អាជ្ញាធរជាតិអប្សរា ប្រារព្វទិវាវប្បធម៌ជាតិ លើកទី១៨ (៣មីនា) នៅមុខប្រាសាទអង្គរ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាខេត្តសៀមរាប នាថ្ងៃទី៣ មីនា ឆ្នាំ២០១៦នេះ បាននឹងកំពុងរៀបចំ ទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី១៨ លើប្រធានបទ (យុវជនដើម្បីវប្បធម៌ជាតិ) នៅពីមុខប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌ ពិភពលោក ដ៏ល្បីល្បាញរបស់ ពិភពលោក។

ថ្លែងក្នុងពិធីនោះ អនុប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍ អង្គរ លោកស្រី អ៊ុ ម៉ារ៉ាឌី «បានលើកឡើង អំពីកិត្យានុភាពនៃ ដែនដីអង្គរ រួមទាំងឥទ្ធិពលនៃ សិល្បៈខ្មែរ នាសម័យនោះ ដែលបានដើរ តួនាទីអភិវឌ្ឍន៍ នយោបាយ និងវប្បធម៌នៅក្នុងតំបន់ ហើយឥទ្ធិពលទាំងនោះ បានគ្រប់ដណ្តប់ស្ទើរ ពេញតំបន់អាស៊ី អាគ្នេយ៍ទៀតផង»។

លោកស្រីបន្តថា តាមរយៈគុណតម្លៃដ៏វិសេស វិសាល ជាសាកល និងកិច្ចការងារអភិរក្ស អភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់អាជ្ញាធរជាតិអប្សរា និងមានការចូលរួម ពីបណ្តាស្ថាប័ន ជាតិ-អន្តរជាតិ ដែលពាក់ព័ន្ធទាំងអស់ ផងនោះបានធ្វើឱ្យ អង្គរក្លាយជា គោលដៅទាក់ទាញ ភ្ញៀវទេសចរជាច្រើន លាននាក់ ថែមទាំងបានរួម ចំណែកក្នុងការ បង្កើនប្រាក់ចំណូល ជូនជាតិនិងបង្កើត ការងារជាច្រើនផងដែរ។

អាជ្ញាធរជាតិអប្សរា គឺជាស្ថាប័នមួយដែល បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការគ្រប់គ្រង តំបន់ឧទ្យានអង្គរ ជាសម្បត្តិវប្បធម៌ ដ៏មានតម្លៃរបស់ មនុស្សជាតិទាំងមូល បានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះការ អភិរក្សមរតកទាំងរូបី និងអរូបីរបស់អង្គរ ព្រមទាំងការ បណ្តុះបណ្តាលយុវជន ជំនាន់ក្រោយ ដើម្បីត្រៀមទទួល ការបន្តវេនក្នុង កិច្ចការដ៏មានតម្លៃនេះ។

ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោក លី វណ្ណា បានមានប្រសាសន៍ បន្ថែមថា ក្នុងកិច្ចការអភិរក្ស ពិតណាស់គឺចាំបាច់ ត្រូវមានការចូលរួម ពីកម្លាំងយុវជន តែក៏ត្រូវមានការណែនាំ ពីសំណាក់ចាស់ ព្រឹទ្ធាចារ្យជំនាញ ក្នុងការផ្ទេរនូវ ចំណេះដឹង និងបទពិសោធន៍ ដែលធ្លាប់ជោគជ័យ លើកិច្ចការទាំងនោះ ទៅកាន់ពួកគេ ដោយមិនអាចខ្វះបាន។ ដូច្នេះហើយ ទើបអាជ្ញាធរ ជាតិអប្សរា បានយកចិត្តទុកដាក់ លើការបណ្តុះបណ្តាល ធនធានមនុស្ស ជាពិសេសយុវជន ដែលជាសរសរទ្រូង ដ៏សំខាន់សម្រាប់កិច្ច ការអភិរក្សក្នុង ពេលអនាគត។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ក្រុមសិល្បៈរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប ក៏បានសម្តែងរបាំ ទេវប្រទានពរ និងរបាំអប្សរា ជូនថ្នាក់ដឹកនាំ និងភ្ញៀវបាន ទស្សនាទៀតផង ។ចំណែកពេលរាត្រី ក្រុមសិល្បៈនឹងបន្ត សម្តែងភាព ល្ខោនស្បែកធំ នៅមុខប្រាសាទអង្គរវត្ត ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទាំងអស់បានទស្សនា ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិលើក ទី១៨ ឆ្នាំ២០១៦៕

អាជ្ញាធរជាតិអប្សរា ប្រារព្វទិវាវប្បធម៌ជាតិ លើកទី១៨ (៣មីនា) នៅមុខប្រាសាទអង្គរ

អាជ្ញាធរជាតិអប្សរា ប្រារព្វទិវាវប្បធម៌ជាតិ លើកទី១៨ (៣មីនា) នៅមុខប្រាសាទអង្គរ