច​ម្តង​៣​ទៅ​៥​នាក់​មិនដឹង​ថា យក​ទៅ​ណា​នោះ​ទេ ។ ករណី​បង្ក្រាប​ខាងលើ សមត្ថកិច្ច​មិន​ផ្តល់​បទ​សម្ភាសន៍ ឬ​អនុញ្ញាត​ឲ្យ​យក​ព័ត៌មាន​ទេ ដោយ​និយាយ​ថា កំពុងធ្វើការ ។ ប្រភព​បន្ត​ថា ករណី​ខាងលើ គឺជា​ការ​បង្ក្រាប​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ឬ​អន​ឡាញ ហើយ​ថា នឹង​មាន​ដីកាចាប់ខ្លួន​មួយ​ចំនួន​ធំ​ពី​ប្រទេស​ចិន​ទៀត​ផង​។ ពាក់ព័ន្ធ​បញ្ហា​ខាងលើ កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ហើយ​អ្នក​យក​ព័ត៌មាន ឲ្យ​ទូរទស្សន៍ វិទ្យុ និង​កាសែត​ជា​ច្រើន​នាក់​បាន​និង​កំពុង​តាមដាន​យក​ព័ត៌មាន​ខាងលើ​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ ៕