សំឡី​អនាម័យ គួរតែ​ផ្លាស់ប្តូរ ញឹកញាប់​ប៉ុណ្ណា​ទៅ​?

សំឡី​អនាម័យ គួរតែ​ផ្លាស់ប្តូរ ញឹកញាប់​ប៉ុណ្ណា​ទៅ​?

​ខ្ញុំ​អាយុ ១៦​ឆ្នាំ ហើយ ដូច្នេះ តើ​ខ្ញុំ​គួរតែ​ផ្លាស់ប្តូរ សម្លី​អនាម័យ​ខ្ញុំ ក្នុង​ពេល​មក​រដូវ​ហ្នឹង ញឹកញាប់​ប៉ុណ្ណា​ទៅ​? រដូវ​របស់ខ្ញុំ ច្រើន​តែ​មក​យូរ​បំផុត​គឺ ៥ ថ្ងៃ ហើយ​ឈាមរដូវ ក៏​ប្រែប្រួល​ច្រើន​ដែរ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយសារតែ​ខ្ញុំ មិន​អាច​ចងចាំ​វា​បាន​។

​ការដោះស្រាយ​ទៅ​លើ​រដូវ អាចជា​រឿង​មួយ​ពិបាក​ណាស់ ចំពោះ​ស្ត្រី​គ្រប់​វ័យ ដូចជា ការធ្លាក់​ឈាមរដូវ ការឈឺចាប់​ពេល​មក​រដូវ ការ​ហើមពោះ និង​ការឈឺ​រាងកាយ​។ ក្រៅពីនេះ សំណួរ​ដែល​គេ​តែងតែ ចោទសួរ​បំផុត​នោះ​គឺថា ត្រូវ​ផ្លាស់ប្តូរ​សំឡី​អនាម័យ ញឹកញាប់​ប៉ុណ្ណា​ទៅ​។ សរុប​សេចក្តី​ទៅ អនាម័យ​គឺជា​រឿង​សំខាន់​ណាស់ ខណៈពេល​ដែល​អ្នក កំពុង​តែ​មក​រដូវ​។

ឈាម​រដូវ អាច​បណ្តាលឲ្យ​មាន​ក្លិនស្អុយ ហើយ​បើសិនជា​សំឡី​អនាម័យ មិន​ត្រូវបាន​ផ្លាស់ប្តូរ​ទៀងទាត់​នោះ​ទេ វា​អាច​នឹង​បណ្តាលឲ្យ​មាន​កន្ទួល​រមាស់ ហើយ​ករណី​ខ្លះ ក៏​នាំឲ្យ​មាន​ការបង្ករោគ​បានដែរ​។ អ្វី​ដែល​កម្រ​បំផុត​នោះ គឺ​អាច​នាំឲ្យមាន ចង្កោម​រោគសញ្ញា​ហ្សុ​ក ដោយសារ​ជាតិពុល (Toxic Shock Syndrome, TSS)​។

និយាយឲ្យចំ​ទៅ មិន​មាន​ចំនួន​នៃ​ការផ្លាស់ប្តូរ​សំឡី​អនាម័យ ឲ្យចំ​ថា​ប៉ុន្មាន​ដង ឲ្យ​ប្រាកដ​ឡើយ ជាពិសេស ក្នុង​រយៈពេល​បី​ថ្ងៃ​ដំបូង នៃ​ការ​មក​រដូវ​តែម្តង​។ ដោយ​អាស្រ័យ​ទៅតាម លំហូរ​ឈាមរដូវ​ផង​ដែរ​នោះ អ្នក​ត្រូវ​តែ​សម្រេចចិត្ត ផ្លាស់ប្តូរ​ទៅតាម​គ្នា​ដែរ​។ គុណភាព និង​សមត្ថភាព​ត្រង់​ឈាមរដូវ ក៏​ត្រូវ​គិត​ដែរ​។
​យ៉ាងណាមិញ នៅពេល​លំហូរ​ឈាមរដូវ​ថយចុះ​ហើយ ឬ​នៅ​សល់​ពី​រ​ថ្ងៃ​ចុង​ក្រោយ អ្នក​អាច​នឹង​ត្រូវ​ផ្លាស់ប្តូរ​សំឡី​អនាម័យ​តែ​ពីរ ឬ​បី​ដង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។ ដើម្បី​ចៀសផុត​ពី​បញ្ហា​កើត​មាន ពេល​មិន​ដឹង​ថា ឈាមរដូវ​ត្រូវអស់​ពេលណា​នោះ អ្នក​គួរតែ​បន្ត​ប្រើ​សំឡី​អនាម័យ​ទៀត នៅ​រហូត​ដល់​ថ្ងៃ​ទី ៦ ឬ​ទី ៧ ទៀត​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។