វិធី​ព្យាបាល​បែប​ធម្មជាតិ ដែល​ល្អ​បំផុត សម្រាប់​ជំងឺ​រីក​សរសៃ​វ៉ែន​នៅ​ជើង​

វិធី​ព្យាបាល​បែប​ធម្មជាតិ ដែល​ល្អ​បំផុត សម្រាប់​ជំងឺ​រីក​សរសៃ​វ៉ែន​នៅ​ជើង​

​តើ​ថ្មីៗ​នេះ អ្នក​មាន​ធ្លាប់​ត្រូវបាន គ្រូពេទ្យ​កំណត់​រោគវិនិច្ឆ័យ​ថា កើត​ជំងឺ​រីក​សរសៃ​វ៉ែន នៅ​ជើង​ដែរ​ទេ​? យក​ល្អ គួរតែ​ធ្វើ​ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ ដើម្បី​កុំឲ្យ​អាការៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង​ចេញ​ជា​ផលវិបាក​ដូចជា ប៉ះពាល់​ដល់​ពងស្វាស និង​មិន​អាច​មាន​កូន​បាន​។

​គ្មាន​អ្វី​ត្រូវ​ខ្លាច​ទៀតឡើយ នៅពេលដែល​យើង​និយាយ​អំពី រឿង​មិន​អាច​មាន​កូន​នោះ​។ នេះ​ដោយសារ​តែ មិនមែន​បុរស ដែល​កើត​ជំងឺ​រីក​សរសៃឈាម​វ៉ែន​នៅ​ជើង សុទ្ធ​តែ​មិន​អាច​មាន​កូន​បាន​នោះ​ទេ គ្រាន់​តែ​ចំនួន​មេ​ជីវិត​ឈ្មោល​ថយចុះ​ប៉ុណ្ណោះ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​និយាយ​បង្ហាញ​អំពី របៀប​ព្យាបាល​ជំងឺ​នេះ តាម​បែប​ធម្មជាតិ ហើយ​ល្អ​ចំពោះ​សុខភាព​ទូទៅ​ថែមទៀត​។

ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹក​ពី ៨ ទៅ ១២ កែវ​ជាង​រៀងរាល់ថ្ងៃ​។ ក្រោយ​ពី​បំបាត់​ការ​ខ្សោះ​ជាតិ​ទឹក ការធ្វើ​បែប​នេះ នឹង​ជួយ​ច្រោះ​ជាតិពុល ដែល​មាន​ច្រើន​ក្នុង​រាងកាយ ដូច្នេះ វា​នឹង​អាច​គ្រប់គ្រង ជំងឺ​រីក​សរសៃឈាម​វ៉ែន​នៅ​ជើង​កាន់តែ​ល្អ​។ ការ​ញ៉ាំ​ទឹក​ច្រើន ក៏​ជួយ​ពង្រឹង​ដល់​របត់​ឈាម​រត់ ដើម្បី​កុំឲ្យ​អាការៈ​ជំងឺ កាន់តែ​ធ្ងន់ធ្ងរ​ទៅមុខ​ទៀត​ដែរ​។

ឈប់​ជក់បារី​
វា​លែង​ជា​រឿង​អាថ៌កំបាំង​ទៀតហើយ ដែលថា ការជក់បារី ផ្តល់​ផល​អាក្រក់​ដល់​អ្នក​។ ទម្លាប់​បែបនេះ អ្នក​គួរតែ​លុបបំបាត់ចោល ជាពិសេស បើសិន​ជា​អ្នក មាន​ជំងឺ​រីក​សរសៃឈាម​វ៉ែន​នៅ​ជើង ដោយសារ​តែ​របត់​ឈាម​រត់​មិន​ស្រួល ដែល​បង្កឡើង​ដោយ​ការ​ខូច​សរសៃឈាម​តែម្តង​។

ញ៉ាំ​អាហារ​សម្បូរ​វីតាមីន C
វីតាមីន C ត្រូវបាន​គេ​ស្គាល់​ថា ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ និង​ផ្តល់​ភាព​កាន់តែ​ស្រស់​ស្អាត​ដល់​ស្បែក​។ តើ​អ្នក​មាន​ដឹង​ទេ​ថា ជីវជាតិ​មួយ​នេះ ក៏​មាន​សារៈសំខាន់​សម្រាប់​សុខភាព និង​សរសៃឈាម​កាន់តែ​រឹង​មាំ​ដែរ​ទេ​? ហេតុដូច្នេះ​ហើយ ទើប​ផ្លែឈើ​ជូៗ ផ្លែ​គី​វី ផ្លែ​ល្ហុង ផ្លែ​បឺរី ផ្លែ​ត្របែក ម្ទេស​ប្លោក ប្រូ​ខូលី និង​បន្លែ​ពណ៌​បៃតង ក៏​សុទ្ធតែ​ល្អ​ចំពោះ​អ្នក​ដែរ​។

ចៀសវាង​ជាតិ​ខ្លាញ់ Saturated Fats
ខ្លាញ់​ប្រភេទ Saturated Fats ដែល​មាន​ក្នុង​ផលិតផល អាហារ​ធ្វើ​ពី​សត្វ គឺ​ពិតជា​មិនល្អ​ឡើយ ចំពោះ​ប្រព័ន្ធ​បេះដូង​សរសៃឈាម​។ វា​ក៏​មិន​ត្រូវ​បាន​ណែនាំ​ឲ្យទទួល​ទាន ចំពោះ​អ្នកជំងឺ​រីក​សរសៃឈាម​វ៉ែន​ដែរ ព្រោះ​វា​នឹង​ធ្វើឲ្យ​របត់​ឈាម កាន់តែ​រត់​មិន​បាន​ស្រួល ក្នុងនោះ​ក៏​មាន​សរសៃឈាម​ក្នុង​ថង់​ពងស្វាស​ដែរ​។ ដើម្បី​ពង្រឹង​ដល់រ​បត់​ឈាម​រត់ អ្នក​គួរតែ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ គ្រាប់​ផ្លែឈើ ត្រី និង​ប្រេង​បន្លែ ដែល​មាន​ជាតិ​ខ្លាញ់​ល្អៗ​ច្រើន​វិញ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។