សិល្បៈ​និងវប្ប​​​ធម៌ &raquo ទេសចរណ៍

ខេត្តមណ្ឌលគិរី ៖ សត្វ​ដំរី​ចិញ្ចឹម​ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ការ​ប្រកប​របរ​របស់​ជនជាតិ​ដើម​ភាគតិច ក្នុង​ខេត្តមណ្ឌលគិរី​កំពុង​តែ​ប្រឈម​នឹង​ការ​ផុត​ពូជ​ដោយសារ​តែ​ជំនឿ​យ៉ាង​តឹងរ៉ឹង​របស់​ជនជាតិ​ដើម​ព្នង ។ ជនជាតិ​ដើម​ព្នង​មួយ​ចំនួន​នៅ​ក្នុងភូមិ​ពូ​លូ​ង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា វប្បធម៌​របស់​ជនជាតិ​ព្នង​ទាក់ទិន​ទៅ​នឹង​សត្វ​ដំរី​នោះ គឺ​មិន​ឱ្យ​ដំរី​មានកូន​ដោយ​មិន​ទាន់​រៀប​ការ​ទេ ហើយ​ការ​រៀប​ការ​នោះ​អាច​ធ្វើ​ពិធី​ធំ​ជាង​ពិធី​រៀប​ការ​របស់​មនុស្ស​ទៅ​ទៀត ។

ប្រសិនបើ​ចង់​ឲ្យ​ដំរី​មានកូន លុះត្រាតែ​បាន​រៀបចំ​ពិធីសែនព្រេន​ឲ្យ​វា ក៏​ដូច​ជា​រៀបចំ​ពិធីជប់លៀង​ដ៏​ធំ​មួយ​នៅ​ក្នុងភូមិ​ស្រុក ទើប​អាច​ឱ្យ​វា​មានកូន​បាន ព្រោះ​មាន​ជំនឿ​ថា បើ​ដំរី​ណាមួយ​ដោយ​ញី​ឈ្មោល ដោយ​ចៃដន្យ ឬ​ប្រការ​ណាមួយ មិន​បាន​រៀបចំ​ពិធីការ​ឲ្យ​វា​នោះ​នឹង​មាន​គ្រោះអាក្រក់​ចង្រៃ​ដល់​អ្នក​ស្រុកភូមិ​មិន​ខាន ។

ពិធី​រៀប​ការ ឬ​សែន​ជូន​សត្វ​ដំរី តម្រូវ​ឲ្យ​កាប់​គោ ក្របី ជ្រូក មាន់ ទា រាប់រយ​ក្បាល រួម​មាន​ទាំង​ស្រា​ពាង​ជា​ច្រើន​ទៀត​ផង ដើម្បី​ទទួលភ្ញៀវ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ នៅ​ពេល​ដំរី​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពពោះ គឺ​ពួក​គេ​មិន​អាច​យក​ដំរី​នោះ​ទៅ​ប្រើប្រាស់​សម្របសម្រួល​ជីវភាព​គ្រួ​សារបាន​ទេ ។ រយៈពេល​នៃ​ការ​ពពោះ​របស់​សត្វ​ដំរី គឺ​ដល់​ទៅ​ជាង​ពីរ​ឆ្នាំ​ឯណោះ ។

ចំណែក​អ្នក​ដែល​មាន​ដំរី​ឈ្មោល ប្រសិនបើ​មានការ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​ដំរី​របស់​ខ្លួន​ទៅ​ពាក់​ដំរី​ញី​របស់​គេ​នោះ​នឹង​ត្រូវ​ម្ចាស់​ដំរី​ញី​លក់ (​តម្រូវ​ឲ្យ​រៀបចំ​ពិធីការ​ឲ្យ​ដំរី​នោះ​) ប្រសិនបើ​អ្នក​នោះ​មិន​ព្រម​ធ្វើ​តាម​ប្រពៃណី​ទេ​នោះ អ្នកស្រុក​ប្រាកដជា​ដេញ​ម្ចាស់​ដំរី​នោះ​ចេញពី​ស្រុកភូមិ​ជាក់​ជា​មិន​ខាន ។

