ចោរប្លន់​ម៉ូតូ​ពេល​រាត្រី​ក្នុង​រាជធានី​កក្រើក​ឡើង​វិញ​ហើយ

ចោរប្លន់​ម៉ូតូ​ពេល​រាត្រី​ក្នុង​រាជធានី​កក្រើក​ឡើង​វិញ​ហើយ

រាជ​ធានី​ភ្នំពេញ ៖ អំពើ​ប្លន់​ម៉ូតូ​ពេល​រាត្រី​បាន​ចាប់​កម្រើក​ឡើង​វិញទៀត​ហើយ ដោយ​គ្រាន់តែ​រាត្រី​ថ្ងៃ​ទី​១​ឆ្លង​ដល់​ថ្ងៃ​ទី​២​មីនា ចោរប្លន់​បាន​ធ្វើ​សកម្មភាព​បន្តបន្ទាប់​ដែល​ករណី​ទី​១ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃ​ទី​១ មីនា ដោយ​ក្រុម​ចោរ​ប្រដាប់​អាវុធ​ភ្ជង់​ប្លន់​យុវជន​ម្នាក់​យក​ម៉ូតូ​ស្កូ​ពី​១​គ្រឿង​បាន​សម្រេច​ដោយ​សុ​វត្តិភាព  នៅ​មុខ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ស្ថិត​ក្នុង សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ក្បែរ​ប៉ុស្ដិ៍​នគរបាល​បឹង​កក់​២ ចម្ងាយ​ប្រហែល​តែ​១០០​ម៉ែត្រ​ប៉ុណ្ណោះ ។

បើ​តាម​សម្ដី​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា រួប​គេ​ឈ្មោះ​សំ ពិសិដ្ឋ អាយុ​២៤​ឆ្នាំ​ជា​និស្សិត រៀន​នៅ​វិទ្យាស្ថាន​អន្ដរជាតិ​IFL ឆ្នាំ​ទី​២ ស្នាក់​នៅ​ភូមិ​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ម្ចាស់​ម៉ូតូ​ដែល​ចោរប្លន់​យក​ទៅ​បាត់​បាន​បន្ថែម​ថា បាន​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពណ៌​ផ្កាឈូក​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BZ-5404 ត្រឡប់​មក​ពី​លេង​ផ្ទះ​ម្ដាយមីង​នៅ​អូរ​ឬ​ស្សី ហើយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩២ ។ ពេល​មក​ដល់​មុខ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ក៏​លេចមុខ​ចោរ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​មាឌធំ​ៗ ដេញ​ស្ទាក់​ពីមុខ​ម៉ូតូ​របស់​គាត់​រួច​បាន​ដក​កាំភ្លើង​ភ្ជង់​គម្រាម ។ ដោយសា​រូបគេ​មាន​តែ​ម្នាក់ឯង​ផង ព្រមទាំង​ប្រឈម​មុខ​នឹង​ចុង​កាណុង​ចោរ​ផង មានការ​ភិតភ័យ​ខ្លាំង ក៏​បាន​ផ្ដួល​ម៉ូតូ​រត់គេច​ខ្លួន​ដើម្បី​សុវត្ថិភាព ហើយ​ពួក​ចោរ​ក៏​បាន​លើក​ម៉ូតូ​របស់​គាត់​ជិះ​ចេញ​បាត់​ទៅ​អត់​មាន​រំខាន​សមត្ថកិច្ច​ឡើយ ។

បន្ទាប់​ពី​ជួប​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​រួច​មក រូបគេ​បាន​ត្រឹមតែ​ទាក់ទង​រក​សាច់ញាតិ​ឲ្យ​មក​ទទួល និង​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​បឹង​កក់​២​តែ​ប៉ុណ្ណោះ ។

ក្នុង​ហេតុការណ៍​ប្លន់​ដាច់​ដោយឡែក​មួយទៀត​សង្សារ​មួយគូ​ដែល​មក​ពី​ដើរ​លេង​ត្រូវ​បាន​ចោរ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី ភ្ជង់​និង​វាយ​នារី​ជា​សង្សារ​បណ្តាល​ឲ្យ​រង​របួស​ប្លន់​យក​ម៉ូតូ​Scoopy​ស៊េរី​ឆ្នាំ​២០១៥​មួយ​គ្រឿង​ទៅ​បាត់​នៅ​ចំណុច​ខាងលិច​ស្តុ​ប​ណា​ន​ជី​ង ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា កាលពី​ម៉ោង​១២​នឹង​១០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២​មីនា ។

អ្នក​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា នៅ​ម៉ោង​ខាងលើ​គេ​បាន​ឭ​សម្លេង​ស្រែក​ឲ្យ​ជួយ​មាន​ចោរប្លន់ ។ ពេល​នោះ​ពួក​គេ​បាន​បើកទ្វារ​ចេញ​មក​ខាងក្រៅ ក៏​ឃើញ​មនុស្ស​មួយ​ក្រុម​ជិះ​ម៉ូតូ​ហុងដា​២​គ្រឿង​មាន​ម៉ាក​ឌ្រឹ​ម​និង​ម៉ាក Zoomer X កំពុង​តែ​វាយ​ម្ចាស់​ម៉ូតូ​មួយ​។ ភ្លាម​នោះ​គេ​បានឃើញ​ក្រុម​នោះ​បាន​យក​កាំភ្លើងខ្លី​វាយ​ទៅ​លើ​នារី​ម្នាក់​ពេល​ប្រទង់ប្រទាញ​យក​ម៉ូតូ ហើយ​ក្រុម​ចោរ​ទាំង​អស់នោះ​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​អត់​រំខាន​សមត្ថកិច្ច​ទេ ។

អ្នក​ឃើញ​ហេតុ​ការ​ណ៌​ត្រូវ​បាន​ជន​រង​គ្រោះ​ប្រាប់​ថា ម៉ូតូ​ដែល​ក្រុម​ចោរប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក Scoopy សេរី​ឆ្នាំ​២០១៥ ស្លាក​លេខ​ភ្នំពេញ 1CU-0010 ពណ៌​ក្រហម  ។

បន្ទាប់​ពី​និយាយ​រួច ជន​រង​គ្រោះ​បាន​ហៅ​ម៉ូតូឌុប​ដឹក​សង្សារ​ដែល​ត្រូវ​ក្រុម​ចោរ​វាយ និង​កាំភ្លើង​បណ្តាល​ឲ្យ​រង​របួស​ទៅ​ពេទ្យ​ដើម្បី​ព្យាបាល ។ លុះ​ពេល​ជន​រង​គ្រោះ​ទៅ​ដល់​ពេទ្យ ទើប​ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​សួរនាំ​អ្នក​ដែល​បានឃើញ​ហេតុ​ការ​ណ៌​នេះ ៕