ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម ដោយ​មាន​ស្នាម​របួស​កាប់​នឹង​ពូថៅ​ជា​ច្រើន​កន្លែង​មិនមែន​កាប់​ឱ្យ​រាង​ទេ គឺ​កាប់សម្លាប់​តែ​ម្ដង ។ ការ​ស្លាប់​នេះ ត្រុ​វ​បាន​ប្រភព​រាយការណ៍​ឱ្យ​ដឹង​ថា គឺ​បណ្ដាល​មក​ពី​មាន​ទំនាស់​ជាមួយ​ភាគី​ម្ខាង​ទៀត ពី​បញ្ហា​ស្នេហា​ត្រីកោណ ដណ្ដើម​បេះដូង​ស្ដ្រី​ម្នាក់​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ខ្លួន ។ ទីបំផុត​ស្នេហា​ជាន់​លេខ​រៀង​នេះ​ម្នាក់​ស្លាប់ ម្នាក់​ក្លាយជា​អ្នកទោស​រត់គេច​ខ្លួន​បាត់​ចោល​ប្រពន្ធ​កូន និង​ផ្ទះសម្បែង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១ មីនា វេលា​ម៉ោង​៨​និង​១០​នាទី​យប់​នៅ​ចំណុច​ក្នុងភូមិ​ចាំ​ស្រី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ។ តាម​ប្រភព​ពី​កន្លែង​កើត ហេតុ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ករណី​មនុស្សឃាត​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ឈ្មោះ ខេន វ៉ា​ន់  អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ជា​ភូមិ​ជាប់​គ្នា​នឹង​ភូមិ​ចាំ​ស្រី​ជា​កន្លែង​កើតហេតុ ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា បាន​ប្រើ​ពូថៅ​កាប់​ទៅ​លើ​ឈ្មោះ ភួ​ន វិចិត្រ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ប្រសិទ្ធ ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ គឺ​កាប់​ចំ​ក្បាល​ចំនួន​៥​កន្លែង និង​ស្មា​១​កន្លែង​បណ្ដាល​ឱ្យ ភួ​ន វិចិត្រ ស្លាប់​ក្នុង​ថ្លុកឈាម ។ រីឯ​ជន​ជន​ដៃដល់​ក្រោយ​កាប់​ប្រហារ​ហើយ បាន​ឡើង​ជិះ​ម៉ូតូ​របស់​ខ្លួន​សំដៅ​ទៅ​ផ្ទះ ហើយ​បាន​ដូរ​ដី​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ក្នុង​ករណី​មនុស្សឃាត​កាប់​ប្រហារ​គូប​ដិ​បក្ស​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​នេះ  គឺ​កើតឡើង​ពី​ទំនាស់​រឿង​ស្នេហា​រវាង​បុរស​២​នាក់ ស្រឡាញ់​ស្ដ្រី​ម្នាក់ ឈ្មោះ ជី គៀង អាយុ​៥៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ ។ ចំពោះ​ទំនាស់​រវាង​ជន​ដៃដល់ និង​ជន​រង​គ្រោះ​ដណ្តើម​បេះដូង​ស្ត្រី​ម្នាក់​នេះ ត្រូវ​បាន​ប្រភព​ឱ្យ​ដឹង​ថា គេ​មិន​បានដឹង​ពី​ទំនាក់ទំនង​ស្នេហា​ត្រីកោណ​រវាង​អ្នក​ទាំង​៣ ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ កើតឡើង​តាំងពី​ពេល​ណា ឬ​ដោយ​របៀប​ណា​នោះ​ទេ ទើប​ស្ត្រី​ចំណាស់​ត្រូវ​បុរស​ទាំង​២​តាម​ស្រលាញ់ ខណៈ​ដែល​ខ្លួន​មាន​ប្រពន្ធ​កូន​ទៅ​ហើយ​នោះ ។ ទោះជា​បែប​ណា គេ​បានដឹង​ថា បុរស​ទាំង​ពីរ​បាន​ទទួល​ខ្លួន​ស្ត្រី​រូប​នេះ​រៀង​ៗ​ខ្លួន ដោយសារ​ស្ត្រី​មេ​មា​៉​យ​ចំណាស់​នេះ​គាត់​នៅផ្ទះ​តែ​ម្នាក់ឯង ហើយ​ដាច់​ឆ្ងាយ​ពី​គេ ។ ចំណែក​កូនចៅ​ចេញ​ទៅ​រកស៊ី​នៅ​ស្រុក​ឆ្ងាយ​អស់ហើយ ។

ចំពោះ​ការ​កាប់​ប្រហារ​ដល់​ស្លាប់​នេះ គឺ​អាច​បណ្តាល​មក​ពី​ជន​ដៃដល់​ចង់​យក​ស្ត្រី​រូប​នេះ​មក​កាន់កាប់​ផ្ទាល់ខ្លួន ដោយ​មិន​ចង់ឱ្យ​បុរស​ម្នាក់​មក​ជ្រៀតជ្រែក ប៉ះពាល់​ខ្លួន ប្រាណ​ស្ត្រី​សំណព្វចិត្ត​របស់​ខ្លួន​តែ​ម្នាក់ឯង ទើប​ឈាន​ដល់​សម្លាប់​ចោល​កុំឱ្យ​ទើសមុខទើសមាត់​តទៅ​ថ្ងៃ​មុខ​ទៀត​។ ប្រភព​បាន​បន្ត​ទៀត​ថា ស្ត្រី​ដែល​បុរស​ទាំង​ពីរ​នាក់​នេ​ប​និត្យ ចង់​ទាញ​យក​មក​អង្គៀ​ម​ផ្តាច់មុខ គឺជា​ស្ត្រី​មាន​សតិ​មិនសូវ​ល្អ​ទេ ។ គេ​មិន​បានដឹង​ថា រវាង​បុរស​ទាំង​ពីរ​នាក់​នេះ តើ​នរណា​បាន​ខ្លួនប្រាណ​ស្ត្រី​រូប​នេះ​មុន​នោះ​ឡើយ ។ ប៉ុន្តែ​បើ​តាម​សាច់​រឿង​ដែល​បុរស​ចំណាស់​អាយុ​៦៥​ឆ្នាំ ក្លាយ​ខ្លួន​ជា​ឃាតករ​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ អាងយ៉ាង​រារាំង​ទុក​សម្រាប់​តែ​ខ្លួនឯង​ម្នាក់​នេះ ទំនងជា​គាត់​បាន​រួមសុខ​ជាមួយ​ស្ត្រី​រូប​នេះ​មុន ។ ចំណែក​បុរស​ដែល​ស្លាប់​ទំនងជា​អ្នក​ចូល​មក​ចែចូវ​តាម​ក្រោយ (​ហ៊ាន​លូក​ថ្លើម​អញ​) ទើប​គាត់​មាន​កំហឹង​បែប​នេះ ។

ជា​ការ​ពិត ស្ត្រី​ទេពអប្សរ​របស់​គាត់ ទោះបី​មិន​ស្រស់​ស្អាត​សម្រាប់​ភ្នែក​នរណា​ម្នាក់​ក្តី តែ​សម្រាប់​បុរស​ទាំង​២ គឺជា​ស្រី​ស្រស់ មិន​ខុស​ពី​ឃ្លាន​ឆ្ងាញ់​ស្រឡាញ់​ល្អ​ឡើយ ៕