សព្វ​ថ្ងៃនេះ​ដំរី​ទាំងអស់​ក្នុង​ខេត្តមណ្ឌលគិរី​ត្រូវ​គេ​ចិញ្ចឹម​ដើម្បី​ប្រើ​ការ​ដឹក​ជញ្ជូន​កសិផល​ពី​ក្នុង​ព្រៃ មួយ​ចំនួន​ទៀត​គេ​យក​ដាក់​ឲ្យ​អ្នកទេសចរ​មើល​កម្សាន្ត​យក​ប្រាក់​កម្រៃ​ដើម្បី​ដោះស្រាយ​ជីវភាព ។

ភ្នាក់ងារ​ម​គ្គុ​ទេ្ទ​ស​ទេសចរណ៍​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ពួក​គាត់​កំពុង​តែ​ព្យាយាម​បញ្ចុះបញ្ចូល​ដល់​ជនជាតិ​ព្នង​ដែល​មាន​ដំរី​ឲ្យ​បន្ត​ពូជ​ដល់​វា ព្រមទាំង​កំពុង​ស្វែងរក​ជំនួយ​ដើម្បី​ធ្វើ​ពិធី​ផង​ដែរ ។ ប្រសិនបើ​នៅ​តែ​ដូច្នេះ​នឹង​ត្រូវ​បាត់បង់​កម្មវិធី​មើល​ដំរី ដែល​ជា​ផ្នែក​មួយ​ទាក់ទាញ​អ្នកទេសចរ​អន្តរជាតិ ឲ្យ​ចង់ទៅ​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរី ដោយសារ​តែ​ដំរី​ស្រុក​ត្រូវ​ផុត​ពូជ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​លោក​ងិ​ន សុ​វិមាន ថ្លែង​ថា «​ជា​រៀងរាល់ថ្ងៃ​មាន​អ្នកទេសចរ​អន្តរជាតិ​ជា​ច្រើន​ក្រុម​ធ្វើ​ដំណើរ​មក​ខេត្តមណ្ឌលគិរី ក្នុង​គោលបំណង​ចម្បង ដើម្បី​ទស្សនា​សត្វ​ដំរី និង​ជីវភាព​រស់នៅ​របស់​ជនជាតិភាគតិច​ព្នង ។ ពួក​គេ​ចូល​ចិត្ត​ផ្តល់​ចំណី និង​មុជទឹក​ជាមួយ​ដំរី ឯ​អ្នកខ្លះ​ចូល​ចិត្ត​ធ្វើ​ដំណើរ​ចូល​ក្នុង​ព្រៃ​ជ្រៅ និង​ស្នាក់​នៅ​ជាមួយ​បងប្អូន​ជនជាតិ​ដើម​ភាគតិច ។ ស្ទើរ​៩០%​ទៅ​៩៥%​ហើយ​សុទ្ធតែ​ជនបរទេស​ជួល​ដំរី​ជិះ មិនសូវ​មាន​ជនជាតិ​ខ្មែរ​ទេ​» ។

ដំរី​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរី មាន​ចំនួន​ជិត​២០​ក្បាល ក្នុង​នោះ​ដំរី​៥​ក្បាល​នៅ​ភូមិ​ពូ​លូ​ង ចម្ងាយ​ប្រហែល​៨​គីឡូម៉ែត្រ ពី​ទីរួមខេត្ត និង​នៅ​ភូមិ​ពូ​តាំង ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត មាន​ដំរី​១២​ក្បាល ។ ដំរី​ទាំងនោះ​ជា​កម្មសិទ្ធិ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ។ ចំណែក​តម្លៃ​ក្នុង​ការ​ជួល​ជិះ​មួយ​ថ្ងៃ​សម្រាប់​អ្នកទេសចរ​បរទេស​ចាប់ពី​១៤០.០០០​រៀល​ឡើង​ទៅ និង​ចំពោះ​ជនជាតិ​ខ្មែរ​ចាប់ពី​តម្លៃ​៦០.០០០​រៀល​ឡើង​ទៅ ៕