សៀមរាបអង្គរ និងខេត្តស្វាយរៀង បន្ថែមការឈ្នះវគ្គជម្រុះពានហ៊ុនសែន

ក្រុមសៀមរាបអង្គរ និងក្រុមខេត្តស្វាយរៀង បានបន្ថែមភាពកក់ក្តៅមួយកម្រិតទៀត ក្នុងការទទួលបានឱកាសឡើងទៅប្រកួតនៅវគ្គបន្តនៃយុទ្ធនាការប្រកួតពានរង្វាន់សម្តេចហ៊ុនសែន លើកទី១០ ឆ្នាំ២០១៦ ខណៈក្រុមទាំង២ បានកត់ត្រានូវជ័យជម្នះជាលើកទី៣ ក្នុងការប្រកួតជម្រុះជាបឋម បញ្ចប់ជើងទី១ នៅលើទីលានផ្សេងៗគ្នា កាលពីល្ងាចពុធ ម្សិលមិញនេះ មុនពេលពួកគេត្រូវបន្តប្រកួតជើងទី២។
1
ដោយឈរនៅក្នុងពូលB ក្រុមខេត្តស្វាយរៀង ធ្លាប់បានលត់ក្រុមខេត្តព្រៃវែង ៩-៣ ក្នុងថ្ងៃបើកឆាក រួចបន្តឈ្នះក្រុមខេត្តត្បូងឃ្មុំ ៣-២ ក្នុងការប្រកួតជើងទី២ រីឯការប្រកួតលើកទី៣ កាលពីម្សិលមិញ ក្រុមខេត្តស្វាយរៀង បានបន្តយកឈ្នះលើក្រុមម្ចាស់ផ្ទះយុវជនបឹងកេតកំពង់ចាម ក្នុងលទ្ធផល ២-១ ដែលធ្វើឲ្យក្រុមមួយនេះមាន៩ពិន្ទុពេញ ក្នុងការបញ្ចប់ការប្រកួតជើងទី១នេះ។
ចំណែកក្រុមឈរនៅពូលBជាមួយគ្នា ខេត្តព្រៃវែង បានបង្ហាញភាពខ្លាំងនៅលើទឹកដីខ្លួនឯង តាមរយៈការលត់ក្រុមភ្ញៀវខេត្តត្បូងឃ្មុំ ៥-១ ដែលធ្វើឲ្យ៣ប្រកួតរបស់ក្រុមមួយនេះឈ្នះ២ និងចាញ់១ដង មាន៦ពិន្ទុលើសក្រុមយុវជនបឹងកេតកំពង់ចាម ដែលមាន៣ពិន្ទុ ខណៈក្រុមខេត្បូងឃ្មុំ នៅមិនទាន់រកឃើញការឈ្នះរបស់ខ្លួននៅឡើយទេ។

ដោយឡែក ក្រុមសៀមរាបអង្គរ បានបន្តលត់ក្រុមខេត្តឧត្តរមានជ័យ ៤-០ ដើម្បីបន្តឈរនៅលើកំពូលតារាងនៃពូលC ដែលមាន៤ក្រុមចូលរួមនេះ ព្រោះការឈ្នះនេះបានជួយឲ្យសៀមរាបអង្គរ មាន៩ពិន្ទុពេញ ដោយឈ្នះទាំង៣ប្រកួតតែម្តង។ រីឯក្រុមម្ចាស់ផ្ទះអ.ហខេត្តកំពង់ធំ បានយកឈ្នះក្រុមខេត្តព្រះវិហារ ៥-១ ដើម្បីមាន៦ពិន្ទុ ខណៈខេត្តឧត្តរមានជ័យ មាន៣ពិន្ទុ និងខេត្តព្រះវិហារ មានសូន្យពិន្ទុ ព្រោះចាញ់ទាំង៣លើកតែម្តង។

យ៉ាងណាមិញ ក្រុមខេត្តប៉ៃលិន បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តបាត់ដំបង ៣-១ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមនេះមាន៣ពិន្ទុ ដោយឈរក្រុមក្រុមខេត្តកំពង់ឆ្នាំង ដែលមាន៦ពិន្ទុ ព្រោះពូលDនេះមានតែ៣ក្រុមចូលរួមទេ។ ចំណែកក្រុមខេត្តកណ្តាល បានយកឈ្នះក្រុមភ្ញៀវខេត្តកំពង់ស្ពឺ ២-០ ក្នុងការប្រកួតជើងទី១ ក្នុងពូលA ដែលមានតែ២ក្រុមចូលរួម៕